ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ បន្ត​ចាប់​បាន​បង្គាចាក់សារធាតុ​ CMC ជាង​១​តោនទៀត នាំ​ចូល​ពី​វៀតណាមតាម​ច្រកព្រំដែន​ខេត្តកំពត

2 ឆ្នាំ មុន

ខេត្តកំពត ៖ នា​យប់​រំលង​អា​ធ្រា​ត​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ មន្ត្រី​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ប្រចាំ​ខេត្តកំពត…

ខេត្តកំពត ៖ នា​យប់​រំលង​អា​ធ្រា​ត​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ មន្ត្រី​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ប្រចាំ​ខេត្តកំពត បាន​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ស្រាវជ្រាវ និង​ស្ទាក់​ចាប់​រថយន្ត​កូរ៉េ​មួយ​គ្រឿង ដឹក​គ្រឿង​សមុទ្រ ដែល​ចូល​មក​តាម​ច្រកព្រំដែន មក​កាន់​ខេត្តកំពត លទ្ធផល​គឺ​មន្ត្រី​ជំនាញ​រក​ឃើញ បង្គា​ចំនួន ១​តោន និង​៤៨៤​គីឡូក្រាម ដែល​មាន​សារធាតុ CMC (​ចា​ហ៊ួ​យ​) គីមី​ហាមឃាត់ ។

មន្ត្រី​ជំនាញ​បាន​ធ្វើការ​ដកហូត​មក​កម្ទេច​ចោល​ភ្លាម​ៗ និង​ម្ចាស់​ទំនិញ​ត្រូវ​រង​ពិន័យ ពី​មន្ត្រី​ជំនាញ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ មន្ត្រី​ស៊ើបអង្កេត​សាខា​(​ក​.​ប​.​ប​.)​ខេត្តកំពត បន្តការងារ​ត្រួតពិនិត្យ​គ្រឿង​សមុទ្រ​នាំ​ចូល​តាម​ទិស​ដៅ​ក្នុង​ខេត្តកំពត កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២ ដោយ​មានការ​សម្របសម្រួល​ពី​លោក ឈា​រី ម៉ា​រូ ព្រះរាជអាជ្ញា​រង នៃ​សាលាដំបូង​ខេត្តកំពត មន្ត្រី ក​.​ប​.​ប​. ប្រចាំ​ខេត្តកំពត សហការ​ជាមួយ​អាជ្ញាធរ​ដែនដី បាន​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ចំនួន​០៣ ផ្ទុក​បង្គា​ស្រស់ បង្គា​ក្រៀម និង​មឹក​ក្រៀម ដែល​សមត្ថកិច្ច​យើង​ស្ទាក់​ចាប់ និង​ឃាត់​ទុក​នៅ​មុខ​ការិយាល័យ​កសិកម្ម​ស្រុក​កំពង់ត្រាច និង​អធិការដ្ឋាន​ស្រុក​ឈូក ។

តាម​រយៈ​លទ្ធផល នៃ​ការ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ ចាប់​បាន​បង្គា​ស្រស់ ចំនួន​២​កេស​បន្ថែម​ទៀត ស្មើនឹង ២០​គីឡូក្រាម មាន​ចាក់​សារធាតុ​ចាហួយ​នៅ​ក្នុង​ក្បាល​បង្គា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ ក​.​ប​.​ប​. ប្រចាំ​ខេត្តកំពត បាន​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន មាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រហូត​រក​ឃើញ និង​ស្ទាក់​ចាប់​បាន​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ចំនួន ៥​គ្រឿង ស្ថិត​នៅ​មាត់ច្រក​ព្រែក​ចាក នៃ​ខេត្តកំពត ក្នុង​នោះ​ផង​ដែរ​រថយន្ត ២​គ្រឿង​ចាប់​បាន​ក្នុង​ថ្ងៃ​ទី​១៧ និង​៣​គ្រឿង​ទៀត បន្ត​រក​ឃើញ និង​ចាប់​បាន​ក្នុង​ថ្ងៃ​ទី​១៩ ។

យោង​តាម​លទ្ធផល​ជាក់ស្ដែង​រថយន្ត​ទាំង ៥​គ្រឿង​ខាងលើ ត្រូវ​បាន​មន្ត្រី​ជំនាញ​រក​ឃើញ​ថា បង្គា​ចំនួន ៦,២៦៨​គីឡូក្រាម មាន​សារធាតុ​គីមី​ដោយ​ចាក់​បញ្ចូល​គីមី ទៅ​ក្នុង​ក្បាល​បង្គា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​យ៉ាង​ខ្លាំង​ផង​ដែរ ។

បង្គា​ទាំងអស់​ត្រូវ​បាន​មន្ត្រី​ជំនាញ​ដកហូត និង​កម្ទេច​ចោល​ភ្លាម​ៗ​មិន​ចាំ​យូរ​ឡើយ ចំពោះ​ម្ចាស់​ទំនិញ​ត្រូវ​បាន​រង​ការ​ពិន័យ​តាម​ច្បាប់​ជា​ធរមាន ពី​មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកំពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