ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ ជាពិសេសភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅមណ្ឌលគិរី បានរិះគន់យ៉ាងខ្លាំង ចំពោះអាជ្ញាធរខេត្ត និងមន្ទីរបរិស្ថានខេត្ត ពីបញ្ហាសំរាមដែលបណ្ដែតបណ្ដោយឱ្យមានគំនរគរដូចភ្នំ នៅកណ្ដាលក្រុងបង្អួតដល់ភ្នែកអ្នកទេសចរគួរឱ្យហួសចិត្តបំផុត ។
ភាគច្រើនសំរាមមានរាយប៉ាយពេញទីសាធារណៈ ជាពិសេសនៅលើអតីតព្រលានយន្តហោះ ដែលនៅកណ្តាលក្រុងសែននោរម្យ ជិតរង្វង់មូលគោព្រៃតែម្តង ហើយសំរាមទាំងនោះ គឺសុទ្ធសឹងអ្នករស់នៅក្នុងផ្សារ និងតាមដងផ្លូវសួនច្បារក្រុង យកទៅបោះចោលដោយគ្មានភាពទទួលខុសត្រូវ។
បើទោះជាពេលកន្លងមក ធ្លាប់មានសេចក្ដីប្រកាសណែនាំពីយុទ្ធនាការរៀបចំទីក្រុងឲ្យមានសោភ័ណភាពក៏ដោយ ប៉ុន្ដែបញ្ហាសំរាមនៅតែមានដដែល ព្រោះតែធ្វើបានតែមួយប៉ព្រិចភ្នែក ក៏បាត់ទៅវិញ ។ ព្រោះតែមន្ទីរបរិស្ថានមិនយកចិត្តទុកដាក់រៀបចំឱ្យបានស្អាតនោះទេ ម្យ៉ាងប្រជាពលរដ្ឋមួយចំនួននៅតែបន្តបំពានបម្រាម ដែលអាជ្ញាធរបានដាក់ហាមឃាត់ ការចោលសម្រាមពាសវាលពាសកាលដដែលជាដដែល។
ក្រុមអ្នកតាមដានអំពីបញ្ហាបរិស្ថានបាននិយាយថា ពួកគេពិតជាកោតសសើរចំពោះអ្នកពាក់ព័ន្ធណាស់ ព្រោះបានបណ្តែតបណ្តោយឲ្យសំរាមថង់កៅស៊ូ ។ល។ ធ្វើឲ្យបាត់សោភ័ណភាព និងសម្រស់របស់ក្រុងសែនមនោរម្យ ដែលជាបេះដូង នឹងជាមណ្ឌលទេសចរណ៍របស់ខេត្តមណ្ឌលគិរី ដែលជាខេត្តមួយជាប់ចំណាត់ថ្នាក់ មានសម្រស់ធម្មជាតិដ៏ល្អឯក ។
ចំណែករឿងហួសចិត្តមួយទៀត ដែលក្រុមអ្នកស្រឡាញ់បរិស្ថានល្អលើកឡើងផងនោះគឺ ការចោទប្រកាន់ទៅវិញទៅមករវាងប្រជាពលរដ្ឋនៅមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន ព្រោះបើមានការចូលរួមទាំងអស់គ្នា បញ្ហាសំរាមហោះហើរពេញក្រុង ក៏មិនអាចកើតមានដែរ ។ ដ្បិតសំរាមទាំងនោះ គឺបានកើតចេញពីប្រជាពលរដ្ឋខ្លួនឯង ដែលយកទៅចោលគ្រប់ទីកន្លែងសាធារណៈដែលពួកគេគិតថា មានភាពងាយស្រួលជាងយកទៅចោលនៅទីលានចោលសំរាមដែលរដ្ឋបានរៀបចំទុក ។
នៅមានសកម្មភាពមួយចំនួន ដែលគេតែងសង្កេតឃើញដែលនោះ គឺមានអាជីវកររស់នៅក្នុងផ្សារសែនមនោរម្យមួយចំនួននៅពេលយប់ស្ងាត់ ក៏លួចយកសំរាមទៅចោលលើទីធ្លាអតីតព្រលានយន្ត ដែលមានទីតាំងកណ្តាលក្រុងតែម្តង ។
ចែករំលែកព័តមាននេះ