ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលនយោបាយ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្ដល់​ប្រយោជន៍​ដល់​ឧស្សាហកម្ម​អចលនទ្រព្យ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អាជ្ញាធរ​ឧស្សាហកម្ម​អចលនទ្រព្យ​ថៃ (IEAT) បាន​និយាយ​ថា ដី​អភិវឌ្ឍន៍​ប្រមាណ​២៨០​ហិ​កតា​ត្រូវ​បាន​លក់​ចេញ​នៅ​ឆមាស​ទី​១ និង​រំពឹង​ថា ការ​លក់​នៅ​ឆមាស​ទី​២ នឹង​កាន់តែ​ប្រសើរ​ជាង​នេះ​ទៀត

ប្រទេស​ថៃ ៖ អាជ្ញាធរ​ឧស្សាហកម្ម​អចលនទ្រព្យ​ថៃ (IEAT) បាន​និយាយ​ថា ដី​អភិវឌ្ឍន៍​ប្រមាណ​២៨០​ហិ​កតា​ត្រូវ​បាន​លក់​ចេញ​នៅ​ឆមាស​ទី​១ និង​រំពឹង​ថា ការ​លក់​នៅ​ឆមាស​ទី​២ នឹង​កាន់តែ​ប្រសើរ​ជាង​នេះ​ទៀត  ដោយ​យោង​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដើម្បី​គាំទ្រ​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZs)​។

នាយក​គ្រប់គ្រង IEAT លោក Verapong Chaiperm បាន​និយាយ​ថា ការ​លក់​នៅ​ឆមាស​ដំបូង​មាន​ចំនួន​ច្រើន​ជាង​គោលដៅ ដែល​បាន​កំណត់​ចំនួន​២៤០​ហិ​កតា ។

កំណើន​នៃ​ការ​លក់​ដី​នេះ បណ្តាល​មក​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដើម្បី​គាំទ្រ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ផែនការ​លើកកម្ពស់​ឧស្សាហកម្ម​គោលដៅ​ជា​ច្រើន ។ សិទ្ធិ​មួយ​ចំនួន​ដែល​ផ្តល់​ដោយ​ក្រុមប្រឹក្សា​វិនិយោគ  បាន​ជួយ​ទាក់ទាញ​អ្នកទិញ​ដែល​កំពុង​ស្វែងរក​ដី​សម្រាប់​អាជីវកម្ម និង​ការ​វិនិយោគ ។

ក្រុមប្រឹក្សា​វិនិយោគ​បាន​ផ្តល់​ជំនួយ និង​សិទ្ធិ​ចំពោះ​ឧស្សាហកម្ម​គោលដៅ​ចំនួន​១០ ដែល​ត្រូវ​បាន​ចាត់ទុកជា​ឧស្សាហកម្ម​ជំនាន់​ក្រោយ​។ ឧស្សាហកម្ម​គោលដៅ​ទាំង​១០​រួម​មាន រថយន្ត អេ​ឡិច​ត្រូ​និក​ឆ្លាត​វៃ ទេសចរណ៍ កសិកម្ម​និង​ជីវ​ប​ចេ្ច​ក​វិទ្យា អាហារ មនុស្ស​សម្រាប់​ឧស្សាហកម្ម ការ​ដឹក​ជញ្ជូន​និង​អាកាសចរណ៍ ជីវ​ឥន្ធនៈ​និង​ជីវគីមី ឌី​ជី​ថ​ល និង​វេជ្ជសាស្ត្រ ។

លោក Verapong  បាន​លើក​ឡើង​ថា ៖ «​គោលនយោបាយ​ច្បាស់លាស់​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ការ​វិនិយោគ បាន​បង្កើន​ទំនុកចិត្ត និង​ជំរុញ​ការ​វិនិយោគ​ដល់​វិនិយោគិន​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ថៃ » ។

យោង​តាម​ផែនការ​នេះ រដ្ឋាភិបាល​បាន​និង​កំពុង​លើក​ស្ទួយ​ការ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ខ្លួន ជាមួយនឹង​ដំណាក់​ដំបូង​ដែល​ចាប់ផ្តើម​ពី​ខេត្ត​គោលដៅ​មួយ​ចំនួន​ដូច​ជា ខេត្ត​ត្រា​ត​, ស្រះ​កែវ​, ណ​ង​ខៃ​, សុង​ក្លា និង​ខេត្ត​តាក​។ ការ​សាងសង់​ដំណាក់កាល​ទី​១ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ឆ្នាំ​ក្រោយ ហើយ​ប្រតិបត្តិការ​នៃ​ដំណើរការ​ឧស្សាហកម្ម​នេះ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៨ ។

លោក Verapong  បាន​និយាយ​ថា IEAT បាន​រៀបចំ​ដី​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស ដើម្បី​បម្រើ​តម្រូវការ​កើនឡើង​ទាំង​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក ។

ដោយ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​រដ្ឋាភិបាល ថៃ​បាន​ក្លាយជា​ប្រទេស​មួយ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​វិនិយោគ​។ ជាមួយនឹង​ទីតាំង​ប្រទេស​ស្ថិត​នៅ​កណ្តាល​នៃ​បណ្តា​ប្រទេស​អាស៊ាន​ផង​នោះ ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​មូលដ្ឋាន​ផលិតកម្ម​ល្អ​បំផុត​សម្រាប់​ឧស្សាហកម្ម​ជា​ច្រើន ។

លោក Verapong  បន្ថែម​ថា ៖ « IEAT បាន​រៀបចំ​ផ្ទៃដី​ចំនួន​៣០.០០០​រ៉ៃ (៤.៨០០​ហិ​កតា​) ដែល​ភាគច្រើន​ស្ថិត​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស សម្រាប់​គោលនយោបាយ​ដើម្បី​លើកកម្ពស់​ការ​វិនិយោគ និង​ពាក់កណ្តាល​នៃ​ផ្ទៃដី​ទាំងនោះ​បាន​និង​កំពុង​អភិវឌ្ឍន៍​ជា​បណ្តើរ​ៗ​ហើយ » ។

លោក Verapong  បាន​និយាយ​ថា វិនិយោគិន​ទាំងអស់​កំពុង​ចាប់អារម្មណ៍​ទៅ​លើ​ផ្នែក​ខាងកើត​នៃ​ប្រទេស​ថៃ ដោយហេតុ​ថា ការ​ដឹក​ជញ្ជូន និង​ប្រព័ន្ធ​ទូរគមនាគមន៍​នៅ​តំបន់​នោះ​មាន​ភាពល្អ​ប្រសើរ រួម​មាន​កំពង់​ផែ​សមុទ្រ​មាន​ជម្រៅ​ជ្រៅ​ដែល​អាច​ពង្រីក​អាជីវកម្ម​បាន​។ ជា​លទ្ធផល ការ​វិនិយោគ​មាន​តម្លៃ​រហូត​ដល់ ២០០​ប៊ី​លាន​បាត ហើយ​គេ​រំពឹង​ថា ចំនួន​នេះ​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ ៕