ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​រាជ​ពិធី​បុណ្យ​អក​អំបុក​ សំពះ​ព្រះ​ខែ​ក្នុង​​វាំង

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ ​និង​អក​អំបុក ​ដែល​បាន​​ប្រព្រឹត្ត​ទៅ​​ក្នុង​រយៈ​ពេល​​​៣ថ្ងៃ នៅ​ក្នុង​រាត្រី​​ទី​២ ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​នេះ គឺ​​ចំ​ថ្ងៃ​​១៥​កើត ពេញ​បូណ៌​មី​ ខែ​កត្តិក ត្រូវ​នឹង​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ​២០១០ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​​នរោត្តម​ សីហ​មុនី ព្រះ​មហា​​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​ទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​​បាន​សព្វ​ព្រះ​រាជ​ហឫ​​ទ័យ ស្តេច​យាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់​ខ្ពស់

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ ​និង​អក​អំបុក ​ដែល​បាន​​ប្រព្រឹត្ត​ទៅ​​ក្នុង​រយៈ​ពេល​​​៣ថ្ងៃ នៅ​ក្នុង​រាត្រី​​ទី​២ ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​នេះ គឺ​​ចំ​ថ្ងៃ​​១៥​កើត ពេញ​បូណ៌​មី​ ខែ​កត្តិក ត្រូវ​នឹង​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ​២០១០ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​​នរោត្តម​ សីហ​មុនី ព្រះ​មហា​​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​ទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​​បាន​សព្វ​ព្រះ​រាជ​ហឫ​​ទ័យ ស្តេច​យាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់​ខ្ពស់​​នៅក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​សំពះ​​ព្រះ​ខែ​​ និង​អក​អំបុក​ដែល​បាន​រៀប​ចំ​ឡើង​យ៉ាង​មហោ​ឡារិក​នៅ​ក្នុង​ព្រះ​ទីនាំង​​ទេវា​វិនិ​ច្ឆ័យ​នៃ​ព្រះ​បរម​រាជ​វាំង ។

ព្រះ​រាជ​ពិធី​បុណ្យ​សំពះ​ព្រះ​ខែ និង​អក​អំបុក​​ត្រូវ​បាន​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​គ្រប់​ជំនាន់​បន្ត​រហូត​ដល់​ព្រះ​ករុណា​ជា​​​អម្ចាស់​ជីវិត​តម្កល់​​លើ​ត្បូង ព្រះ​បាទ​សម្តេច​​ព្រះ​​បរម​នាថ ព្រះ​មហា​ក្សត្រ​នៃ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា គោរព​បូជា​ និង​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ព្រះ​រាជ​ហឫ​ទ័យ​ប្រកប​ដោយ​​សទ្ធា​ជ្រះ​ថ្លា ដើម្បី​ថែរក្សា និង​លើក​តម្កើង​ព្រះ​រាជ​ពិធី​បុណ្យ​ប្រពៃណី​របស់​ជាតិ​យើង​ទាំង​មូល និង​នាំ​មក​នូវ​សិរី​សួ​ស្តី ជ័យ​មង្គល​ដល់​របរ​កសិ​កម្ម ស្រែ​ចំការ​របស់​ប្រជា​កសិ​ករ​កម្ពុជា ជា​បង​ប្អូន​កូន​ចៅ​របស់​ព្រះ​អង្គ​ឱ្យ​​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ក្នុង​ឆ្នាំ​ក្រោយៗ​បន្ត​ទៀត ។

ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​​អំបុក​ក្នុង​ឆ្នាំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ បន្ទាប់​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ដ៏​ឧត្តុង្គ​ឧត្តម និង​ជា​ប្រវត្តិ​សាស្ត្រ​របស់​ជាតិ​ចំនួន​៣ គឺព្រះ​រាជ​ពិធី​បុណ្យ​យាង​​ឡើង​គ្រង​រាជ​សម្បត្តិ​គំរប់​ខួប​៦​ឆ្នាំ របស់​ព្រះ​ករុណា​ជា​អម្ចាស់​​ជីវិត​​តម្កល់​លើ​ត្បូង​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ព្រះ​រាជ​ពិធី​បុណ្យ​ចំរើ​ន​ព្រះ​ជន្ម​វស្សា​គំរប់​៨៨​​យាង​ចូល​៨៩​ព្រះ​វស្សា របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​មហា​វីរ​ក្សត្រ​ ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ​ជា​ទី​សក្ការៈ​​ដ៏​ខ្ពង់​ខ្ពស់​បំផុត និង​ពិធី​បុណ្យ​ឯក​រាជ្យ​ជាតិ​ខួប​អនុស្សា​វរីយ៍​លើក​ទី​៥៧ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១០)។ តាម​រយៈ​ព្រះ​រាជ​បូជ​នីយ​កិច្ច​ទាម​ទារឯក​រាជ្យ​របស់​ព្រះ​មហាវីរ​ក្សត្រ​នេះ ហើយ​ធ្វើ​ឱ្យ​ប្រជា​ជាតិ​កម្ពុជា​កូន​​​​ចៅ ចៅ​ទួត​របស់​ព្រះ​អង្គ​ចង​ចាំ​ជានិច្ច​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ ចំពោះ​ព្រះ​រាជ​គុណូប​ក្ការៈ​ដ៏​ធំ​ធេង​មិន​អាច​គណនា​បាន​របស់​ព្រះ​ករុណា​ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ សម្តេច​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ និង​ព្រះ​ករុណា​ព្រះ​មហា​​ក្សត្រ​​​ដែល​បាន​ប្រោស​ព្រះ​​រាជ​ទាន​ដល់​ជាតិ​មាតុ​ភូមិ និង​ប្រជា​រាស្ត្រ​កម្ពុជា​តាំងពី​អតីត​កាល​ ជា​ពិសេស​ចាប់​តាំង​ពី​​សម័យ​​សង្គម​រាស្ត្រ​និយម​ដ៏​រុង​រឿង​បន្ត​រហូត​មក​ដល់​សម័យ​បច្ចុ​ប្បន្ន ។

យាង និង​អញ្ជើញ​ចូល​រួម​ដង្ហែ​ព្រះ​រាជ​សកម្ម​ភាព​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​​លើ​ត្បូង​ជា​ទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ឱកាស​នោះ​មាន​សម្តេច​រាជ​បុត្រី​ព្រះ​រៀម​នរោត្តម​​​ បុប្ផា​ទេវី​​សមា​ជិកា​ព្រឹទ្ធ​សភា​ សម្តេច​នរោត្តម​ សិរី​វុឌ្ឍ ឧត្តម​​ប្រឹក្សា​ផ្ទាល់​ព្រះ​​មហា​ក្សត្រ​​ និង​អ្នក​ម្នាង​ សម្តេច​​ចៅ​ហ្វាវាំង​គង់​ សំអុល ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ លោក​គុយ សុផល ទេស​រដ្ឋ​មន្ត្រី ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​អម​ក្រសួង​ព្រះ​​បរម​រាជ​វាំង ព្រម​ទាំង​ព្រះ​រាជ​វង្សានុ​វង្ស លោក​ជំទាវ​​​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ​ថ្នាក់​ដឹក​នាំ​ និង​នា​ហ្មឺន​សព្វ​មុខ​មន្ត្រី​ព្រះ​បរម​រាជ​វាំង ។

