ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ឆ្នាំ​២០២១ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដោះ​អន្ទាក់​បាន​ជាង​០៦​ម៉ឺន និង​ដកហូត​កាំភ្លើង​កែ​ច្នៃ ៧៥៨​ដើម

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២​នេះ…

រាជធានី​ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២​នេះ បាន​ថ្លែង​អោយ​ដឹង​ថា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ការពារ និង​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ នៅ​កម្ពុជា មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ក្រសួងបរិស្ថាន រួម​ជាមួយ​អង្គការ​អភិរក្ស​ជា​ដៃគូ និង​សហគមន៍​តំបន់​ការពារ ធម្មជាតិ​បាន​ដោះ​អន្ទាក់​បាន​ចំនួន ៦១.៦១១ អន្ទាក់​ពី​ក្នុង​តំបន់ការពារធម្មជាតិ ដែល​បាន​ជួយ​សង្គ្រោះ​សត្វព្រៃ​មិន​ឱ្យ​ជាប់អន្ទាក់​របស់​ព្រានព្រៃ និង​គ្រោះថ្នាក់​ដល់​មនុស្ស ។

លោក នេត្រ ភក្ត្រា ក៏​បាន​ថ្លែង​បន្ត​ថា បរិមាណ​អន្ទាក់ ដែល​បាន​ដោះ​នៅ​ឆ្នាំ​២០២១ កន្លង​ទៅ​នេះ មាន​ចំនួន​កើនឡើង​ប្រមាណ​ជាង ២០% បើ​ប្រៀបធៀប​នឹង​បរិមាណ​អន្ទាក់​ដោះ​បាន​នៅ​ឆ្នាំ​២០២០ ដែល​មាន​ចំនួន ៤៣.២៧០ អន្ទាក់ ។ អន្ទាក់​ជា​ឃាតករ​លាក់​មុខ​សម្លាប់​សត្វព្រៃ ព្រោះ​មាន​ប្រភេទ​អន្ទាក់​ឆក់ ខ្សែភ្លើង អន្ទាក់​វាយបំបាក់​ស្មងជើង និង​ប្រភេទ​ផ្សេង​ៗ​ទៀត ។ អន្ទាក់​នៅ​តែ​ជា​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង ដល់​សត្វព្រៃ​គ្រប់​ប្រភេទ​ជា​ពិសេស​សត្វ​ជើង​ចំពាម ហើយ​មិនមែន​ត្រឹម តែ​កម្ពុជា​ទេ មាន​បញ្ហា​ប្រឈម​នឹង​វត្តមាន​អន្ទាក់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ គឺ​តំបន់​អភិរក្ស​នៅ​តាម​បណ្តា​ប្រទេស​នានា ក្នុង​ទ្វីបអាស៊ី ទទួល​រង​នូវ​ការ​គំរាមកំហែង ដោយសារ​តែ​អន្ទាក់ ។ អន្ទាក់​ជា​ច្រើន​លាន ត្រូវ​បាន​គេ​ដឹង​ថា បាន​ដាក់​នៅ​ក្នុង​តំបន់​អភិរក្ស​ក្នុង​ប្រទេស​វៀតណាម កម្ពុជា ឡាវ ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី ។

លោក នេត្រ ភក្ត្រា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖ «​កត្តា​ដែល​គំរាមកំហែង​ខ្លាំង​ចំពោះ​សត្វព្រៃ គឺ​អន្ទាក់​ដែល​ជា​ឃាតក​លាក់​មុខ​។ ដោយសារ​តែ​សម្ភារ​សម្រាប់​ធ្វើ​អន្ទាក់​មាន​លក់​នៅ​លើ​ទីផ្សារ និង​មាន​តម្លៃ​ថោក ចំនួន​អន្ទាក់​ត្រូវ​បាន​ប៉ាន់​ស្មានថា មានការ​កើនឡើង ហើយ​នៅ​អាស៊ី​មាន​អន្ទាក់ ប្រមាណ ជាង​១២​លាន​អន្ទាក់ ត្រូវ​បាន​លួច​ដាក់​ក្នុង​តំបន់​ការពារ​នៅ​ទូ​ទាំង​តំបន់​អាស៊ី​» ។

