រាជធានីភ្នំពេញ ៖ តាមរយៈពិព័រណ៍ពិភពលោកឆ្នាំ ២០២០ ដែលកំពុងរៀបចំធ្វើនៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម កម្ពុជាបានអំពាវនាវ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងវិនិយោគិននានា ដែលចង់ស្វែងរកឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជា ។ នៅចំពោះមុខអ្នកវិនិយោគពីបណ្តាប្រទេសជាច្រើនក្នុងសកលោក លោក ប៉ាន សូរស័ក្ដ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថែមទាំងបានស្វាគមន៍ទេសចរអន្តរជាតិទាំងទ្បាយ ដែលមានបំណងទៅទស្សនាកម្ពុជា ដើម្បីស្វែងយល់ពីសម្បត្តិវប្បធម៌ អរិយធម៌ និងធនធានធម្មជាតិដ៏សម្បូរបែប ដែលនៅមានឋិតថេរពីបុរាណរហូតមកដល់បច្ចុប្បន្ន ផងដែរ ។

ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំឡើងនៅតំបន់មជ្ឈឹមបូព៌ាមានរយៈពេល ០៦ ខែ ។ ពីព័រណ៍នេះបានបើកកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ នឹងបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ខាងមុខ ។ នៅក្នុងការចូលរួមពិព័រណ៍ពិភពលោកនេះកម្ពុជាសាងសង់ពន្លាមួយដើម្បីបង្ហាញីវប្បធម៌ និងសមិទ្ធផលរបស់ខ្លួនឱ្យអន្តរជាតិបានឃើញថា ព្រះរាជាណាចក្រកម្ពុជា គឺជាដែនដីសុវណ្ណភូមិដ៏ចំណាស់មួយនៅក្នុងតំបន់ឤស៊ីឤគ្នេយ៍ និងធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញជាប្រវត្តិសាស្ត្រតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន ។ ចាប់តាំងពីពេលបើកដំណើរការពិព័រណ៍មកពន្លាជាតិកម្ពុជាបានទទួលភ្ញៀវចូលទស្សនាចំនួន ១៧៤, ០១៨ នាក់ ។

កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមអបអរសាទរពិធីប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួមនោះ ដោយមានការអញ្ជើញចូលរួមពីលោក ថានី ប៊ីន អាម៉េដ អាល់ ហ្ស៊េរយូឌី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា-សហភាពអារ៉ាប់រួម ភ្ញៀវជាតិ អន្តរជាតិ តំណាងឱ្យប្រទេសនានា ព្រមទាំងអង្គការអន្តរជាតិធំៗ ជាង ៥០ បន្ថែមទៀត ។

ក្រៅពីការសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរ កម្មវិធីបង្ហាញមុខម្ហូបខ្មែរចំនួន ០២ មុខ គឺអាម៉ុកត្រី និងគុយទាវភ្នំពេញដោយចុងភៅកម្ពុជាមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា វេទិកានេះបានជំរុញការវិនិយោគ និងទេសចរណ៍កម្ពុជាផងដែរ ៕
ចែករំលែកព័តមាននេះ