បន្ទាប់​​ពី​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​​លើ​ត្បូង​ជា​ទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​ ស្តេច​យាង​ថ្វាយ​គ្រឿង​សក្ការៈ​បូជា​រួច​មក អ្នក​ឧកញ៉ា​ភក្តី​ព្រះ​ស្តេច​ ហេង គឹម​គុណ ធម្ម​​ការ និង​សាសនា​ព្រះ​បរម​រាជ​វាំង​បាន​តាំង​នមស្ការ​​ព្រះ​រតន​ត្រ័យ និង​ថ្វាយ​តង្វាយ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ដ៏​មង្គល​នេះ មាន​រៀប​ចំ​គ្រឿង​សក្ការៈ​​បូជា​ផ្សេងៗ មាន​ទាំង​តូរ្យ​​តន្ត្រី​ប្រគំ​ថ្វាយ​នូវ​បទ សាធុ​ការ​ ក្លុំ​ ជើត ឆា បញ្ចុះ លាអុំ​ទូក ទេព​រំដួល ទេព​និ​ម្មិត ទេព​បន្ទំ អាយុ​យឺន​យូរ​ និង​បទ​កំសាន្ត​សួន​សួគ៌​ជា​ដើម ថ្វាយ​ចំពោះ​​ព្រះ​រតន​ត្រ័យ​ ព្រះ​ចង្កូម​​កែវ ដែល​ទ្រង់​​ព្រះ​សណ្ឋិត​គង់​នៅ​ឋាន​ភុជង្គ​នាគ ព្រះ​ពុទ្ធ​បាទ ស្ថិត​​នៅ​ក្នុង​ស្ទឹង​យោនក​បូរី ព្រះ​ចូ​ឡា​មុនី​ចេតិយ ព្រះ​ស្ថិត​នៅ​ក្នុង​​ឋាន​តាវត្តឹ​ង្ស ព្រះ​ចេតិយ​ស្ថិត​នៅ​ឋាន​ព្រហ្ម​លោក ព្រម​ទាំង​សម្តេច​ព្រះ​អម​រិន្ទ្រា​ទេវ​រាជ សម្តេច​ព្រះ​​មហា​​ព្រហ្ម និង​​ទេវតា​ថែរក្សា​ព្រះ​មហា​ស្វេត​ច្ឆ​ត្រ​ជា​ដើម ។

ព្រះ​រាជ​ពិធី​នេះ បាន​កំណត់​ចូល​​ពី​ថ្ងៃ​​១៤​កើត ខែ​កត្តិក ឆ្នាំ​ខាល ទោស័ក ពុទ្ធ​សក​រាជ​២៥៥៤ ត្រូវ​នឹង​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១០ ដរាប​ដល់​ថ្ងៃ ​១៥​កើត ខែ​កត្តិក ជា​ថ្ងៃ​ពេញ​បូណ៌​មី​ព្រះ​ចន្ទ​ពេញ​​វង់ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​​តម្កល់​លើ​ត្បូង ព្រះ​បាទ​សម្តេច ព្រះ​បរម​នាថ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ ព្រះ​អង្គ​មាន​ព្រះ​រាជ​សទ្ធា​ដ៏​ប្រសើរ​ជ្រះ​ថ្លា​ក្រៃ​លែង​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ហើយ​បាន​ត្រាស់​បង្គាប់​ឱ្យ​​សម្តេច​​ចៅ​ហ្វា​វាំង​គង់​ សំអុល រៀប​ចំ​គ្រឿងសក្ការៈ​មួយ​ផ្នែក​ទៀត មាន​អំបុក​ ចេក ដូង ដំឡូង ត្រាវ​ជាដើម សុទ្ធ​សឹង​ជា​ផលិត​ផល​ដំណាំ​ក្នុង​ស្រុក និង​អុជ​ទៀន​ធូប​ប្រទីប​ជ្វា​លា បំភ្លឺ​ព្រោង​ព្រាត ថ្វាយ​ព្រះ​ខែ បូជា​ចំពោះ​ព្រះ​បរម​​រូប​ព្រះ​​សៈសៈ បណ្ឌិត​បរម​ពោធិ​សត្វ ដែល​​ទ្រង់​ព្រះ​សណ្ឋិត​​តាំង​នៅ​ក្នុង​​វង់​ព្រះ ចន្ទ​សព្វថ្ងៃ​នេះ ព្រម​ទាំង​​​ព្រះ​បញ្ចៈ​វៈ​លាហៈ​កៈ គ្រប់​ព្រះ​អង្គ ទេវតា​គ្រប់​​ព្រះ​អង្គ​តាម​​ព្រះ​រាជ​បវេណី​តាំង​ពី​បូរាណ​កាល​រៀង​មក ។

