ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិការ​ភាព​ជំរុញ​ឱ្យលោក ហ៊ិ​ន រស់ ក្លាយជា​ថៅកែ​គម្រោង​ដី​ឡូត៍​សម្រាប់​លម្ហែ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួញ​ដីធ្លី​មនុស្ស​មួយ​ចំនួន​បាន​ស្គាល់​ថៅកែ​ដី​ឡូត៍​ម្នាក់​ដែល​ជា​ជន​ពិការ​នោះ ​គឺ​លោក ហ៊ិ​ន រស់​ ។ លោក ហ៊ិ​ន រស់​…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួញ​ដីធ្លី​មនុស្ស​មួយ​ចំនួន​បាន​ស្គាល់​ថៅកែ​ដី​ឡូត៍​ម្នាក់​ដែល​ជា​ជន​ពិការ​នោះ ​គឺ​លោក ហ៊ិ​ន រស់​ ។ លោក ហ៊ិ​ន រស់​ បាន​ធ្លាក់ខ្លួន​ពិការ​តាំងពី​កុមារភាព ប៉ុន្តែ​លោក​បាន​ជម្នះ​ការ​លំបាក​សព្វបែបយ៉ាង​នៅ​ក្នុង​ការ​រស់នៅ រៀនសូត្រ​និង​ធ្វើ​ការងារ ទំ​រាំ​ក្លាយជា​វិនិយោគិន​ក្នុង​វិស័យ​ដីធ្លី​ម្នាក់ នា​ពេល​បច្ចុប្បន្ន​នេះ ​។

Picture

ជា​បុរស​ដែល​មាន​សម្បុរ​ស្រអែម មាឌធំ ដែល​ការ​ធ្វើ​ដំណើរ​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ត្រូវ​ពឹង​ឈើច្រត់​នេះ លោក​បាន​រៀបរាប់​ឱ្យដឹង​ពី​ខ្សែជីវិត​ខ្លះ​ៗ​ថា ដោយ​ឈរ​លើទស្សនៈ​បុរាណ​ថា ពិការ​តែ​រាង​កាយ​កុំ​ពិការ​ចិត្ត ជា​កម្លាំងចិត្ត​សំខាន់​ជំរុញ​ឱ្យខ្ញុំ​ខិតខំ​រៀនសូត្ រ​និង​មិន​អស់សង្ឃឹម​នៅ​ក្នុង​ជីវិត​រហូត​មក​ ​។

លោក ហ៊ិន រស់ បាន​ធ្លាក់ខ្លួន​ពិការ​នៅ​ពេល​អាយុ ​៥ ​ឆ្នាំ ដោយសារ​កើត​ជំងឺ​គ្រុន​ស្វិតដៃជើង ​(​ប៉ូ​លី​យ៉ូ​វីរុស​) ។ ​លោក​បាន​រំលឹក​ដល់​អតីតកាល​ថា​ ទោះបី​ខ្លួន​ពិការ​យ៉ាងណា​ក្តី តែ​លោក​ទ​ទួ​ច​សូម​ឱ​ពុក​ម្តាយ​ទៅ​រៀន​មិន​បោះបង់​ការ​សិក្សា​នោះ​ទេ​ ។ លោក​បាន​រៀនសូត្រ​ចប់​ថ្នាក់អនុបណ្ឌិត​ ។ ក្នុង​ពេល​សិក្សា​ថា្ន​ក់​មហាវិទ្យាល័យ​លោក​មិន​បាន​គិតតែ​លើ​ការ​រៀនសូត្រ មួយ​មុខ​នោះ​ទេ​ ។ ដោយសារ​ជា​កូន​កសិករ​ក្រីក្រ​ផង លោក​រៀន​បណ្តើរ​ធ្វើការ​បណ្តើរ​ដើម្បី​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ការ​សិក្សា ​ជីវភាព និង​ទទួល​បាន​បទ​ពិសោធន៍​ការងារ​ផង ​។ លោក​បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​ពិការ​ភាព​ពិតជា​មានការ​លំបាក​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​បន្តិច​ ។ ការងារ​ខ្លះ​គេ​មិន​យក​អ្នក​ពិការ​ឱ្យធ្វើ​ការងារ​ទេ កន្លែង​ខ្លះ​ទទួលយក​ជន​ពិការ​ ប៉ុន្តែ​លក្ខណៈ​ការងារមិន​សម​ស្រប​នឹង​លក្ខណ​សុខភាព​របស់​ខ្លួន​ ។

Picture

លោក​ ​ហ៊ិ​ន រស់ ឱ្យដឹង​ថា ក្នុង​ចំណោម​ការងារ​ដែល​លោក​បាន​ឆ្លងកាត់ មានការ​ងារ​មួយដែល​ផ្តល់​ឱកាស​ដល់​លោក ​ហើយ​លោក​ក៍​ពេញចិត្ត​និង​ការងារ​នោះ​ជា​ខ្លាំង​ដែរ គឺ​ការងារ​នៅ​ក្រុមហ៊ុនទូរស័ព្ទ​ ។ លោក​បាន​បំពេញការងារ​នោះ​នៅ​ពេល​យប់​ជា​អ្នក​ទទួល​ទូរ​សព្ទ​អតិថិជន ( Call Center )​ ។ ការងារ​នេះ​មាន​លក្ខណៈ​ងាយស្រួល​សម្រាប់​អ្នក​ពិការ​ជើង​ដូច​ជា​រូប​លោក​ពិសេស​ការងារ​នោះ​ធ្វើ​នៅ​ពេល​យប់​ហើយ​ពេល​ថ្ងៃ​លោក​អាច​សិក្សា​ និង​ធ្វើ​ការងារ​ផ្សេង​ទៀត​បាន ​។

