ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចិញ្ចឹមត្រី​ម្នាក់​នៅ​ខេត្តតាកែវ​ ចែករំលែក​ពី​គន្លឹះ​កុំ​ឱ្យខាត​ក្នុង​របរ​នេះ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នក​ចិញ្ចឹម​ត្រី​ជា​ច្រើន​បាន​ត្អូញ​ថា ​ខាតបង់​ប្រាក់ដោយសារ​ទីផ្សារ​លក់​ត្រី​ប្រមាណ​ពីរ​ឆ្នាំ​មកនេះ​តូច​ចង្អៀត​ដោយសារ​វិបត្តិ​កូ​វី​ដ​ ១៩ ​និង​មិន​អាច​ក្រ​កួត​ប្រជែង​ត្រី​នាំ​ចូល​ផង​ ។ មាន​គន្លឹះ​ខ្លះ​ដែល​អ្នក​ចិញ្ចឹមត្រី​ម្នាក់​នៅ​ខេត្តតាកែវ ​បាន​អនុវត្ត​ដើម្បី​ទប់ទល់​ស្ថាន​ការ​លំបាក ខាតបង់​ប្រាក់ដោយសារ​គ្មាន​ទីផ្សារ​លក់​ត្រី​នេះ​…

រាជធានី​ភ្នំពេញ ​៖ ​អ្នក​ចិញ្ចឹម​ត្រី​ជា​ច្រើន​បាន​ត្អូញ​ថា ​ខាតបង់​ប្រាក់ដោយសារ​ទីផ្សារ​លក់​ត្រី​ប្រមាណ​ពីរ​ឆ្នាំ​មកនេះ​តូច​ចង្អៀត​ដោយសារ​វិបត្តិ​កូ​វី​ដ​ ១៩ ​និង​មិន​អាច​ក្រ​កួត​ប្រជែង​ត្រី​នាំ​ចូល​ផង​ ។ មាន​គន្លឹះ​ខ្លះ​ដែល​អ្នក​ចិញ្ចឹមត្រី​ម្នាក់​នៅ​ខេត្តតាកែវ ​បាន​អនុវត្ត​ដើម្បី​ទប់ទល់​ស្ថាន​ការ​លំបាក ខាតបង់​ប្រាក់ដោយសារ​គ្មាន​ទីផ្សារ​លក់​ត្រី​នេះ​ ។

Picture

តាម​បទ​ពិសោធន៍​បុរស​អ្នក​ចិញ្ចឹម​ត្រី​រូប​នោះ អ្នក​ចិញ្ចឹម​ត្រី​គួរ​ដឹង​ពីរដូវ​ណា​ដែល​ត្រី​ធម្មជាតិ​មិន​សម្បូរ​ និង​រដូវ​ណា​ត្រី​ធម្មជាតិ​សម្បូរ ​។ ​ការ​ចិញ្ចឹម​ត្រី​ឱ្យចំ​ពេល ​និង​ចំ​រដូវ​កាល​នេះ​អាច​ធ្វើឱ្យអ្នក​ត្រី​ចិញ្ចឹម​មាន​ទីផ្សារ​រហូត ​។ លោក ង៉ែត សំបូរ កសិករ​ចិញ្ចឹម​ត្រី​នៅ​ឃុំ​សំបូរ​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​ បាន​និយាយ​ថា ​ការ​ចិញ្ចឹម​ត្រី​ប្រា​នៅ​ឆ្នាំ​ទី​មួយ​របស់​លោក​កន្លង​មកនេះ​លោក​ដាក់​កូន​ត្រី​ប្រា​ជាង​ ២០០០ ​ក្បាល ដល់​ពេល​ប្រមូល​ផល​បាន ​៣​ តោន លក់​បាន​ជាង​ ១០ ​លាន​រៀល ​។ ​ការ​ចិញ្ចឹម​ត្រី​ប្រា​ក្នុង​ឆ្នាំ ​២០២១ ​កន្លង​ទៅ​នេះ​សម្រាប់​លោក​ សំបូរ មិន​មានការ​ខាតបង់​ដូច​អ្នក​ចិញ្ចឹម​ត្រី​ផ្សេង​ទៀត​នោះ​ទេ ​។

