ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទន្ទឹម​នឹង​ការ​បង្ហាញ​ពី​ភាព​ខ្លាំង លោក​ វ៉ា​ត់ ចំរើន ខ្វល់ខ្វាយ​តែ​រឿង​សមត្ថភាព​អត្ត​ព​លិ​ក​នៅ​ស៊ី​ហ្គេ​ម ២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ថ្លែង​ថា ហេ​ដ្ឋ​រចនាសម្ព័ន្ធ​កីឡា ការ​រៀបចំ ការ​ទទួល​បដិសណ្ឋារកិច្ច​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ មិន​មាន​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​ខ្វល់ខ្វាយ​ធំ​ជាង​គឺ ការ​អភិវឌ្ឍ​សមត្ថភាព​កីឡាករ កីឡាការិនី​ប៉ុណ្ណោះ ដោយ​ត្រូវ​សម្រុក​ការ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា ខណៈ​ពេលវេលា​កាន់តែ​ខ្លី​ទៅ​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម នៅ​ក្នុង​ឱកាស​បិទ​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២២ នៅ​ទីលាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បន្ទាប់​ពី​ដំណើរការ​អស់​រយៈពេល​៤​ថ្ងៃ​កន្លង​មកនេះ​។

ឯកឧត្តម វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម
លើក​ទី​៣២ ឆ្នាំ​២០២៣ ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ហើយ​បើ​គិត​ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ប្រកួត​នៅ​សល់​តែ​ជាង​៤០០​ថ្ងៃ​ប៉ុណ្ណោះ ដោយ​វេលា​កាន់តែ​ខ្លី​ៗ​ទៅ​នេះ គឺជា​ក្តី​បារម្ភ​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​គុណភាព​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី ។

ដោយឡែក​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា កា​រៀបចំ​ទីលាន​ប្រកួត​ត្រូវ​បាន​រៀបចំ​បាន​ជាង​៩០%​ហើយ ខណៈ​ការ​រៀបចំ ការ​ទទួល​បដិសណ្ឋារកិច្ច​មិន​មាន​អ្វី​ជា​ក្តី​បារម្ភ​នោះ​ទេ ដោយសារ​កម្ពុជា​ធ្លាប់​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​ៗ​បាន​ល្អ​ប្រសើរ និង​ទទួល​បានការ​កោតសរសើរ​ពី​អន្តរជាតិ​។

«​ដូច្នេះ​យើង​ខ្វល់ខ្វាយ​ជាងគេ គឺ​លើ​សមត្ថភាព​កីឡាករ កីឡាការិនី ដោយសារ​ពេលវេលា​កាន់តែ​ខ្លី​មានការ​លំបាក​ក្នុង​ការ​កសាង​សមត្ថភាព​មនុស្ស​ឲ្យ​ខ្លាំងពូកែ ។ អ៊ីចឹង​ទេ មាន​តែ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ កីឡាការិនី លោកគ្រូ អ្នកគ្រូ និង​មន្ត្រី​បច្ចេកទេស​របស់​យើង​ទាំងអស់​គ្នា​ត្រូវ​ប្រឹងប្រែង និង​ប្រើប្រាស់​ពេលវេលា​ខ្លី​នេះ​ឲ្យ​មាន​ន័យ​បំផុត ក្នុង​ការ​រុញ​បច្ចេកទេស និង​គុណ​ផល​កីឡា​របស់​យើង​ឲ្យ​ឈាន​ដល់​កម្រិត​ខ្ពស់ ដើម្បី​ជា​ក្តី​សង្ឃឹម​ក្នុង​ការ​ស្វែងរក​នូវ​ប្រៀប​ឈ្នះ និង​ឧត្តមភាព​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​ដំបូង​នេះ​»​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន​។

ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​បន្ថែម​ថា ចាប់ពី​ពេល​នេះ​តទៅ​សូម​កីឡាករ កីឡាការិនី ដែល​ជា​តួឯក​ត្រូវ​សម្រួច​ការ​ហ្វឹកហាត់​ឲ្យ​បាន​គត់មត់ ដើម្បី​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ហើយ​ថ្នាក់ដឹកនាំ​នឹង​ឈរ​នៅ​ពីក្រោយ ដើម្បី​ផ្តល់​កម្លាំងចិត្ត ការ​ឧបត្ថម្ភ​គាំទ្រ​ជំរុញ​ឲ្យ​ប្អូន​ៗ​ឈាន​ទៅ​រក​គោលដៅ​នៃ​វេទិកា​កិត្តិយស ដែល​ប្អូន​ៗ​ត្រូវ​ក្តាប់​យក​ឱកាស​កិត្តិយស​នេះ​ឲ្យ​បាន​។ ជាមួយ​គ្នា​នោះ សហព័ន្ធ​កំពុង​បន្ត​កិច្ច​ប្រឹងប្រែង​ឲ្យ​ប្រភេទ​កីឡា​ចំបាប់​កម្ពុជា​អភិវឌ្ឍ​ឲ្យ​កាន់តែ​មាន​សក្តានុពល​បន្ថែម​ទៀត ។ ផែនការ​សហព័ន្ធ​ចំបាប់ ដែល​លោក​អគ្គលេខាធិការ ធិ​ន វិចិត្រ បាន​លើក​ឡើង​ហើយ គឺ​ក្រុម​ជម្រើសជាតិ​កីឡា​ចំបាប់​ត្រៀម​ចេញ​ទៅ​ជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​អ៊ី​រ៉​ង់ នា​អំឡុង​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​យើង​ដឹង​ហើយ​ថា ប្រទេស​អ៊ី​រ៉​ង់​គឺជា​ប្រទេស​កំពូល​មួយ នៃ​ប្រភេទ​កីឡា​ចំបាប់​នៅ​លើ​ពិភពលោក ដោយ​ម្ចាស់​ជើងឯក​ពិភពលោក ប្រមាណ​៦០​ទៅ​៧០% គឺជា​អត្ត​ព​លិ​ក​អ៊ី​រ៉​ង់ ។