ម្យ៉ាង​ទៀត​ព្រះ​រាជ​ពិធី​បុណ្យ​នេះ នៅ​បាន​បួង​សួងចង់​ដឹង​អំពី​ ឧទកៈ​ធារា ឬ​ដំណើរ​ទឹក​ភ្លៀង​ដែល​​ទេវតា​គ្រប់​ព្រះ​អង្គ ពិសេស​ព្រះ​បញ្ចៈ​វៈ​លាហៈ​កៈ​ជួយ​​បង្អុរ​ទឹក​ភ្លៀង​ឱ្យ​បាន​ធ្លាក់​ចុះ​ទៅ​លើ​ប្រឹថពី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ទាំង​២៤​រាជ​ធានី និង​ខេត្ត​ក្នុង​ឆ្នាំ​ថោះ​ត្រី​ស័ក ពុទ្ធ​សក​រាជ​ ២៥៥៥ ឆ្នាំ​ក្រោយ​នេះ ថា​តើ​រាជ​ធានី និង​បណ្តា​ខេត្ត​​ណា​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាង​គេ ដោយ​ស​ន្មត់​យក​ទៀន​ទាំង​២៤​ដើម តំណាង​ឱ្យ​រាជ​ធានី និង​ខេត្ត​ទាំង​២៤ ។ ក្នុង​កិច្ច​​ដំណើរ​ការ​សំរក់​ទៀន​ផ្សង​ចង់​​ដឹង​អំពី​ទឹក​ភ្លៀង​​ ធម្ម​ការ និង​សាសនា​ព្រះ​បរម​​រាជ​វាំង​បាន​ធ្វើ​ការ​គន់​គូរ​កំណត់​​យក​​ទៀន ដោយ​រាប់​ពី​ក្បាល​នាគ​ទៅ​កន្ទុយ​នាគ​ ក្នុង​នោះ​ទៀន​ទី ១ តំណាង​ឱ្យ​ទឹក​​ភ្លៀង​​ខេត្ត​កណ្តាល, ទៀន​ទី​២ តំណាង​ឱ្យ​ទឹក​ភ្លៀង​ខេត្ត​កំពត, ទៀន​ទី​៣ តំណាង​ឱ្យ​ទឹក​ភ្លៀង​ខេត្ត​កំពង់​ចាម, ទៀន​ទី​៤ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​កំពង់​ធំ, ទៀន​ទី​៥ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​​កំពង់​ឆ្នាំង, ទៀន​ទី​៦ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​​កំពង់​ស្ពឺ, ទៀន​ទី​៧ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​កែប, ទៀន​ទី​៨ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​​​កោះ​កុង, ទៀន​ទី​៩ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​​ក្រចេះ, ទៀន​ទី​១០ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​​តាកែវ, ទៀន​ទី​១១ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​បាត់​ដំបង, ទៀន​ទី​១២ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​បន្ទាយ​មាន​ជ័យ, ទៀន​ទី​១៣ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​ប៉ៃលិន, ទៀន​ទី​១៤ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​ពោធិ៍​​សាត់, ទៀន​ទី​១៥ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​ព្រៃវែង, ទៀន​ទី​១៦ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​ព្រះ​វិហារ, ទៀន​ទី​១៧ តំណាង​ឱ្យ​ទឹក​​ភ្លៀង​​រាជ​ធានី​ភ្នំពេញ, ទៀន​ទី​១៨ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​មណ្ឌល​គីរី, ទៀន​ទី​១៩ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​រតន​គីរី, ទៀន​ទី​២០ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​ស្វាយ​រៀង, ទៀន​ទី​២១ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​សៀម​រាប, ទៀន​ទី​២២ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​​ស្ទឹង​ត្រែង,​ ទៀន​ទី​២៣ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​ព្រះ​សីហនុ និង​ទៀន​ទី​២៤ តំណាង​ឱ្យ​ទឹក​​ភ្លៀង​ខេត្ត​​ឧត្តរ​មាន​ជ័យ។

