ខេត្តព្រះសីហនុ ៖ លោក ម៉ឺន វ៉ៃ ដែលជាគ្រូពេទ្យប្រចាំភូមិ នៅក្នុងស្រុកព្រៃនប់ កំពុងរងការចោទប្រកាន់ពីសំណាក់ស្ត្រីម្នាក់ថា បានចាក់ថ្នាំនិងព្យូសេរ៉ូមធ្វើឲ្យអ្នកជំងឺត្រូវជាប្តីរបស់គាត់ប្រតិកម្មថ្នាំស្លាប់ក្រោយពីបានបញ្ជូនទៅកាន់រាជធានីភ្នំពេញ ប៉ុន្តែត្រូវបានបដិសេធវិញដោយប្រពន្ធរបស់លោកគ្រូពេទ្យនោះ ។
យោងតាមប្រភពពីប្រពន្ធជនរងគ្រោះឈ្មោះ ទិម ធារី អាយុ៣២ឆ្នាំ បានចោទទៅលើគ្រូពេទ្យម្នាក់ឈ្មោះ ម៉ឺន វ៉ៃ ភេទ ប្រុស មានទីលំនៅភូមិទួលទទឹង០១ ឃុំទួលទទឹង ស្រុកព្រៃនប់ ថា បានចាក់ថ្នាំធ្វើឲ្យប្តីរបស់គាត់ឈ្មោះ អង់ គឹម យ៉ែន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលាងម៉ូតូ មានទីលំនៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ក្រោយពេលបញ្ជូនទៅកាន់គ្លីនិកឯកជន និង មន្ទីពេទ្យជាបន្តបន្ទាប់ ។
ប្រភពដដែលបានបញ្ជាក់អះអាងទៀតថា ចំពោះមូលហេតុដែលគាត់អះអាងថា ប្តីរបស់គាត់បានស្លាប់ដោយសារប្រតិកម្មថ្នាំ ដោយសារក្រោយពីលោកគ្រូពេទ្យ ម៉ឺន វ៉ៃ នេះ ចាក់ថ្នាំឲ្យប្តីគាត់នាព្រឹកថ្ងៃទី០២កក្កដា ស្រាប់តែប្តីគាត់បញ្ឈរភ្នែក ធ្លាក់ឈាម ហើយនៅពេលមកដល់គ្លីនិកឯកជននៅវាលរេញ លោកគ្រូពេទ្យនៅទីនោះប្រាប់ថា ប្តីគាត់មានអាការ:កំរិតធ្ងន់ គ្មានសង្ឃឹមរស់នោះទេ ប៉ុន្តែគាត់មិនអស់ចិត្តក៏បានទារលោកគ្រូពេទ្យនៅទីនោះបញ្ជូនមកកាន់មន្ទីពេទ្យបង្អែកចំការចេក នឹងបន្តទៅភ្នំពេញ ដោយគ្រាន់តែព្យូសេរ៉ូមបន្ត ។ ប៉ុន្តែនៅពេលមកដល់ អ្នកគ្រូពេទ្យក៏បានប្រាប់ថា ប្តីគាត់កំរិតធ្ងន់ គ្មានសង្ឃឹមរស់ទេ មិនអាចជួយសង្គ្រោះបានឡើយ បើទោះបីជាបញ្ជូនទៅណាក៏ដោយ មិនយូប៉ុន្មានប្តីរបស់គាត់ក៏បានស្លាប់តែម្តង។ គាត់និយាយថា មិនសមសោះ គ្រាន់ប្តីក្តៅខ្លួនរបៀបផ្តាសសាយសោះ បែរទៅជាស្លាប់បាត់បង់ជីវិត ។
ពាក់ព័ន្ឋទៅនឹងការចោទប្រកាន់នេះ លោកគ្រូពេទ្យ ម៉ឺន វ៉ៃ ពុំអាចសុំការបំភ្លឺបាននោះទេ ប៉ុន្តែភរិយាលោក ម៉ឺន វ៉ៃ បានចេញមកបំភ្លឺប្រាប់អ្នកយកព័ត៌មានថា ចំពោះការចោទប្រកាន់នេះ អ្នកស្រីមិនអាចទទួលយកបាននោះទេ ចំពោះពាក្យថា ប្តីរបស់គាត់បានចាក់ថ្នាំធ្វើឲ្យអ្នកជំងឺមានប្រតិកម្មថ្នាំរហូតដល់ស្លាប់នោះ ប៉ុន្តែអ្នកស្រីទទួលស្គាល់ថា ប្តីរបស់គាត់ពិតជាបានទៅព្យួសេរ៉ូម និងចាក់ថ្នាំអ្នកជំងឺនោះពិតមែន ។ ប្រភពដដែលបានបន្តថា ប្រសិនបើមានប្រតិកម្មថ្នាំ គឺមិនមែនមានរយៈពេលយូររហូតដល់ជាង២៤ម៉ោងនោះទេ អ្នកជំងឺអាចស្លាប់នៅក្នុងរយៈពេលតែ១០រឺ២០នាទីតែប៉ុណ្ណោះ ។ គ្មានគ្រូពេទ្យឯណាចាក់ថ្នាំចង់ធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិតនោះទេ ។
ដោយឡែក សមត្ថកិច្ចស្រុកព្រៃនប់បានបញ្ជាក់ថា ជុំវិញបញ្ហានេះខាងសមត្ថកិច្ចបានចុះទៅពិនត្យសព និងធ្វើកោសល្យវិច្ច័យរួចហើយ និងកំពុងធ្វើការបន្ត រីឯសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីកាលពីយប់ថ្ងៃទី០៤កក្កដាហើយ ៕
ចែករំលែកព័តមាននេះ