ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោះ​កូន​មិន​បាន រត់​ចូល​ឡាន​ប៉ង​ធ្វើ​អត្តឃា.ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​កាន់​លុយ​ចំនួន​៦០០​ដុល្លារ​ទៅ​លោះ​យក​កូនស្រី​បង្កើត​របស់​ខ្លួន ដែល​ត្រូវ​ប្ដី​លួច​យក​ទៅ​លក់​ឲ្យ​អ្នក​ដទៃ​ទៀត​តាំងពី​កូនស្រី​នោះ​ទើបបាន​អាយុ​៤​ខែ​មក​ម្ល៉េះ​ ហើយ​នាង​បាន​និយាយ​ថា

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​កាន់​លុយ​ចំនួន​៦០០​ដុល្លារ​ទៅ​លោះ​យក​កូនស្រី​បង្កើត​របស់​ខ្លួន ដែល​ត្រូវ​ប្ដី​លួច​យក​ទៅ​លក់​ឲ្យ​អ្នក​ដទៃ​ទៀត​តាំងពី​កូនស្រី​នោះ​ទើបបាន​អាយុ​៤​ខែ​មក​ម្ល៉េះ​ ហើយ​នាង​បាន​និយាយ​ថា ប្ដី​បាន​លាក់លៀម​ទីតាំង​ដែល​យក​កូន​ទៅ​លក់​នោះ រហូត​មិន​ព្រម​ប្រាប់​ឡើយ ទោះជា​នាង​ខំ​សួរ​យ៉ាងណា​ក៏​មិន​ព្រម​ប្រាប់​ដែរ ។ ទើបតែ​មួយ​រយៈពេល​ក្រោយ​នេះ នាង​បាន​ស្រាវជ្រាវ​រក​ហើយ​បានឃើញ ក៏​បាន​ខំ​សន្សំ​លុយ​ទម្រាំ​តែ​បាន​ចំនួន​៦០០​ដុល្លារ​យក​ទៅ​លោះ​យក​កូន​នោះ​វិញ ប៉ុន្តែ​ត្រូវ​អ្នក​ដែល​ទិញ​យក​ទៅ​ចិញ្ចឹម​នោះ បដិសេធ​មិន​ព្រម​ឲ្យ​វិញ​ឡើយ ។ បន្ទាប់​មក​នាង​បាន​ទៅ​ប្ដឹង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ឲ្យ​ជួយ ប៉ុន្តែ​ពេល​នោះ​អាជ្ញាធរ​បាន​ពន្យល់​ពី​ការ​ដែល​នាង​បោះបង់​កូន​ចោល រហូត​ដល់​ទៅ​ជិត​៦​ឆ្នាំ​ហើយ ទើប​ចង់បាន​វិញ​បែប​នេះ ពិបាក​នឹង​ធ្វើការ​ណាស់ ស្រាប់តែ​នាង​ធ្វើ​ដំណើរ​ចាក​ចេញពី​សាលាសង្កាត់​រួច​រត់​ចូល​រថយន្ត​ប៉ុនប៉ង​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​មន្ត្រី និង​ជំនួយការ​សង្កាត់​ចោម​ចៅ បាន​នាំ​គ្នា​ជួយ​ទើប​ផុត​ពី​សេចក្ដីស្លាប់ ។

ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សាលាសង្កាត់​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​នោះ​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ មាន​រូប​សម្រស់​ស្រស់​ស្អាត ហើយ​ទោះជា​ព្យាយាម​សួរ យ៉ាងណា​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​របស់​ខ្លួន និង​ឈ្មោះ​របស់​ប្ដី​នាង​ដែរ ដោយ​គ្រាន់តែ​ប្រាប់​ថា នាង​មានកូន​ចំនួន​៣​នាក់ ក្នុង​នោះ​កូនស្រី​ទី​១ ត្រូវ​ប្ដី​លួច​យក​លក់​ឲ្យ​គេ​ក្នុង​តម្លៃ​៦០០​ដុល្លារ តាំងពី​កើតមក​បាន​អាយុ​៤​ខែ​មក​ម្ល៉េះ គឺ​លក់​ក្នុង​ខណៈ​ពេល​ដែល​រូប​នាង និង ប្ដី​ខាងលើ​មាន​ទំនាស់​គ្នា ហើយ​នាង​បានរ​ត់ទៅ​ស្រុក​កំណើត​នៅ​ក្នុង​ខេត្តកំពង់ចាម​រយៈពេល​១​អាទិត្យ ហើយ​កាល​ណោះ​មិន​ទាន់​មានកូន​ទី​២ និង​ទី​៣​នៅឡើយ ។ លុះ​ពេល​នាង​ត្រឡប់​មក​ផ្ទះ​វិញ​បាត់​កូន ត្រូវ​បាន​ប្ដី​ប្រាប់​ថា យក​កូន​លក់​ឲ្យ​គេ​បាត់​ហើយ ខណៈនោះ​នាង​បាន​ជជីក​សួរ​ពី​ទីកន្លែង​លក់​កូន​ដែរ ប៉ុន្តែ​ប្ដី​មិន​ព្រម​ប្រាប់​ទេ គឺ​បាន​លាក់​រហូត ហើយ​នាង និង ប្ដី​មិន​បាន​ចែកផ្លូវ​គ្នា​ទេ គឺ​រស់នៅ​ជាមួយ​គ្នា​រហូត​មានកូន​២​នាក់​ទៀត ។