ក្នុង​នាម​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​ថ្លែង​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស អង្គការ​ដៃគូ និង​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំងអស់ ដែល​បាន​ចូលរួម​ដោះ​អន្ទាក់​ចេញពី​ព្រៃ​ធម្មជាតិ ។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មិន​ត្រឹមតែ​ចុះ​ល្បាត ដើម្បី​ទប់ស្កាត់ បទល្មើស​បំផ្លាញ​ធនធាន ធម្មជាតិ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក៏​បាន​ដើរ​ស្វែងរក​អន្ទាក់ និង​ដោះ​ចេញ​ព្រមទាំង​បំផ្លាញ​អន្ទាក់​ចោល​ដើម្បី​សង្គ្រោះ​ជីវិត​សត្វព្រៃ​ផង​ដែរ ។ សត្វព្រៃ​ជា​ច្រើន​ក្បាល ត្រូវ​បាន​សង្គ្រោះ​នៅ​នឹង​កន្លែង និង​ព្រ​លែង​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​វិញ ហើយ​ចំពោះ​សត្វព្រៃ ដែល​រង​របួស ឬ​សុខភាព​មិន​អំណោយផល ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​អាច​ទាក់ទង​ក្រុម​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ដើម្បី យក​មក​ថែរក្សា​និង​ព្យាបាល​ឱ្យ​ជា​សះស្បើយ មាន​សុខភាព​ល្អ មុន​នឹង​ព្រ​លែង​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​វិញ ។

ក្រៅពី​អន្ទាក់​ដែល​បាន​បង្ក​គ្រោះថ្នាក់​សម្លាប់​សត្វព្រៃ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏​បាន​ដកហូត​កាំភ្លើង​កែ​ច្នៃ ប្រើប្រាស់ សម្រាប់​ការ​ប្រមាញ់​សត្វព្រៃ​ចំនួន ៧៥៨​ដើម ត្រូវ​បាន​ដកហូត​នៅ​ឆ្នាំ ២០២១ ។ បរិមាណ​នេះ​ប្រមា​ក់​ប្រហែល​ឆ្នាំ ២០២០​ដែរ ។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា ការ​កើនឡើង នៃ​កាំភ្លើង​កែ​ច្នៃ​ក៏​ជា​ផ្នែក​មួយ​គំរាមកំហែង​ដល់​សត្វព្រៃ ហើយ​កាំភ្លើង​កែ​ច្នៃ​នេះ គឺជា​អាវុធ ដែល​គ្រោះថ្នាក់​បំផុត​ផង​ដែរ ។ លើស​ពី​នេះ សត្វ​ឆ្កែប្រដេញ ក៏​ជា​មូលហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សត្វព្រៃ​ដែរ ។ ប្រជាជន​មួយ​ចំនួន បាន​ចិញ្ចឹមសត្វ​ឆ្កែប្រដេញ​ជា​ហ្វូង ដើម្បី​បណ្តើរ​ចេញ​ទៅ​ប្រមាញ់​សត្វព្រៃ ដែល​ជា​កត្តារួម​ផ្សំ​ធ្វើ​ឱ្យ​ចំនួន​សត្វព្រៃ​ត្រូវ​បាន​ថយ​ចុះ​ដោយ​ការ​ប្រមាញ់ និង​ស្លាប់​ដោយសារ​តែ​ជំងឺឆ្លង​ពី​ឆ្កែស្រុក ។

ដើម្បី​បញ្ឈប់​ការ​បរបាញ់​សត្វ​បញ្ឈប់ ការ​ដាក់​អន្ទាក់​ចាប់​សត្វ លោក នេត្រ ភក្ត្រា សូម​ប្រជាពលរដ្ឋ​កុំ​បរិភោគ​សាច់សត្វ កុំ​ជួញដូរ​សត្វ​ព្រែ និង​កុំ​ជឿ​លើ​ជំនឿ​ថា បរិភោគ​សាច់សត្វ ឈាម ឬ​យក​ឆ្អឹង​សត្វព្រៃ​ទៅ​ធ្វើ​ឱសថ​ប៉ូវ​កម្លាំង ឬ​ជំនួយ​ដល់​សុខភាព តែ​វា​អាច​នឹង​ធ្វើ​ឱ្យ​បងប្អូន​ប្រឈម​មុខ នឹង​គ្រោះថ្នាក់​ទៅ​វិញ​ដោយសារ​តែ​អាច​មាន​មេរោគ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