ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​រុ​ស្សី ជួប​ពិភាក្សា​ការងារ​ទ្វេភាគី ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ

3 ខែ មុន

ទីក្រុងឌុ​យ​បៃ សហភាព​អា​រ៉ាប់​រួម ៖ នា​ព្រឹក​ថ្ងៃ​ទី ២៦ ខែមករា ឆ្នាំ ២០២២ ក្នុង​ឱកាស​ចូលរួម​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​ជាតិ​កម្ពុជា ក្នុង​ព្រឹត្តិការ​ណ៏​ពិព័រណ៍​ពិភពលោក​២០២០…

ទីក្រុងឌុ​យ​បៃ សហភាព​អា​រ៉ាប់​រួម ៖ នា​ព្រឹក​ថ្ងៃ​ទី ២៦ ខែមករា ឆ្នាំ ២០២២ ក្នុង​ឱកាស​ចូលរួម​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​ជាតិ​កម្ពុជា ក្នុង​ព្រឹត្តិការ​ណ៏​ពិព័រណ៍​ពិភពលោក​២០២០ នៅ​ទីក្រុង​ឌុ​យ​បៃ សហភាព​អា​រ៉ាប់​រួម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ប្រធាន​គណ​:​កម្ម​ការ​អន្តរក្រសួង ដើម្បី​រៀបចំ​-​ចូលរួម​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ និង​ជា​អគ្គស្នងការ​របស់​កម្ពុជា​សម្រាប់​ពិព័រណ៍​ពិភពលោក ២០២០ ឌុ​យ​បៃ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​ឯកឧត្តម​អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​រុ​ស្ស៊ី ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា និង​សហព័ន្ធ​រុ​ស្ស៊ី ។

ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​របស់​ឯកឧត្តម​អនុរដ្ឋមន្ត្រី និង​សហការី ដែល​បាន​ចំណាយពេល​វា​ដ៏​មាន​តម្លៃ ចូលរួម​កិច្ច​ជំនួប​ទ្វេភាគី ដ៏​មាន​សារៈសំខាន់​នេះ និង​បាន​សម្តែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ចំណងមិត្តភាព កិច្ច​សហប្រតិបត្តិការ​ល្អ ព្រមទាំង​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​នានា​ដែល​សហព័ន្ធ​រុ​ស្ស៊ី​បាន​ផ្ដល់​ជូន​កម្ពុជា​កន្លង​មក ជា​ពិសេស​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​សហព័ន្ធ​រុ​ស្ស៊ី ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​អំពី​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​រយៈពេល​ពីរ​ទស្ស​វត្ស​ចុង​ក្រោយ​នេះ និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម ការ​ទាក់ទាញ​ការ​វិនិយោគ និង​ការ​ចរចា​បើក​ច្រក​ទីផ្សារ​ថ្មី​ៗ ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ ក៏​ដូច​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ដែល​កម្ពុជា​សម្រេច​បាន​នា​ពេល​ថ្មី​ៗ​នេះ រួម​មាន ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ជាដើម ។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្ត​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្ពុជា​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ទូ​ទាំង​ប្រទេស បាន​ប្រមាណ ៩០​ភាគរយ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់ផ្តើម​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ និង​បើក​ប្រទេស​ឡើង​វិញ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ និង​ទេសចរណ៍ សំដៅ​ស្តារ​សកម្មភាព​សេដ្ឋកិច្ច​ទ្បើ​ង​វិញ ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សំណូមពរ​ឱ្យ​ធុរជន និង​អ្នក​ទេសចរណ៍​របស់​សហព័ន្ធ​រុ​ស្ស៊ី មក​ធ្វើ​ទស្សនៈកិច្ច និង​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​អាទិភាព​មួយ​ចំនួន ដូច​ជា​វិស័យ​ផលិត​យានយន្ត​កសិកម្ម វិស័យ​ផលិត និង​កែ​ច្នៃ​ម្ហូបអាហារ វិស័យ​ដឹក​ជញ្ជូន​និង​ភស្តុ​ភារ វិស័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​វិស័យ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ជាដើម​។

ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏​បាន​ស្នើ​ឱ្យ​ភាគី​រុ​ស្ស៊ី ជួយ​ជំរុញ​ការ​ចរចា​បញ្ចប់​ឱ្យ​បាន​ឆាប់​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី (EAEU) នា​ពេល​ខាង​មុខ ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​អនុរដ្ឋមន្ត្រី​រុ​ស្ស៊ី​បាន​ទទួលយក​សំណើរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​កម្ពុជា ដោយ​សន្យា​ថា នឹង​ពាំនាំ​យក​សំណើ​របស់​កម្ពុជា​ទៅ ផ្សព្វផ្សាយ​ជូន​ធុរជន អ្នក​ទេសចរណ៍​របស់​សហព័ន្ធ​រុ​ស្ស៊ី ដើម្បី​មក​ធ្វើ​ទស្សនៈកិច្ច និង​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ។

ឯកឧត្តម​អនុរដ្ឋមន្ត្រី​បន្ត​ថា ភាគី​រុ​ស្ស៊ី​នឹង​បន្ត​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន ដោយ​ស្នើ​ឱ្យ​វិស័យ​ពាក់ព័ន្ធ​នានា ដូច​ជា​វិស័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា វិស័យ​ផលិត​យានយន្ត​កសិកម្ម វិស័យ​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​កម្ម និង​វិស័យ​អប់រំ ជាដើម ធ្វើ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​អនុរដ្ឋមន្ត្រី​ក៏​បាន​សម្ដែង​ការ​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​សម្រេច​បាន​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ និង​បាន​កោតសរសើ​ពី​ពន្លា​ជាតិ​កម្ពុជា ដែល​បាន​រៀបចំ​ឡើង​ប្រកបដោយ​ភាព​ទាក់ទាញ ដោយ​បាន​បង្ហាញ​ពី​ប្រពៃណី វប្បធម៌​ដ៏​ល្អ​ផូរផង់ និង​យូរអង្វែង​របស់​កម្ពុជា ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​អនុរដ្ឋមន្ត្រី​បាន​សំណូមពរ​ឱ្យ​មាន​ទំនាក់ទំនង​គ្នា​ដោយ​ផ្ទាល់ រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ជាមួយ​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​រុ​ស្ស៊ី ដើម្បី​ពង្រឹង​សកម្មភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​មាន​កំណើន​ប្រកបដោយ​ចីរភាព ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាជន​ទាំង​ពីរ​ប្រទេស​។ ឯកឧត្តម​អនុរដ្ឋមន្ត្រី​ក៏​បាន​អញ្ជើញ ឯកឧត្តម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​សហព័ន្ធ​រុ​ស្ស៊ី នា​ពេលវេលា​សម​ស្រប​នា​ពេល​ខាង​មុខ ផង​ដែរ​។

នៅ​កិច្ចបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​បាន​ទទួលយក​សំណើរ​ទៅ​ទស្សនៈកិច្ច​នៅ​សហព័ន្ធ​រុ​ស្សី នា​ពេល​ខាង​មុខ ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​សម្រេច​បាន​លទ្ធផល​ល្អ និង​ទទួល​បាន​ផ្លែផ្កា​តាម​ការ​រំពឹង​ទុក ៕

Picture
Picture
Picture
Picture
Picture