ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបាត់ដំបង ចេញ​សេចក្តីបំភ្លឺ ករណីអតីត​អភិបាល​រង​ស្រុកថ្មគោល ​លាលែង​ពី​ការងារ​រដ្ឋ​

4 ខែ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​១៩ ខែមករា​នេះ បានចេញ​សេចក្តីបំភ្លឺ ជុំវិញ​ការ​បង្ហោះ​សារ និង​រូបភាព​របស់​គណនី Facebook ឈ្មោះ Ly…

​ខេត្តបាត់ដំបង​៖ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​១៩ ខែមករា​នេះ បានចេញ​សេចក្តីបំភ្លឺ ជុំវិញ​ការ​បង្ហោះ​សារ និង​រូបភាព​របស់​គណនី Facebook ឈ្មោះ Ly Dinory ដែល​បាន​លើកឡើងថា រដ្ឋបាលខេត្ត​បាត់ដំបង ធ្វើ​ការនិយម​បក្សពួក និង​បាន​បង្ហោះ​លិខិត​គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែលមាន​ខ្លឹមសារ​ស្នើសុំ​អនុញ្ញាត​លាឈប់​ពី​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​។​

​ជុំវិញ​ករណីនេះ រដ្ឋបាលខេត្ត​បាត់ដំបង បាន​បំភ្លឺ​ជូន​សាធារណជន​ថា លោក លី ឌី​នូ​រី បច្ចុប្បន្ន​ជាម​ន្ត្រី​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត​បាត់ដំបង​។ កន្លងមក លោក លី ឌី​នូ​រី ធ្លាប់​កាន់​មុខតំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​ថ្មគោល ប៉ុន្តែ​ដោយសារតែ​ភាព​អសកម្ម​ក្នុងការ​បំពេញ​តួនាទី​របស់លោក និង​ការអនុវត្ត​តួនាទី ភារកិច្ច​មិន​ចុះសម្រុង​ជាមួយ​ក្រុមប្រឹក្សា​ស្រុក​ថ្មគោល គណៈ​អភិបាលស្រុក​ថ្មគោល និង​មន្ត្រីរាជការ​តាម​បណ្តា​អង្គភាព​ចំណុះ​រដ្ឋបាល​ស្រុក​ថ្មគោល​ផង​នោះ ទើប​លោក លី ឌី​នូ​រី ត្រូវបាន​ក្រសួងមហាផ្ទៃ សម្រេច​ផ្ទេរ​ភារកិច្ច​ពី​អភិបាលរង​ស្រុក​ថ្មគោល ឲ្យ​មក​បម្រើ​ការងារ​ជា​មន្ត្រី​នៅ​សាលាខេត្ត​បាត់ដំបង ក្នុងអំឡុង​ខែមីនា ឆ្នាំ​២០១៩​។​

​លិខិត​បំភ្លឺ​របស់​រដ្ឋបាលខេត្ត​បាត់ដំបង បន្តថា ក្រោយពី​បានមក​បម្រើ​ការងារ​ជា​មន្ត្រី​នៅ​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត បាន​ចំនួន ៤​ខែ សាមីខ្លួន បានដាក់​ពាក្យស្នើសុំ​ស្ថិត​នៅក្រៅ​ក្របខណ្ឌ​ដើម ដើម្បី​ទៅ​បំពេញ​មុខងារ ជាទី​ប្រឹក្សា​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា មាន​ឋានៈ​ស្មើ​អគ្គនាយក និង​បានដាក់​ពាក្យស្នើសុំ​ចូល​ប​ម្រើ​ការងារ នៅក្នុង​អង្គភាព​ដើម​វិញ នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០​។​

​រដ្ឋបាលខេត្ត​បាត់ដំបង លើកឡើងថា ចាប់ពី​ថ្ងៃ ដែល​រដ្ឋបាល​ខេត្តបាត់ដំបង បានអនុញ្ញាត​ឲ្យ​ចូលមក​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ លោក លី ឌី​នូ​រី ពុំ​បានមក​បំពេញភារកិច្ច នៅ​អង្គភាព​ឲ្យ​បានជា​ប់លាប់​នោះទេ គឺ​សាមីខ្លួន មក​បម្រើ​ការងារ​មួយ​ព្រឹក ហើយ​អវត្តមាន គ្មាន​ច្បាប់​ពី ២ ទៅ ៣​ថ្ងៃ ហើយ​ការ​អវត្តមាន​នេះ ក៏​មិនមាន​ការជូនដំណឹង​មក​អង្គភាព​សាមី​ឡើយ​។ ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ សាមី​ខ្ល​​ន បាន​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​ជាប់ៗ​គ្នា ដោយ​គ្មាន​មូលហេតុ និង​គ្មាន​ការជូនដំណឹង មក​អង្គភាព​សាមី​។​

