រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ។

ការប្តេជ្ញានេះ ខណៈឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមអមដំណើរពីលោក Peter Brongers អគ្គនាយកក្រុមហ៊ុន HGB Group លោក James Zemke អគ្គនាយកក្រុមហ៊ុន Mercedes លោក Hy Ramy នាយកប្រតិបត្តិផ្នែកហិរញ្ញ វត្ថុក្រុមហ៊ុន HGB Group និងលោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធផងដែរ នៅព្រឹកថ្ងៃទី២៤ មករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ។

ជំនួបនេះ ផ្តោតការពិភាក្សាលើគោលនយោបាយសម្រាប់ការគាំទ្រសម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី (EV) នៅកម្ពុជា និងការជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ។
ថ្លែងក្នុងជំនួបនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) ក្នុងការចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូនកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើងស្ថានីយសាកថ្ម Evs ចំនួនប្រាំទីតាំង រួមមាន ៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងបណ្តារាជធានី-ខេត្តមួយចំនួនគម្រោង ដំឡើងស្ថានីយថ្ម EV នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ២០២២ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ PTT និងគម្រោងដំឡើងស្ថានីយសាកថ្ម EV នៅក្នុងរាជធានីចំនួន១០ ទីតាំង ដោយសហការជាមួយវិស័យឯកជនផងដែរ ។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតួនាទីនាំមុខ និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ និងបានបន្ថែមថា ៖ រាជរដ្ឋាភិបាលមានការបើកចំហរទូលំទូលាយដល់វិនិយោគិនទាំងក្នុងស្រុក ក៏ដូចជា ក្រៅស្រុកវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី ។
ជាមួយគ្នានោះផងដែរ គណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានសំណូមពរឱ្យក្រសួងជួយពិនិត្យ និងសម្របសម្រួលលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការដំឡើងឧបករណ៍ស្តង់ដារួម (យថាប្រភេទតែមួយ) ដែលអាចឱ្យរថយន្តដើរដោយថាមពលអគ្គិសនីគ្រប់ប្រភេទទាំងអស់ដោតសាកថ្ម EVs នៅតាមស្ថានីយសាកថ្មណាមួយក៏បាន និងបានស្នើឱ្យមានគោលនយោបាយសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនីផងដែរ ។

ជាការឆ្លើយតបឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យសហព័ន្ធសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅដោះស្រាយបញ្ហាដែលសហព័ន្ធបានលើកឡើងឱ្យបានជោគ ជ័យ ដើម្បីជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីបានទូលំទូលាយ និងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីវិស័យឯកជន ក៏ដូចជា សាធារណជនជាទូទៅផងដែរ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីការបង្កើតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងដោះស្រាយបញ្ហាកង្វះអ្នកបច្ចេកទេសសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាន ការបង្កើតមណ្ឌលផ្តល់សេវាសាធារណៈ ដើម្បីបង្ខិតសេវាទៅកៀកប្រជាពលរដ្ឋ ការបង្កើតកម្មវិធីថែទាំផ្លូវ (ROAD CARE App Mobile) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់អាចចូលរួមរាយការណ៍អំពីផ្លូវខូច និងជង្ហុកសំបុកមាន់ កម្មវិធីកាត់ពិន្ទុបណ្ណបើកបរ និងការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដំឡើងជញ្ជីងថ្លឹងយានយន្តដោយស្វ័យប្រវត្តិ (Weigh in motion) ដើម្បីថែរក្សាផ្លូវឱ្យមានអាយុកាលប្រើប្រាស់បានយូរអង្វែង គម្រោងបង្កើតកម្មវិធី App សម្រាប់តាមដានការសាងសង់ និងជួសជុលថែទាំផ្លូវ និងការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាត់បន្ថយការចំណាយក្រៅផ្លូវការផងដែរ ៕


ចែករំលែកព័តមាននេះ