ស្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នាង​រស់នៅ​ក្នុង​អារម្មណ៍​នឹក​កូន​ជា​និច្ច បើ​ទោះបី​ប្ដី​មិន​ព្រម​ប្រាប់​ក៏​នាង​នៅ​តែ​ព្យាយាម​ស្រាវជ្រាវ​រក​អ្នក​ដែល​យក​កូន​នាង​ទៅ​ចិញ្ចឹម​ដដែល លុះ​ក្រោយមក​ទើប​រក​ឃើញ​នៅ​ក្នុងភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ខណៈនោះ​នាង​បាន​ខំ​សន្សំ​លុយ​រហូត​បាន​គ្រប់​ចំនួន​៦០០​ដុល្លារ លុះដល់​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៦ នាង​បាន​ទៅ​សុំ​លោះ​យក​កូន​មក​វិញ ប៉ុន្តែ​ត្រូវ​បាន​អ្នកទិញ​យក​ទៅ​ចិញ្ចឹម​នោះ​មិន​ព្រម​ឲ្យ​វិញ​ឡើយ ដោយ​បាន​និយាយ​ថា គាត់​ខំ​ចិញ្ចឹម​ជិត​៦​ឆ្នាំ​ហើយ គឺ​ទុកជា​កូនបង្កើត​របស់​គាត់ មិន​អាច​ប្រគល់​ឲ្យ​វិញ​បាន​ឡើយ ហើយ​បើ​ចង់​យក​វិញ​ទាល់តែ​មាន​១៥០០​ដុល្លារ ។ ទើប​ពេល​នេះ​នាង​បានរ​ត់រក​អាជ្ញាធរ​ឲ្យ​ជួយ ប៉ុន្តែ​ដោយ​អាជ្ញាធរ​មិន​អាច​ជួយ​បាន ទើប​នាង​មិន​ចង់​រស់ ចង់​សម្លាប់​ខ្លួន ឲ្យ​ផុត​ពី​លោក​នេះ​តែ​ម្ដង ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​មានរឿង​បែប​នេះ អាជ្ញាធរ​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ហើយ​អ្នក​ទទួល​ចិញ្ចឹម​កូន​នោះ បាន​ឲ្យ​មើល​ឯកសារ គឺ​មិនមែន​ជា​ការ​ទិញ​លក់​នោះ​ឡើយ ការយ​កកូន​នោះ​ទៅ​ចិញ្ចឹម គឺ​មានការ​ដឹង​ឮ​ពី​អាជ្ញាធរ​ភូមិ ដោយសារ​ខណៈនោះ​បុរស​ជា​ឪពុក​មិន​មាន​លទ្ធភាព​ចិញ្ចឹម ទើប​យក​កូន​នោះ​ទៅ​ប្រគល់​ឲ្យ​គ្រួសារ​មួយ​នោះ មាន​ធនធាន​ជីវភាព​គួរសម​ជួយ​ចិញ្ចឹម ដោយ​គ្មាន​ការ​ទាមទារ​យក​វិញ​ឡើយ ទើប​គ្រួសារ​នោះ​ព្រម​ទទួលយក​ទៅ​ចិញ្ចឹម ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត​៦​ឆ្នាំ​ហើយ ។

ដោយឡែក ស្ត្រី​ខាងលើ ក្រោយ​ពី​មន្ត្រី​សាលាសង្កាត់ អប់រំ និង​ប្រាប់​ថា មិន​ត្រូវ​ស្លាប់​ទេ នាង​នៅ​មានកូន​២​នាក់​ទៀត ហើយ​កូន​ម្នាក់​ដែល​ឲ្យ​គេ​ចិញ្ចឹម​នោះ​មាន​សេចក្ដីសុខ និង​រស់នៅ​ក្នុង​គ្រួសារ​អ្នកមាន​ផង ទើប​នាង​សុខចិត្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