​រដ្ឋបាលខេត្ត​បាត់ដំបង បន្ថែមថា ដើម្បី​ពង្រឹង​ការគ្រប់គ្រង​មន្ត្រីរាជការ​ស្របតាម​គោលការណ៍ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រដ្ឋបាលខេត្ត បានធ្វើ​លិខិតអញ្ជើញ​លើក​ទី​១ ដើម្បី​ឲ្យ​លោក លី ឌី​នូ​រី ចូលមក​បំពេញការងា​រ នៅ​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក ក្រោយពី​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​ជាប់ៗ​គ្នា រយៈពេល ២​សប្តាហ៍​កន្លងមក ដើម្បី​ទុក​ឱកាស​ឲ្យ​មន្ត្រី​រូបនេះ កែប្រែ​កំហុស​ខ្លួន​ឡើងវិញ​។ ប៉ុន្តែ​ផ្ទុយទៅវិញ មន្ត្រី​រូបនេះ ពុំបាន​ចូលមក​បង្ហាញខ្លួន នៅ​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​តាម​ការអញ្ជើញ​នោះទេ ហើយ​សាមីខ្លួន ក៏​ពុំបាន​សាកសួរ​ព័ត៌មាន​មក​អង្គភាព​ខ្លួន​ដែរ បែរជា​ធ្វើការ​បង្ហោះ​សារ និង​រូបភាព​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដែល​នាំ​ឲ្យ​សាធារណជន មានការ​ភាន់ច្រឡំ មកលើ​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​។​

​រដ្ឋបាលខេត្ត​បាត់ដំបង បញ្ជាក់ថា «​រដ្ឋបាលខេត្ត​បាត់ដំបង តែងតែ​គោរព​ប្រតិបត្តិ និង​អនុវត្ត​ជាប់​ជាប្រចាំ​តាម​គោលការណ៍​ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ជាពិសេស​ក្នុងដំណាក់កាល​ការផ្ទេរ​បុគ្គលិក និង​ផ្ទេរ​មុខងារ មក​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​សម្រាប់​ខេត្តបាត់ដំបង មិនមែន​មានតែ​ករណី​លោក លី ឌី​នូ​រី តែ​ម្នាក់​នោះទេ គឺ​រាល់​មន្ត្រី ដែល​ពុំ​មក​បម្រើ​ការងារ និង​ប្រព្រឹត្ត​កំហុស​ឆ្គាំឆ្គង​វិជ្ជាជីវៈ គឺ​រដ្ឋបាលខេត្ត បាន​ចាត់វិធានការ និង​បាន​អនុវត្តតាម​នីតិវិធី​កំណត់ ហើយ​ករណី​ដូចគ្នានេះ ក៏​ត្រូវបាន​អនុវត្ត​ចំពោះ​មន្ត្រីរាជការ ចំនួន ៣​រូប​ទៀត ដែល​បាន​អវត្តមាន​គ្មាន​មូលហេតុ និង​គ្មាន​ច្បាប់​អនុញ្ញាត ដើម្បី​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​មន្ត្រីរាជការ ស្របតាម​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះរាជក្រឹត្យ ស្តីពី​លក្ខន្តិកៈ ដោយឡែក សម្រាប់​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​លិខិតបទដ្ឋាន​គតិយុត្ត​កំណ​ត់​»​។​

​សូម​រម្លឹកថា នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សម្តែង​ការសោកស្តាយ ដោយ​លោក​រដ្ឋមន្ត្រី អះអាងថា មាន​យុវជន​ម្នាក់ ដើរចោល​ការងារ​រដ្ឋ ព្រោះ​យល់ថា មានរឿង​បក្ខពួកនិយម​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​លើ​បណ្តាញ​សង្គម យ៉ាង​ដូច្នេះ​ថា «​សោកស្តាយ ឃើញ​យុវជន​ម្នាក់​ដើរចោល​ការងារ​រដ្ឋ ព្រោះ​យល់ថា មានរឿង​បក្ខពួក ។ អ្វីដែល​ខ្ញុំ​ស្តាយ គឺ​ប្អូន​គិតថា ពិភពលោក​មានតែ​ពណ៌ ២​គត់ គឺ ខ្មៅ និង ស​។ តាមពិត​ពណ៌ ដែលមាន​ច្រើន​បំផុត ក្នុង​លោក គឺ​ពណ៌​ប្រផេះ​។ សម័យនេះ ព្រំដែន ដែល​ខណ្ឌ​ការងារ​ជា​ក្រុម​(Teamwork) និង​បក្ខពួក គឺ​ស្តើង​ណាស់ សំខាន់ តើ​យើង​មាន​ជំនាញ​អី ដែល​គេ​ត្រូវការ​យើង​ទេ​?» ។​

