ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ក្នុង​វិស័យ​វ៉ូ​វី​ណា​ម រហូត​ដល់​២៤​រូប បើក​ឆាកប្រយុទ្ធ ប្រជែង​យក​ពិន្ទុ​ពី​ក្រុម​បុរស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានចាប់​ផ្ដើម​យុទ្ធ​នា​ការ​ប្រ​កួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២១ របស់​

រាជធានីភ្នំពេញ ៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានចាប់​ផ្ដើម​យុទ្ធ​នា​ការ​ប្រ​កួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២១ របស់​ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២២ នៅ​ទីលាន​នៃ​សាកល​វិទ្យា​ល័យ ភូមិន្ទ ភ្នំពេញ ។ អ្វី​ដែល​គេ​កត់សម្គាល់​គែ​តួលេខ​ស្ត្រី​នៅ​ក្នុង​វិស័យ​នេះ គឺ​មានការ​កើនឡើង ដោយ​អ្នក​ចូល​ប្រកួត​លើ​គ្រប់​វិញ្ញាសារ​មាន​រហូត​ដល់​២៤​រូប ដោយ​តិច​ជា​តួលេខ​កីឡាករ តែ​១០​នាក់​ប៉​ណ្ណោះ ដែល​អាច​និយាយ​បាន​ស្ទើរតែ​មាន​តួលេខ​ប្រហាក់ប្រហែល​គ្នា​។ នេះ​ក៏​បង្ហាញ​ថា ស្ត្រី​កាន់តែ​ច្រើន កំពុង​វិវឌ្ឍន៍​ខ្លួន​នៅ​ក្នុង​កីឡា​មួយ​នេះ បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ផង​ដែរ​។

ឯកឧត្តម យ៉ាំ ថៃ​សាន អគ្គលេខាធិការ​សហព័ន្ធ បាន​ឲ្យ​ដឹង​ថា ការ​ប្រ​កួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ នឹង​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២ ដោយ​មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប​៨៦​នាក់ មក​ពី ៩​សមាគម​/​ក្លិប និង​ក្រ​សួង ក្នុង​នោះ​មាន​កីឡាករ​៣៤​នាក់ និង​កីឡាការិនី​២៤​នាក់ ។

ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​បាន​គូសបញ្ជាក់​ថា រយៈពេល​៣​ថ្ងៃ នេះ គឺជា​ឱកាស​សម្រាប់​បង្ហាញ​សមត្ថភាព និង​បច្ចេក ទេស​របស់​កីឡា​ករ​-​កីឡាការិនី​ម្នាក់​ៗ ដែល​ខិតខំ​ហ្វឹកហាត់​កន្លង​មក ។ ដូច្នេះ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​អ្នកចូលរួម​ទាំងអស់ ត្រូវ​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្ដើម​ជ័យ​លា​ភី ហើយ​អាជ្ញាកណ្ដាល​-​ចៅក្រម ក៏​ត្រូវ​បំពេញ​តួនាទី ភារកិច្ច​ប្រកបដោយ​ភាព​សច្ច និង​យុត្តិធម៌​ផង​ដែរ ។

ឯកឧត្តម​បន្ដ​ថា កីឡាករ​-​កីឡាការិនី​ដណ្ដើម​បាន​ជ័យលាភី និង​ធ្វើ​បាន​ល្អ​ក្នុង ការ​ប្រកួត​ថ្នាក់​ជាតិ​នេះ សហព័ន្ធ​នឹង​ធ្វើការ​ពិនិត្យ ដើម្បី​ជ្រើស​រើស​ចូល​រួម​ក្រុម​ជម្រើសជាតិ ដោយ​មិន​ប្រកាន់​ថា មក​ពី​សមាគម​/​ក្លិប ឬ​ខេត្ត​ណា​ឡើយ ។ ហេតុនេះ​កីឡាករ​-​កីឡាការិនី ត្រូវ​បញ្ចេញ​ឲ្យ​អស់​នូវ​សមត្ថភាព​ដែល​ខ្លួន​មាន ដើម្បី​មានឱកាស​ប្រកួត​តំណាង​ជាតិ ពិសេស​ត្រៀម​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា ស្រប​តាម​ពាក្យស្លោក​មួយ ដែល​សហព័ន្ធ​បាន​រំលេច​ក្នុង​វេទិកា​ប្រកួត​ប្រចាំឆ្នាំ​នេះ គឺ «​កម្ពុជា​ឆ្ពោះ​ទៅ​រក​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ នា​ឆ្នាំ​២០២៣» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