រាជធានីភ្នំពេញ ៖ អ្នកជំនាញវិស័យអចលនទ្រព្យមកពីខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តកំពត និងខេត្តបាត់ដំបង បាននិយាយពីស្ថានភាពដីធ្លីនៅក្នុងខេត្តទាំងបូននេះ ។ ពួកគេបាននិយាយពីស្ថានភាពបច្ចុប្បន្ន និងឱកាសល្អ ឬអាក្រក់នៅក្នុងការវិនិយោគ ។
![Picture]()
សម្រាប់ខេត្តកំពត លោកកែវ សុជាតិ អ្នកជំនាញអចលនទ្រព្យ ក្នុងខេត្តជាប់សមុទ្រនេះនិយាយថា ខេត្តកំពតកំពុងទទួលបានគម្រោងការអភិវឌ្ឍពីរដ្ឋបន្តបន្ទាប់ ពិសេសផ្លូវថ្នល់ ។ ក្រៅពីនេះ កំពតនៅតែទទួលបានគម្រោងវិនិយោគថ្មីៗ និងមានការចាប់អារម្មណ៍លើការវិនិយោគដីធ្លីពីសំណាក់វិនិយោគិនក្នុងស្រុក ហើយក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ គេសង្កេតឃើញថា កំពតទទួលបានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេផងដែរ ក្នុងចំណោមខេត្តនានាទូទាំងប្រទេសកម្ពុជា ។ កំណើនទេសចរទៅកំពត បានធ្វើឱ្យអ្នកវិនិយោគបានបោះទុនលើគម្រោងរីសត ផ្ទះលលម្ហែ ផ្ទះសំណាក់ សណ្ឋាគារ កាន់តែច្រើនដើម្បីឆ្លើយតបតម្រូវការ ។
លោកបន្តថា បច្ចុប្បន្ននេះកំពតទទួលបានគម្រោងអភិវឌ្ឍន៍ជាច្រើនមាន ដូចជាគម្រោងវិនិយោគលើកំពង់ផែទេសចរណ៍ និងកំពង់ផែពហុបំណងតម្លៃ ១៣០០ លានដុល្លារអាមេរិក គម្រោងលម្ហែកាយ គម្រោងសាងសង់អគារខ្ពស់ៗមួយចំនួនទៀត ។
![Picture]()
ចំណែកនៅសៀមរាបទឹកដីអង្គរវិញ លោក កែវ សុធារ៉ា អ្នកជំនាញវិស័យអចលនទ្រព្យមួយរូបក្នុងខេត្តនេះ ថាក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ វិស័យអចលនទ្រព្យនៅសៀមរាបបានទទួលរងនូវស្ថានភាពសន្លប់ធំ ព្រោះក្នុងរយៈពេល ២ ឆ្នាំនេះវិស័យទេសចរណ៍សឹងតែស្លាប់ធ្វើឲ្យសណ្ឋាគារបិទទ្វារហើយវិស័យអចលនទ្រព្យក៏រងផលប៉ះពាល់ដែរ ។
តែអ្នកជំនាញខាងលើថា មកដល់ពេលនេះ វិស័យអចលនទ្រព្យត្រូវបានមើលឃើញថា ចាប់ផ្ដើមងើបឡើងពីសន្លប់វិញ ពីព្រោះកម្ពុជាមានវ៉ាក់សាំងចាក់ជូនពលរដ្ឋ ផ្លូវ ៣៨ ខ្សែ ក្នុងក្រុងសៀមរាបបានសាងសង់រួចរាល់ ។ សៀមរាប បានរងចាំតែទេសចរជាតិអន្តរជាតិទៅលេងកម្សាន្តប៉ុណ្ណោះ ហើយសកម្មភាពជួញដូរអចលនទ្រព្យនឹងងើបកាន់តែខ្លាំងឡើងវិញពេលវិស័យទេសចរណ៍មានសកម្មភាព ។
![Picture]()
លោក អ៊ិន ដារ៉ា អ្នកជំនាញមកពីខេត្តបាត់ដំបងបានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណពីរបីខែចុងក្រោយ ពិសេសបន្ទាប់ពីរាជរដ្ឋាភិបាលបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ឃើញថា ចំនួនទិញលក់អចលនទ្រព្យក្នុងខេត្តបាត់ដំបងចាប់ផ្ដើមកម្រើកឡើងវិញ។ លោកមានសុទិដ្ឋិនិយមខ្ពស់ចំពោះវិស័យនេះ ក្នុងឆ្នាំ ២០២២ និងឆ្នាំក្រោយៗ ។
![Picture]()
អ្នកនាង ស្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពង់ចាមនិយាយថា ដីធ្លីខេត្តជាប់ដងទន្លេមេគង្គ ដែលមានប្រជាជនច្រើនលំដាប់ទី ២ បន្ទាប់ពីភ្នំពេញនេះ ។ តាមអ្នកជំនាញបានសមង្កេតឃើញប្រជាជននៅខេត្តកំពង់ចាម ដែលមានធនធានមិនបានវិនិយោគអចលនទ្រព្យនៅក្នុងខេត្តរបស់ខ្លួនទេ ពួកគេច្រើនឡើងមកទិញផ្ទះទិញដីនៅភ្នំពេញ។ដូច្នេះនៅពេលនេះអាចជាឱកាសសម្រាប់ពលរដ្ឋដែលចង់វិនិយោគនៅក្នុងខេត្តនេះ ៕
ចែករំលែកព័តមាននេះ