​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ខាងលើនេះ បន្ទាប់ពី​មាន​ពាក្យស្នើសុំ​លាឈប់​ពី​ការងារ​របស់​មន្ត្រី​សាលាខេត្ត​បាត់ដំបង មួយរូប ឈ្មោះ លី ឌី​នូ​រី ឋានន្តរសក្តិ វរៈមន្ត្រី ថ្នាក់​លេខ​២ នៃ​ក្របខណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១៩​មករា​នេះ​។​

​មូលហេតុ​នៃ​ការដាក់​សំណើសុំ​អនុញ្ញាត​លាឈប់​ពី​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ លោក លី ឌី​នូ​រី បាន​បញ្ជាក់ថា លោក​បាន​បំពេញភារកិច្ច ជា​មន្ត្រីរាជការ​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ ចាប់តាំងពី​ឆ្នាំ​២០០៧ រហូត​បច្ចុប្បន្ន ជាម​ន្ត្រី​សាលាខេត្ត​បាត់ដំបង ដោយ​លោក ពុំ​ពេញ​ចិត្តនឹង​ការបង្កើត​បក្សពួក ក្នុង​សាលាខេត្ត​បាត់ដំបង ទើប​លោក​ស្នើសុំ​លាឈប់​ពី​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្ងៃទី​១៨ មករា ឆ្នាំ​២០២២​នេះ​តទៅ​។​

​ជាមួយគ្នានេះដែរ នៅ​ថ្ងៃទី​១៨ មករា ឆ្នាំ​២០២២ លោក មូល ធន នាយក​រដ្ឋបាល​ខេត្តបាត់ដំបង ក៏​បានចេញ​លិខិតអញ្ជើញ (​លើក​ទី​១) ជូន​លោក លី ឌី​នូ​រី មន្ត្រី​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត​បាត់ដំបង ដើម្បី​ចូលមក​បំពេញការងារ​នៅ​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក ក្រោយពី​អវត្តមាន (​គ្មាន​ច្បាប់​អនុញ្ញាត​ជាប់ៗ​គ្នា​រយៈពេល ២​សប្តាហ៍​កន្លងមក​) ចាប់ពី​ម៉ោង​០៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ នៅ​ទីកន្លែង​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត​។​

​ក្រោយពី​ទទួលបាន​លិខិតអញ្ជើញ (​លើក​ទី​១) លោក លី ឌី​នូ​រី មិន​បដិសេធ​ទេ ប៉ុន្តែ​លោក​មាន​សំណួរ​ថា « ទី​១- តើ​រយៈកាល​កន្លងមក ក្រុម​អស់លោក ធ្វើទុក្ខបុកម្នេញ​ខ្ញុំ វា​មិនទាន់​គ្រប់គ្រាន់​មែន​ទេ ? ទី​២- នៅពេល ដែល​ខ្ញុំ​ចូល​បំពេញការងារ តើ​ធានា​ទេ មានការ​ងារ​ធ្វើ​សម្រាប់​ខ្ញុំ​ដូច​មន្ត្រី​ធម្មតា ? រឺ​ត្រឹមតែ​ចង់អោយ​ខ្ញុំ មក​អង្គុយ​អាន​កាសែត ដូច​រយៈកាល​មុន​? តើ​ខ្ញុំ​មាន​កំហុស​អ្វី ? ប្រសិនបើ​មក​អង្គុយ​ត្រឹម​អាន​កាសែត ខ្ញុំ​មិន​មក​ល្អ​ជាង សុខចិត្ត​សុំ​លាឈប់ ទៅធ្វើ​ការងារ​ឯកជន​វិញ​។ ទី​៣- បក្សពួកនិយម​ខ្លាំងពេក នាំអោយ​អន្តរាយ ដល់​ស្ថាប័នរដ្ឋ​។ នេះ​ប្រហែល​មកពី​ខ្ញុំ មិនមែន​នៅក្នុង​ក្រុម​គេ​ទេ​ដឹង​? កន្លែង​ដែលមាន​បក្សពួក​ពេក ខ្ញុំ​មិន​ធ្វើការ​ជាមួយ​ទេ សូមជ្រាប​»​។​

​យ៉ាងណាក៏ដោយ ក្នុង​លិខិត​បំភ្លឺ​របស់​រដ្ឋបាលខេត្ត​បាត់ដំបង លើ​ករណី​អតីត​អភិបាលរង​ស្រុក​ថ្មគោល លោក លី ឌី​នូ​រី ខាងលើនេះ មិនបាន​លើក​បង្ហាញ​ពី​ការអះអាង​របស់លោក លី ឌូ​នូ​រី ពាក់ព័ន្ធ​នឹង​ការប្រកាន់​ថា ធ្វើការ​ដោយ​ប្រកាន់​បក្ខពួក​នោះទេ​៕​

Picture
Picture
Picture
Picture
Picture
Picture