រាជធានីភ្នំពេញ ៖ ដង្កូវហ្វូងត្រូវបានចាត់ទុកជាសត្វល្អិតចង្រៃមួយ ហើយនៅកម្ពុជាជារៀងរាល់ឆ្នាំមានដំណាំជាច្រើនមុខ ដូចជាស្ពៃ សណ្តែក និងពោត ។ល។ តែងតែរងនូវការបំផ្លាញដោយដង្កូវហ្វូងនេះ ។ ដោយឡែក ដំណាំស្រូវក៏តែងទទួលរងនូវការបំផ្លាញច្រើននៅដើមរដូវវស្សា ក្នុងឆ្នាំណាដែលជួបប្រទះនឹងគ្រោះរាំងស្ងួតខ្លាំង ព្រោះនៅពេលមានភ្លៀងដើមរដូវ រុក្ខជាតិទាំងឡាយចាប់ផ្តើមដុះលូតលាស់ល្អ ។ ឆ្នាំនេះ យោងតាមលក្ខខណ្ឌធម្មជាតិនៅប្រទេសកម្ពុជាប្រែប្រួល រាំងស្ងួត ក្តៅខ្លាំងបានអូសបន្លាយយូរ ដែលបង្កឱ្យមានភាពងាយស្រួលដល់ការកកើត និងរាលដាលនៃពពួកដង្កូវហ្វូងនេះយ៉ាងឆាប់រហ័ស ក្រោយពីមានភ្លៀងធ្លាក់ដើមដៃមក ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានវិធីសាស្ត្រសំខាន់ចំនួន៣ ដើម្បីទប់ស្កាត់ការរីករាលដាល និងបំផ្លាញពីដង្កូវហ្វូងដូចខាងក្រោម ៖
១-ប្រើអន្ទាក់ជូរអែមនៅពេលយប់ដើម្បីកម្ចាត់មេអំបៅដង្កូវហ្វូង ៖
វិធីធ្វើអន្ទាក់ជូរអែម ៖ ដាក់ទឹក១ភាគ ស្រា.ស១ភាគ ស្កររងូ៤ភាគ ទឹកខ្មេះ៤ភាគ ហើយលាយបញ្ចូលគ្នាឱ្យសព្វ ។ បន្ទាប់មកលាយថ្នាំ Fipronil ២មីល្លីលីត្រក្នុងសូលុយស្យុង១លីត្រ។
របៀបប្រើ ៖ យកសូលុយស្យុងខាងលើដាក់ក្នុងចានជ័រស្តើង ឬជ្រលក់នឹងសំឡីជក់ទឹក បន្ទាប់មកចងព្យួរតាមចម្ការនៅពេលយប់ ហើយដាក់ឱ្យខ្ពស់ផុតពីដី ដើម្បីការពារប៉ះពាល់ដល់សត្វចិញ្ចឹមផ្សេងៗ ។ អន្ទាក់ជូរអែមនេះ វាទាក់ទាញមេអំបៅមកជញ្ជក់ បន្ទាប់មកវានឹងងាប់ ។
២-កម្ចាត់ដង្កូវហ្វូងចំពោះចម្ការ ឬស្រែដែលគ្មានទឹក ៖
ជីកចង្អូរនៅតាមព្រំចម្ការ ឬស្រែដែលជាប់ជាមួយព្រៃ ឬចម្ការចេក ឬមានស្មៅចង្រៃដុះច្រើននៅតាមព្រំ (ចង្កូរមានមុខលើទំហំ៣០សង់ទីម៉ែត្រ ជម្រៅ២០សង់ទីម៉ែត្រ រួចរាយផេះពីលើ ឬនៅពេលដង្កូវចូលច្រើនអាចបាញ់ថ្នាំតាមចង្កូរនេះក៏បាន) ។
ប្រើមែកឈើស្រស់ ឬវត្ថុដទៃដែលអាចធ្វើជាម្លប់ ហើយយកទៅរាយក្នុងចម្ការ ឬស្រែដោយដាក់គម្លាតពីមួយទៅមួយប្រហែលពី៤ ទៅ៥ម៉ែត្រ (ពេលវេលាដែលត្រូវដាក់ចាប់ពីម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង៣ល្ងាច ក្នុងករណីមេឃស្រឡះ មានថ្ងៃក្តៅខ្លាំង)។ បន្ទាប់មករាល់២ទៅ៣ម៉ោងម្តង កសិករអាចប្រមូលដង្កូវដើម្បីកម្ទេចចោល ។
ចំពោះស្រែដែលមានទឹក ឬជិតប្រភពទឹកត្រូវបញ្ចូលទឹកទៅក្នុងសំណាប ឬសន្ទូងឱ្យលិចចុងស្រូវ រួចប្រើស្បៃមុងអូសប្រមូលដង្កូវយកទៅកម្ទេចចោល ។
៣-កម្ទេចដង្កូវហ្វូងនៅជុំវិញចម្ការ ឬស្រែ ៖
សម្អាតស្មៅចង្រៃ ប្រមូលកម្ទេចកំទីដែលជាជម្រក និងជាប្រភពដង្កូវហ្វូងលាក់ខ្លួនយកទៅដុតចោល ។
ជម្រើសចុងក្រោយអាចបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងដែលលាក់ខ្លួននៅក្នុងស្មៅ គុម្ពចេក ឬដំណាំឈើហូបផ្លែផ្សេងទៀតនៅជុំវិញស្រែចម្ការ (វិធីនេះប្រើថ្នាំកសិកម្មកម្ចាត់ប្រភពដង្កូវក្នុងទ្រុងទ្រាយតូច តែមានប្រសិទ្ធ ភាពខ្ពស់) ។
ថ្នាំកសិកម្មមួយចំនួនដែលត្រូវប្រើក្នុងករណីចាំបាច់រួមមាន ៖ Thuricide ឬ Dipel ប្រើក្នុងកម្រិត១គីឡូក្រាមលើផ្ទៃដី១ហិកតា, Buprofezin ប្រើក្នុងកម្រិតពី០,៧ ដល់១គីឡូក្រាម ក្នុង១ហិកតា និង Fenobucarb ប្រើក្នុងកម្រិតពី១,៥ ដល់២លីត្រក្នុង១ហិកតា, ថ្នាំសម្លាប់សត្វល្អិតក្នុងក្រុម Pyrethroid ដូចជា Cypermethrin ឬ Deltamethrin ប្រើក្នុងកម្រិត១លីត្រលើផ្ទៃដី១ហិកតា, ថ្នាំសម្លាប់សត្វល្អិតក្នុងក្រុម Carbomate ដូចជា Carbaryl កម្រិតប្រើដូចខាងលើ ។ ថ្នាំសម្លាប់សត្វល្អិតបានរៀបរាប់ខាងលើនេះ ពុំសូវមានឥទ្ធិពលអាក្រក់ដល់បរិស្ថានប៉ុន្មានទេ ៕


ចែករំលែកព័តមាននេះ