ចំពោះ​​លទ្ធ​ផល​នៃ​ការ​ព្យាករណ៍ដំណើរ​​ទឹក​ភ្លៀង​ទាំង​២៤​រាជ​ធានី និង​ខេត្ត​នេះ ​ព្រះ​ជយា​ធិបតី​កង​កេន បារគូ​​ព្រះ​បរម​រាជ​វាំង​បាន​ទូល​​ថ្វាយ​​ និង​ជំរាប​ជូន​ដូច​ត​ទៅ៖
១-ខេត្ត​កណ្តាល ដើម​ឆ្នាំ​ និង​កណ្តាល​ឆ្នាំ​មាន​ទឹក​ភ្លៀង​ធ្លាក់​មធ្យម ចុង​ឆ្នាំ​មាន​ទឹក​ភ្លៀង​ធ្លាក់​ច្រើន ។
២-ខេត្ត​កំពត ដើម​ឆ្នាំ មាន​ទឹក​ភ្លៀង​​ធ្លាក់​​តិច កណ្តាល​ឆ្នាំ និង​​ចុង​ឆ្នាំ​មាន​ទឹក​ភ្លៀង​ធ្លាក់​ច្រើន ។
៣-ខេត្ត​កំពង់​ចាម ដើម​ឆ្នាំ​មាន​ទឹក​ភ្លៀង​ធ្លាក់​មធ្យម កណ្តាល​ឆ្នាំ​និង​ចុង​ឆ្នាំ​​​មាន​ទឹក​ភ្លៀង​ធ្លាក់​ច្រើន។
៤-ខេត្ត​កំពង់​ធំ ដើម​ឆ្នាំ​មាន​​ទឹក​ភ្លៀង​ធ្លាក់​មធ្យម កណ្តាល​ឆ្នាំ​​មាន​ទឹក​ភ្លៀង​ធ្លាក់​ច្រើន និង​ចុង​​ឆ្នាំ​មាន​ទឹក​ភ្លៀង​ធ្លាក់​មធ្យម ។
៥-​ខេត្ត​​កំពង់​ឆ្នាំង ដើម​ឆ្នាំ​មាន​ទឹក​ភ្លៀង​ធ្លាក់​មធ្យម កណ្តាល​ឆ្នាំ និង​​ចុង​ឆ្នាំ​មាន​ទឹក​ភ្លៀង​​ធ្លាក់​ច្រើន ។
៦-ខេត្ត​កំពង់​ស្ពឺ ដើម​ឆ្នាំ​មាន​ទឹក​ភ្លៀង​ធ្លាក់​តិច កណ្តាល​ឆ្នាំ​និង​ចុង​​ឆ្នាំ​មាន​ទឹក​​ភ្លៀង​ធ្លាក់​មធ្យម ។
៧-ខេត្ត​កែប ដើម​ឆ្នាំ​​និង​កណ្តាល​ឆ្នាំ​មាន​ទឹក​​ភ្លៀង​ធ្លាក់​មធ្យម ចុង​ឆ្នាំ​មាន​ទឹក​​ភ្លៀង​ធ្លាក់​ច្រើន ។
៨-ខេត្ត​កោះ​កុង ដើម​ឆ្នាំ​មាន​ទឹក​ភ្លៀង​ធ្លាក់​​មធ្យម កណ្តាល​ឆ្នាំ​និង​ចុង​ឆ្នាំ​មាន​ទឹក​ភ្លៀង​ធ្លាក់​ច្រើន ។
៩-ខេត្ត​ក្រចេះ ដើម​ឆ្នាំ​និង​កណ្តាល​ឆ្នាំ​មាន​ទឹក​ភ្លៀង​ធ្លាក់​មធ្យម ចុង​ឆ្នាំ​មាន​ទឹក​ភ្លៀង​ធ្លាក់​ច្រើន ។
១០-ខេត្ត​តា​កែវ ដើម​ឆ្នាំ​​មាន​ទឹក​ភ្លៀង​ធ្លាក់​តិច កណ្តាល​ឆ្នាំ​​និង​ចុង​ឆ្នាំ​មាន​ទឹក​ភ្លៀង​ធ្លាក់​មធ្យម ។
១១-ខេត្ត​បាត់​ដំបង ដើម​ឆ្នាំ​មាន​ទឹក​ភ្លៀង​​ធ្លាក់​មធ្យម កណ្តាល​ឆ្នាំ​​និង​ចុង​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​ច្រើន ។
១២-ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​មធ្យម កណ្តាល​ឆ្នាំ​និង​ចុង​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​ច្រើន ។
១៣-ខេត្ត​ប៉ៃលិន ដើម​ឆ្នាំ​​មាន​​ទឹក​ភ្លៀង​​ធ្លាក់​មធ្យម កណ្តាល​ឆ្នាំ​និង​ចុង​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​ច្រើន ។
១៤-ខេត្ត​ពោធិ៍​សាត់ ដើម​ឆ្នាំ​និង​កណ្តាល​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​ច្រើន ។
