ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើង ២ក្រុម បើកឆាកប្រយុទ្ធគ្នា មួយប្រាវ របួសធ្ងន់ ២នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រុមក្មេងទំនើងប្រុសស្រីមួយក្រុម មានគ្នាជាង ១០ម៉ូតូ បានចោទប្រកាន់ ទៅភាគីជម្លោះម្ខាងទៀតថា បាន​ដេញវាយពួកខ្លួន គោលបំណងប្លន់យកម៉ូតូ ធ្វើអោយពួកគេ ភ័យស្លន់ស្លោ ក៏ជិះម៉ូតូដួល…

ភ្នំពេញ៖ ក្រុមក្មេងទំនើងប្រុសស្រីមួយក្រុម មានគ្នាជាង ១០ម៉ូតូ បានចោទប្រកាន់ ទៅភាគីជម្លោះម្ខាងទៀតថា បាន​ដេញវាយពួកខ្លួន គោលបំណងប្លន់យកម៉ូតូ ធ្វើអោយពួកគេ ភ័យស្លន់ស្លោ ក៏ជិះម៉ូតូដួល របួស ហើយមិនអស់ចិត្ត ពួកគេក៏ជិះដេញតាមវិញ រហូតតាមទាន់យុវជន ២នាក់ ក៏បើកឆាកប្រយុទ្ធគ្នា មួយប្រាវ បណ្តាលឲ្យយុវជន ២នាក់នោះ រងរបួសធ្ងន់ បែកមុខបែកមាត់ សន្លប់មួយសន្ទុះធំ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅចំណុចម្តុំជ្រោះផ្តាច់ស្នេហ៍  ស្ថិតក្នុង​ភូមិទួលថាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។ 

យុវជនរងគ្រោះ ២នាក់ ដែលត្រូវក្រុមយុវជនមួយក្រុមទៀត ចោទថា បានធ្វើសកម្មភាពដេញវាយប្លន់ម៉ូតូពួកគេនោះ ​ត្រូវបានគេស្គាល់ថា មានឈ្មោះ ម៉ន សារី អាយុ ២១ឆ្នាំ ​មុខរបរជាងម៉ាស៊ីនត្រជាក់ និងម្នាក់ទៀតឈ្មោះ មឿន ភក្ដី អាយុ ២១ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់។ ទាំងពីរនាក់ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ​២០២១ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1AD-9086 ។ ចំណែកក្រុមក្មេងទំនើងមួយក្រុមទៀត មិនស្គាល់អត្តសញ្ញាណ។ 

ប្រភពពីយុវជនរងគ្រោះទាំងពីរនាក់ បានប្រាប់ថា មុនពេលកើតហេតុ រូបគេទើបនឹងចេញពីកម្មវិធីខួបកំណើតមិត្តភ័ក្ដិ នៅហាងត្រូពីកាណា ក្នុងកោះពេជ្រ ជិះម៉ូតូត្រលប់ផ្ទះវិញ មកដល់ផ្លូវទំនប់៧០ ចំនុចបុប្ផារាជធានី ក៏ជួបក្រុមក្មេងទំនើង​មួយ​ក្រុម មានប្រុសមានស្រី  ជិះម៉ូតូច្រើនគ្រឿង បានស្រែកថា ពួកគេទាំងពីរនាក់ថា ជាចោរ ដោយភ័យស្លន់ស្លោ ក៏នាំគ្នាជិះម៉ូតូរត់ សំដៅមកផ្ទះ ក៏ត្រូវក្រុមក្មេងទំនើងទាំងនោះ ជិះប្រដេញ តាមមកដល់កន្លែងកើតហេតុ។ ពួកគេក៏ផ្តួលម៉ូតូ រត់ ក៏ត្រូវក្រុមក្មេង​ទំនើងព្រួតគ្នាវាយពួកគេទាំងពីរនាក់នឹងខ្សែក្រវ៉ាត់ មួកការពារសុវត្ថិភាព បណ្តាលឲ្យពួកគេទាំងពីរ របួសបែកមុខ បែកមាត់ សន្លប់មួយសន្ទុះ ទើបដឹងខ្លួន​ ក៏ត្រូវបក្សក្រុមក្មេងទំនើងទាំងនោះ វាយបន្ថែមទៀត មុននឹង​ពួកគេ រត់ប្រសាច ចែក​ជើង​គ្នា បង្កការភ្ញាក់ផ្អើលពេញភូមិ។ 

