ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អស្ចារ្យណាស់​! ទីក្រុងកម្ពុជា​​ចំនួន៣ ទទួល​បាន​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​សីហ​នុ​៖ ទីក្រុង​ចំនួន​២១ នៃ​ប្រទេស​សមាជិក​អាស៊ាន បាន​ទទួល​ពាន់រង្វាន់​ជ័យ​លា​ភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣

ខេត្ត​សីហ​នុ​៖ ទីក្រុង​ចំនួន​២១ នៃ​ប្រទេស​សមាជិក​អាស៊ាន បាន​ទទួល​ពាន់រង្វាន់​ជ័យ​លា​ភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣ ឆ្នាំ​២០២២-២០២៤ ក្នុង​នោះ​ក៏​មាន​ទីក្រុង​ចំនួន​៣​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។

នា​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ (ATF 2022) រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ក៏​បាន​ផ្ដល់​កិត្តិយស​ប្រគល់​ពានរង្វាន់​ជូន​អភិបាលខេត្ត អភិបាលក្រុង និង​តំណាង​ទីក្រុង​ជ័យ​លា​ភី​ទាំង​២១​នោះ​ផង​ដែរ​។ ការ​ប្រគល់​ពានរង្វាន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​ឆ្នេរ​សុខា ខេត្ត​ព្រះ​សីហ​នុ ជាទី​ដែល​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២​។

ទីក្រុង​ទាំង​២១​ដែល​ទទួល​បាន​ជ័យ​លា​ភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣​នោះ រួម​មាន​៖ប្រទេស​ព្រុយ​ណេ មាន​ទីក្រុង​ទូ​តុង (Tutong)​។

ប្រទេស​កម្ពុជា មាន​ទីក្រុង​បាត់ដំបង (Battambang) ទី​ក្រុងព្រះសីហនុ (Preah Sihanouvill) និង​ទីក្រុង​សៀមរាប (Siem Reap)​។ ជាមួយ​គ្នា​នោះ លោក​សុខ លូ អភិបាលខេត្ត​បាត់ដំបង លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ និង​លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប ក៏​បាន​អញ្ជើញ​មក​ទទួល​ពានរង្វាន់​ផ្ទាល់​ពី​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ផង​ដែរ​។

-ប្រទេស​ឡាវ មាន​ទីក្រុង​ហ្លួងព្រះបាង (Luang Prabang) ទីក្រុង​ប៉ាក​សេ (Pakse) និង​ទីក្រុង​វៀងជ័យ (Viengxay)​។

-ប្រទេស​ម៉ា​ឡេ​ស៉ី មាន​ទីក្រុង​ច​ច (George Town) កោះ​លង្កា​វី (Langkawi) និង​ទីក្រុង​ម័​រ (Muar)​។

-ប្រទេស​មី​យ៉ា​ន់​ម៉ា មាន​ទីក្រុង​ម​ណ្ឌា​ល័យ (Mandalay) ទីក្រុង​ណៃ​ពិដោរ (Nay Pyitaw) និង​ទីក្រុង​មី​យិ​ក (Myeik)​។

-ប្រទេស​ថៃ មាន​ទីក្រុង​ខន​កេ​ន (Khon Kaen) ទីក្រុង​ប៉ា​តា​យ៉ា (Pataya) និង​កោះ​ម៉ាក (Koh Mak)​។

-ប្រទេស​វៀតណាម មាន​ទីក្រុង​ហា​ឡុ​ង (Ha Long) ទីក្រុង​ដា​ឡា​ត់ (Da Lat) និង​ទីក្រុង​វ័ង​តា​វ (Vung Tau)​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បញ្ជាក់​ថា ការ​ប្រគល់​រង្វាន់​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ទីក្រុង​ទេសចរណ៍​អាស៊ាន ក៏​ដូច​ជា​ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​នៅ​តាម​បណ្តា​ទីក្រុង​របស់​អាស៊ាន ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១៦-២០២៥ សំដៅ​ធ្វើ​ឱ្យ​អាស៊ាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ភាព​ទាក់ទាញ ផ្តល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ​។

លោក​បាន​បន្ត​ថា ការ​ប្រកួតប្រជែង​នេះ​ក៏​បាន​ជំរុញ​ដល់​ការ​រៀបចំ​មជ្ឈដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​បណ្តា​ទីក្រុង​នៅ​ក្នុង​តំបន់​អាស៊ាន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​ចូលរួម​យ៉ាង​មាន​ប្រសិទ្ធភាព​ដល់​ការ​អភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​។

គួរ​បញ្ជាក់​ថា ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ត្រូវ​បាន​ដឹកនាំ​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត តាំងពី​ឆ្នាំ​២០១១ ដោយ​មានការ​គាំទ្រ​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ហើយ​ស្តង់ដា​នេះ​ត្រូវ​បាន​អនុម័ត និង​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៥​។

យោង​តាម​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ក្រសួងទេសចរណ៍ កម្ពុជា​បាន​និង​កំពុង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ទាំង​នៅ​កម្រិត​ថ្នាក់​ជាតិ និង​កម្រិត​តំបន់​អាស៊ាន សំដៅ​ចូលរួម​ដល់​ការ​ជំរុញ​ការ​កសាង​ទីក្រុង​ឆ្លាត​វៃ (Smart City) នៅ​ក្នុង​តំបន់​អាស៊ាន​។ នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​តួនាទី និង​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​តំបន់ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