ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល សម្រេច​ឲ្យ​អ្នក​ឆ្លង​អូ​មី​ក្រុង អាច​សម្រាក​ព្យាបាល​នៅផ្ទះ​បាន​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ក្នុង​សារ​ពិសេស​ជូន​ជនរួមជាតិ និង​មិត្តភក្តិ​បរទេស នា​យប់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន…

​ភ្នំពេញ​៖ ក្នុង​សារ​ពិសេស​ជូន​ជនរួមជាតិ និង​មិត្តភក្តិ​បរទេស នា​យប់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជា ​កែប្រែ​លក្ខខណ្ឌ​ព្យាបាល​អ្នក​កើត​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ដោយ​សម្រេច​អនុញ្ញាត​ឲ្យ​អ្នក​ឆ្លង​អូ​មី​ក្រុង ជា​ជនបរទេស ចូលមកកម្ពុជា អាច​ព្យាបាល​នៅតាម​សណ្ឋាគារ ស្ថានទូត និង​តាម​កន្លែង​ណា​ក៏បាន ​តាមចិត្ត​របស់​ជ​ន​បរទេស​នោះ​។ រីឯ​ពលរដ្ឋ​ខ្មែរ ក៏​អាច​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ ដូច​ករណី​ឆ្លង​កូ​វីដ ដែល​តា ឬ​អាល់​ហ្វា កន្លងមក​។​ ការ​សម្រេច​នេះ ដោយសារតែ​អូមីក្រុង តាមរយៈការតាមដានប៉ុន្មានថ្ងៃនេះ គឺ​មិនមានហានិភ័យ​ធ្ងន់ធ្ងរដូចអាល់ដែល ឬអាល់​ហ្វានោះទេ។

​ចំពោះ​ជនជាតិខ្មែរ ដែល​ឆ្លង​អូ​មី​ក្រុង មិន​ថា អ្នកដំណើរ​មកពី​ក្រៅប្រទេស ឬក៏​ឆ្លង​ក្នុង​សហគមន៍​នោះទេ ក៏ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​អនុញ្ញាត​ឲ្យ​អាច​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ ដូច​ករណី​កូ​វីដ​ធម្មតា ដែល​តា ឬ​អាល់​ហ្វា​។ ក្នុងករណី នៅផ្ទះ ​មិនអាច​សម្រាក​ព្យាបាល​បាន ចាំ​អ្នក​ឆ្លងអូមីក្រុង​ទាំងនោះ មកសម្រាកព្យាបាលនៅ​មន្ទីរពេទ្យ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសកែប្រែ​ដូច្នេះ ដោយសារតែសម្តេច លើកឡើងថា ​ការតាមដាន​មួយរយៈ​កន្លងមកនេះ ឃើញថា អូ​មី​ក្រុង គ្រាន់តែ​ឆ្លង​លឿន តែ​មិនមាន​ហានិភ័យ ឬ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដូចដែល​តា ឬ​អាល់​ហ្វា​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​អូ​មី​ក្រុង មិន​ថា ខ្មែរ ឬ​បរទេស​ទេ គឺអាច​ចាក​ចេញពី​មន្ទីរពេទ្យ ចាប់ពីយប់នេះតែម្តង ហើយអាចទៅ​សម្រាក​ព្យាបាល នៅតាម​ផ្ទះ ឬក៏​នៅតាម​សណ្ឋាគារ ឬក៏​កន្លែង​ណាក៏ដោយ​។ តែអ្នកជំងឺអូមីក្រុងទាំងនោះ ​ត្រូវគោរព​តាម​វិធាន​សុខាភិបាល ដែល​បានកំណត់​កន្លងមក ពាក់ព័ន្ធ​នឹង​កិច្ចការពារ​ទាំងឡាយ ជៀសវាង​ការចម្លងទៅអ្នកដទៃ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ការអនុញ្ញាត​ឲ្យអ្នកឆ្លងអូមីក្រុង ​ព្យាបាល​ក្រៅ​មន្ទីរពេទ្យ ឬ​នៅផ្ទះ​នេះ មិនមែន​មានន័យថា ឲ្យ​អ្នកជំងឺ​កូ​វីដ អូ​មី​ក្រុង​នោះ ទៅ​ដើរលេង នាំ​ឲ្យ​មានការ​ឆ្លងទៅអ្នកដទៃ​នោះទេ តែ​គ្រាន់តែ​ជាការ​ផ្ទេរ​ពី​មន្ទីរពេទ្យ ទៅ​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ តាម​សណ្ឋាគារ និង​នៅតាម​ទីតាំង​ណា​ក៏បាន ដោយ​ត្រូវគោរព​តាម​លក្ខខណ្ឌ​កំណត់​របស់​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​សមត្ថកិច្ច​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