ចំណែកក្រុមក្មេងទំនើងប្រុសស្រី ដែលមិនស្គាល់អត្តសញ្ញាណនោះ បានប្រាប់​ថា មុនកើតហេតុ រូបគេ ទើបនឹងចេញពីផឹកស៊ី នៅហាងយីហោ ផាំឃ្វីន ដោយ​នាំគ្នាជិះម៉ូតូត្រលប់មកផ្ទះវិញ មានគ្នា ៥ ទៅ ៦ម៉ូតូ។ មកដល់ចំនុចរង្វង់មូលសម្តេចសង្ឃរាជ​ជួនណាត ក៏ជួបក្រុមជនសង្ស័យមួយក្រុម សុទ្ធតែប្រុស មានគ្នា ៥ ទៅ ៦ម៉ូតូដូចគ្នា។ ក្នុងនោះក៏មានម៉ូតូយុវជនទាំង ២នាក់នោះផងដែរ​។  

ប្រភពដដែលបានបន្តទៀតថា ឃើញដូច្នោះ រូបគេមិនចង់មានរឿងរ៉ាវ ក៏នាំគ្នាជិះគេចចេញ ស្រាប់តែក្រុមក្មេងទំនើងទាំងនោះ បានបន្ថែមល្បឿន ជិះដេញតាមពួកគេ ថែមទាំងដោះមួកការពារ និង​ខ្សែក្រវ៉ាត់ កាន់គ្រប់ដៃ ជិះអូសជន្ទល់ម៉ូតូ បែកផ្កាភ្លើង​ពេញផ្លូវ ដេញវាយពួកគេ ធ្វើឲ្យពួកគេភ័យ ក៏ជិះរត់មកដល់ចំនុចរង្វង់មូលគួចកាណុង ចំនុចការ៉ាសស៊ាំងតេលា ក៏ដួលម៉ូតូ​ច្រើន​គ្រឿង របួសរលាត់ដៃជើង។ ចំណែកជនបង្ក បានបំបែកផ្លូវគ្នា ជិះរត់បាត់អស់។  

ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះ ស្រាប់យុវជនទាំងពីរនាក់ខាងលើ បានជិះម៉ូតូ ម៉ាកហុងដាឌ្រីមសង់ពណ៌ក្រហម បកត្រលប់ក្រោយវិញ មកមើលពួកគេដួលម៉ូតូ។ ឃើញដូច្នោះ ពួកគេក៏ជិះប្រដេញតាមវិញ រហូតដល់ចំនុចកើតហេតុខាងលើ បើកឆាកប្រយុទ្ធគ្នា មួយប្រាវ ផ្អើលពេញភូមិ ហើយត្រូវបានសមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាមៗ។ 

ក្រោយកើតហេតុក្រុមក្មេងទំនើងប្រុសស្រី ដែលជិះម៉ូតូតាមវាយយុវជនទាំងពីរនាក់ ឲ្យរបួសបែកមុខបែកមាត់វិញ​នោះ ឃើញសភាពការណ៍មិនស្រួល ក៏រំដោះគ្នា គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលអស់  នៅសល់តែស្រីៗ ២នាក់ ទៅ ៣នាក់ និងយុវជនរងគ្រោះទាំងពីរនាក់នោះ ក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ន នាំទៅសាកសួរ នៅប៉ុស្តិ៍នគរបាល​ទួល​សង្កែ២ និងចាត់ការបន្ត តាមនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