សួរ​ថា​ធ្វើ​យ៉ាង​មេច​បាន​ក្លាយជា​អ្នកជំនួញ​ក្នុង​វិស័យ​ដីធ្លី បើ​ខ្លួន​ពិការ​ផង​នោះ ? ​។ លោក ហ៊ិ​ន រស់ ឆ្លើយ​ទាំង​រីករាយ​ថា​ អំឡុង​ពេល​ដែល​លោក​មិន​ទាន់​ប្រលូក​ក្នុង​ជំនួញ​អចលនទ្រព្យ លោក​ចូល​ចិត្ត​ Facebook និង​ឧស្សា​ហ៍បើក​មើល​វា​ជា​ប្រចាំ ពី​របៀប​រកស៊ី របៀប​នៃ​ការ​វិនិយោគ អ្នក​មានបទពិសោធន៍​នានា​រហូត​ធ្វើ​ឱ្យលោក​ចូល​ចិត្ត​ និង​បាន​ដើរ​ជាមួយ​អ្នក​រកស៊ី​ដីធ្លី មើល​ពី​របៀប​គេ​រកស៊ី​ធ្វើ​ជំនួញ​របស់​គេ​ដោយ​ផ្ទាល់​ ។

Picture

និយាយ​មក​ដល់​ចំណុច​នេះ លោក ​ហ៊ិ​ន រស់ ​ញញឹម​ ហើយ​បាន​រៀបរាប់​ថា នៅ​ពេល​ថ្ងៃមួយ​លោក​បាន​មើល​គេហទំព័រ​មួយ ដែល​គេ​បាន​ផុស​លក់​ដី​មួយ​កន្លែង​នៅ​តំបន់​ជាយក្រុង​មាន​តម្លៃ​ទាប​ជាង​ទីផ្សារ​ ។ ឃើញ​ភ្លាម​លោក​សម្រេចចិត្ត​ទិញ ក្នុង​នោះ ​២ ​ឡូ​ត៏​ដោយ​បង់​រំលស់ ។ បន្ទាប់​ពី​ទិញ​បាន​មួយ​រយៈ​ដី​នោះ មាន​អ្នក​សុំ​ទិញ​បន្ត​ធ្វើ​ឱ្យលោក​ទទួល​បាន​ផល​ចំណេញមួយ​ចំនួន ។ ចាប់ពី​ពេល​នោះ​មក ខ្ញុំ​យល់​កាន់តែ​ច្បាស់​ពី​ផល​ចំណេញ​ពី​ដីធ្លី​នេះ ​។ ខ្ញុំ​បាន​លូក​ចូល​កាន់​ជ្រៅ​ក្នុង​ជំនួញ​នេះ ដោយ​ដើរ​ទិញ​ទិញ​ដី​ទុក​លក់​យកចំណេញបន្តបន្ទាប់ និង​អាច​សន្សំ​លុយ​ទិញ​រថយន្ត មាន​ទុន​រកស៊ី​រហូត​មក​ ។ លោក​​បញ្ជាក់​ ។

បច្ចុប្បន្ន​លោក ហ៊ុន រស់ ជា​អគ្គនាយក​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ភូមិ​ចំការ​ដូង ​រី​សត នៅ​ស្រុក​សាមគ្គី​មាន​ជ័យ​ខេត្តកំពង់ឆ្នាំង ដោយ​អភិវឌ្ឍន៍​ដី​ឡូ​ត៏​លម្ហែកាយ​លើ​ផ្ទៃដីរាប់​សិប​ហិក​តា​ ។ ​យើង​ពិការ បើ​និយាយ​ពី​គ្រប់​ឧបសគ្គ​ និង​ការ​លំបាក​នោះ​រាប់​មិន​អស់​ទេ​ ។ ​អ្វី​ៗ​សុទ្ធតែ​ជា​ឧបសគ្គ​ និង​ការ​លំបាក​ទាំងអស់ ​។ ឧបសគ្គ​ទាំង​ពី​ការ​ធ្វើ​ដំណើរ ឧបសគ្គ​តាំងពី​ឱកាស​សិក្សា​ និង​ទទួល​បានការ​ងារ ប៉ុន្តែ​បើ​យើង​មិន​ជម្នះ​វា​ទេ ជីវិត​ប្រាកដជា​កាន់តែ​លំបាក​ហើយ ​។ គ្មាន​ន​ណា​ជួយ​ខ្លួន​យើង​ក្រៅពី​ខ្លួន​ឡើយ ​។ បើ​យើង​ពិការ​ហើយ ​សូមកុំឱ្យ​ខ្លួន​យើង​បញ្ចប់​ត្រឹម​ពិការ​ភាព​នេះ គឺ​យើង​មានឱកាស​ដូច​គេ​មិន​ពិការ​ដែល​ឱ្យតែ​មានចំណេះ មាន​ជំនាញ​និង​មាន​ទំ​ណា​ក់​ទំនង​ ៕