ប្រទេសវៀតណាមគ្រោងទិញវ៉ាក់សាំង Pfizer/BioNTech ចំនួន ២១,៩លានដូសដើម្បីធ្វើការចាក់ឲ្យកុមារអាយុពី ៥ទៅ ១១ឆ្នាំ។
រដ្ឋមន្ត្រីសុខាភិបាលលោក Nguyễn Thanh Long បានបង្ហាញពីគម្រោងនេះនៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះ ដោយលោកថ្លែងថាផែនការចាក់វ៉ាក់សាំងសម្រាប់កុមារកំពុងរងចាំការអនុម័តពីរដ្ឋាភិបាល។
![Picture]()
លោកបានថ្លែងថា អង្គការសុខភាពពិភពលោកបានចេញអនុសាសន៍សម្រាប់ការចាក់វ៉ាក់សាំងដល់កុមារអាយុពី ១២ ទៅ ១៧ឆ្នាំ ប៉ុន្តែមិនទាន់ចេញការណែនាំស្តីពីការវ៉ាក់សាំងសម្រាប់កុមារអាយុពី ៥ ទៅ ១១ឆ្នាំឡើយ ដូច្នេះក្រសួងនឹងធ្វើកិច្ចកការនេះដោយយកចិត្តទុកដាក់ តាមបែបវិទ្យាសាស្ត្រ និងគណនេយ្យភាព និងរៀនពីប្រទេសទាំងអស់ដែលបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរួច។
![Picture]()
លោកថ្លែងថា «នេះគឺជារឿងសំខាន់។ យើងមិនអាចធ្វេសប្រហែសឡើយ និងត្រូវធ្វើបន្តិចម្តងៗ ប៉ុន្តែរឹងមាំ ដើម្បីធានាសុវត្ថិភាពដល់កុមារ»។
បើតាមរបាយការណ៍ពីមូលដ្ឋាននានា នៅដើមឆ្នាំ ២០២២នេះ មានកុមារសរុបទាំងអស់អាយុ ចន្លោះ ៥ និង ១១ឆ្នាំ មានចំនួន ១១,៥លាននាក់នៅវៀតណាម។
![Picture]()
វៀតណាមបានធ្វើការចាក់វ៉ាក់សាំង Pfizer និង Moderna សម្រាប់កុមារអាយុ ១២ ទៅ ១៧ឆ្នាំកាលពីខែវិច្ឆការឆ្នាំមុន។ ការចាក់ភាគច្រើនត្រូវបានធ្វើឡើងនៅតាមសាលារៀន។ រហូតមកដល់ពេលនេះ មានការចាក់បានសរុប ១៥,៣លានដូសសម្រាប់ក្រុមនេះ រួមមាន ៧,០៦លានដែលជាដូសទី ២។
គិតត្រឹមថ្ងៃទី ២១ ខែមករា វៀតណាមមានការឆ្លងកូវីដ ១៩សរុបជាង ២,០៩លានករណី និងស្លាប់ ៣៦.២៦៦នាក់៕ (យោងតាមប្រភព៖ Vietnam News)
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