១៥-ខេត្ត​ព្រៃ​វែង ដើម​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​តិច កណ្តាល​ឆ្នាំ​និង​ចុងឆ្នាំមាន​​ទឹក​ភ្លៀង​​ធ្លាក់​ច្រើន។
១៦-​ខេត្ត​ព្រះ​វិហារ ដើម​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​មធ្យម កណ្តាល​ឆ្នាំ​និង​ចុង​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​ច្រើន ។
១៧-រាជ​ធានី​ភ្នំពេញ ដើម​ឆ្នាំ​និង​កណ្តាល​ឆ្នាំ​​មាន​​ទឹក​ភ្លៀង​​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​ច្រើន ។
១៨-ខេត្ត​មណ្ឌល​គីរី ដើម​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​តិច កណ្តាល​ឆ្នាំ​​មាន​​ទឹក​ភ្លៀង​​ធ្លាក់​​មធ្យម និង​ចុង​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​ច្រើន ។
១៩-ខេត្ត​រតន​គិរី ដើម​ឆ្នាំ​និង​កណ្តាល​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​ច្រើន ។
២០-ខេត្ត​ស្វាយ​រៀង ដើម​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​តិច កណ្តាល​ឆ្នាំ​និង​ចុង​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​មធ្យម ។
២១-ខេត្ត​សៀម​រាប ដើម​ឆ្នាំ​និង​កណ្តាល​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​មធ្យម និង​ចុង​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​​ច្រើន ។
២២-ខេត្ត​ស្ទឹង​ត្រែង ដើម​ឆ្នាំ​​មាន​​ទឹក​ភ្លៀង​​ធ្លាក់​តិច កណ្តាល​ឆ្នាំ​និង​ចុង​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​មធ្យម ។
២៣-ខេត្ត​ព្រះ​សីហនុ ដើ​ម​ឆ្នាំ​​មាន​​ទឹក​ភ្លៀង​​ធ្លាក់​មធ្យម កណ្តាល​ឆ្នាំ​និង​ចុង​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​ច្រើន ។
២៤-ខេត្ត​ឧត្តរ​មាន​ជ័យ ដើមឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​មធ្យម កណ្តាល​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​ច្រើន និង​ចុង​ឆ្នាំ​មាន​​ទឹក​ភ្លៀង​​ធ្លាក់​មធ្យម ។
នៅ​ក្នុង​​រាត្រី​ដ៏​មនោរម្យ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​​ទូក​ បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​ ក្នុង​ថ្ងៃ​ទី​២ នោះ គណៈ​កម្មា​ធិការ​អចិ​ន្ត្រៃយ៍​រៀប​ចំ​បុណ្យ​ជាតិ និង​អន្តរ​ជាតិ​បាន​ប្រារព្ធ​ឡើង​នូវ​ការ​បាញ់​កាំជ្រួច​នៅ​ក្នុង​ដង​ទន្លេ​​​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ជា​លើក​ទី​២ បន្ទាប់​ពី​ព្រះ​រាជ​ពិធី​សំរក់​ទៀន ដើម្បី​អប​អរ​ និង​ញ៉ាំង​ឱ្យ​ព្រះ​រាជ​ពិធី​បុណ្យ​តាម​ប្រពៃ​ណី​ជាតិ​ និង​តាម​គន្លង​ព្រះ​ពុទ្ធ​សាសនា​ដ៏​ថ្កើង​ថ្កាន​នៃ​យើង​ កាន់​តែ​ទទួល​​បាន​នូវ​ភាព​ដ៏​មហោ​ឡារិក​អធិក​អធម​ទ្វេ​ឡើង​ថែម​ទៀត ៕