Picture

«​យើង​ចិញ្ចឹម​ត្រី​ត្រូវ​ដឹង​ពី​តម្រូវការ​ទីផ្សារ​ និង​ពេល​ប្រមូល​ផល​ម្តង​ៗ​ទើប​មាន​ភាព​ងាយស្រួល​ក្នុង​ការ​លក់​ ។ សម្រាប់​ខ្ញុំ​ចាំនៅ​ចន្លោះ​ពី​ខែមីនា​រហូត​ដល់​មិថុនា​ឬ​ កក្កដា មាន​ន័យ​ថា​ ត្រី​ធម្មជាតិ​ ឬ​ត្រី​បឹង​មិនសូវ​សម្បូរ​ទេ ​។ ដូច្នេះ​បើ​រដូវ​ត្រី​ធម្មជាតិ​មិន​សម្បូរ​យើង​ចិញ្ចឹម​ត្រី​ធ្វើ​យ៉ាងណា​ប្រមូល​ផល​នៅ​ពេល​នោះ ប្រាកដជា​មិន​ខ្វ​ទីផ្សារ​ទេ​» នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ចិញ្ចឹម​ត្រី​ក្នុង​ខេត្ត​តែ​វ ​។

Picture

ក្រៅពី​នេះ លោក ​ង៉ែត សំបូរ និយាយ​បន្ត​ថា​ ចៀសវាង​កុំឱ្យ​ជួប​បញ្ហា​ទីផ្សារ​នៅ​ពេល​ប្រមូល​ផល អ្នក​ចិញ្ចឹម​ត្រូវ​គិត​ទៅ​លើ​ប្រភេទ​ត្រី​ដែល​ត្រូវ​ចិញ្ចឹម​ផង​ដែរ​ ។ លោក​បញ្ជាក់​ថា ត្រី​ខ្លះ​បើ​វា​ធំ ទំហំ​ធំ​ជ្រុល ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​មិនសូវ​ទិញ​បរិភោគ​ទេ ដូច​ជា​ត្រី​អណ្តែង​ជាដើម​ ។ ​ប៉ុន្តែ​សម្រាប់​ត្រី​ផ្សេង​ទៀត​ដូច​ជា​ប្រា ត្រី​ក្រាញ់​ និង​ត្រី​ឆ្ពិន ជាដើម វា​កាន់តែ​ថ្លៃ​ ។ ដូច្នេះ​បើ​ទីផ្សារ​សម្បូរ​ត្រី​គួរ​ចិញ្ចឹម​ត្រី​ណា​ដែល​បាន​ថ្លៃ ដើម្បី​ចៀសវាង​ការ​ខាតបង់ ​។

Picture

​«ក្នុង​រយៈពេល​ចិញ្ចឹម​ត្រី​ជិត​ពីរ​ឆ្នាំ​មកនេះ​ ខ្ញុំ​មិន​ទាន់​មានការ​ខាតបង់​ប្រាក់​លើ​មុខរបរ​ចិញ្ចឹម​ត្រី​នេះ​ទេ ផ្ទុយ​ទៅ​វិញ​មុខរបរ​មួយ​នេះ​វា​បាន​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួ​សារបាន​មួយ​ផ្នែក​ក្រៅពី​ស្រែ​ចម្ការ» លោក​ សំបូរ និយាយ​ទាំង​មុខ​ញញឹម ​។ ចំពោះការ​ចែក រំលែក​បច្ចេកទេស​វិញ លោក​ង៉ែត សំបូរ និយាយ​ថា កសិករ​បើ​ចង់​ចឹ​ញ្ចឹ​ម​ត្រី​ឱ្យ​បាន​ផល​ និង​មាន​ទីផ្សារ​ត្រូវ​គិត​ទៅ​ដល់ទី​តាំង​កន្លែង​ត្រូវ​ចិញ្ចឹម​ផង​ដែរ​ថា ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់​ ឬទេ ​និង​ត្រូវ​គិត​ទៅ​ដល់​ពេលវេលា​ដែល​ត្រូវ​ប្រមូល​ផល និង​ត្រូវ​គិត​ទៅ​ដល់​ប្រភេទ​ពូជ​ត្រី​ដែល​ងាយស្រួល​ក្នុង​ការ​ចិញ្ចឹម​ហើយ​មាន​តម្រូវការ​នៅ​លើ​ទីផ្សារ​ក្នុង​តំបន់ ​៕