ក្រុម​ចំបាប់​កម្ពុជា​នឹង​បាន​ទៅ​ស្រូប​នូវ​ភាព​មុត​ស្រួច​ក្នុង​បច្ចេកទេស​នៅ​ទីនោះ​បាន ដោយ​ក្រៅពី​ការ​ហ្វឹកហាត់ ក៏​មានការ​ប្រកួត​ក្នុងស្រុក​របស់អ៊ី​រ៉​ង់ ដែល​កម្រិត​ប្រកួត​ក្នុងស្រុក​នៅ​ទីនោះ គឺ​មាន​កម្រិត​ខ្ពស់​ជាង​កម្រិត​ស៊ី​ហ្គេ​ម​ទៅ​ទៀត​។ ដូច្នេះ​ឯកឧត្តម​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​ជម្រើសជាតិ​ចំបាប់​កម្ពុជា ដែល​ត្រៀម​ចេញ​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​អុ​ី​រ៉​ង់​ត្រូវ​មាន​ស្មារតី និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ស៊ូទ្រាំ​អត់ធ្មត់ ស៊ូទ្រាំ​ការ​ឈឺចាប់​កាន់តែ​ខ្ពស់ នោះ​ការ​អភិវឌ្ឍ​បច្ចេកទេស​ក៏​កាន់តែ​លឿន​ទៅ​តាម​នោះ​ផង​ដែរ​។ «​ប្រសិនបើ​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់​អត់​បាន គឺ​ទៅ​មិន​រួច​ទេ សម្រាប់​ប្រភេទ​កីឡា​ចំបាប់ ។ នេះ​ជា​ចំណុច​សំខាន់ ដែល​កីឡាករ​ចំបាប់​ត្រូវ​ឆ្លងកាត់​។ ក្រោយ​ការ​ហ្វឹកហាត់​នៅ​អ៊ី​រ៉​ង់​ហើយ នៅ​ដើមខែ​ឧសភា ឆ្នាំ​២០២២ ត្រូវ​ត្រឡប់​មក​វិញ ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ ក្នុង​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ហើយ​នេះ​ជា​ហ្គេ​មយុទ្ធសាស្ត្រ​ក្នុង​ការ​វាស់​ស្ទង់​ដៃ​ឆ្ពោះ​មក​ស៊ី​ហ្គេ​ម
លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​យើង​»​។

ឯកឧត្តម វ៉ា​ត់ ចំរើន គូសបញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០២២​នេះ ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​អន្តរជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​ជា​ក្តី​សង្ឃឹម​ឲ្យ​កាន់តែ​មុតមាំ ត្រៀម​ដណ្តើម​មេដាយ​ជូន​ជាតិ ក្នុង​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។ ស​ន្ទ​ស្សន៍​មេដាយមាស ដែល​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូច​ជា​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​ដាក់​ជា​គោលដៅ សម្រាប់​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ លើ​ប្រភេទ​កីឡា​ចំបាប់ គឺ​យ៉ាងតិច​ដណ្តើម​ឲ្យ​បាន​មេដាយមាស​៣​គ្រឿង​។ «​អ្វី​ដែល​ជា​ការ​ប្រកួត​ដ៏​សំខាន់​លក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​គឺ​ការ​ប្រកួត​កីឡា​អាស៊ី (Asian Games) នៅ​ទីក្រុង Hangzho ប្រទេស​ចិន ដែល​មាន​៤៥​ប្រទេស​ចូលរួម នា​ថ្ងៃ​ទី​១០-២៥ ខែកញ្ញា ឆ្នាំ​២០២២​។ បន្ទាប់​ពី​នោះ​គឺ​កម្ពុជា​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី​អាគ្នេយ៍ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​របស់​ប្រភេទ​កីឡា​ចំបាប់​ចុង​ក្រោយ មុន​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣»​។

ឯកឧត្តម​លើក​ឡើង​ចុង​ក្រោយ​ថា ថ្នាក់ដឹកនាំ​ទាំងអស់ គ្រូបង្វឹក មន្ត្រី​បច្ចេកទេស​ទាំងអស់ គឺ​សុទ្ធតែ​ជា​អ្នកបម្រើ​ស្ថិត​នៅ​ពីក្រោយ​នៃ​កីឡាករ កីឡាការិនី ដូច្នេះ​កីឡាករ កីឡាការិនី​ទាំងអស់​ត្រូវ​ដឹង​ច្បាស់​ថា ខ្លួនឯង​មាន​កម្លាំង​ធំធេង​ណាស់ ក្នុង​ការ​ជំរុញ​ខ្លួន​ឲ្យ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គម​ជាតិ​យើង​ទាំងអស់​គ្នា ។ យើង​មាន​គោលដៅ​ច្បាស់លាស់ មិន​ត្រឹមតែ​ដណ្តើម​យក​ភាព​ជោគជ័យ​ត្រឹម​ស៊ី​ហ្គេ​មឆ្នាំ​២០២៣​ប៉ុណ្ណោះ​ទេ ហើយ​ក៏​មិនមែន​បញ្ចប់​ត្រឹម​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា​នេះ​ដែរ ដោយ​វា​គ្រាន់តែ​ជា​ជំហាន​មួយ ក្នុង​ការ​កសាង​ភាពរឹងមាំ​របស់​វិស័យ​កីឡា​កម្ពុជា ឆ្ពោះទៅ​ថ្ងៃ​អនាគត​បន្ត​ទៀត​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