ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​មាន​ជំនឿ​ថា​វត្ត​ស្វាយ​ជ្រំ​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ

2 ឆ្នាំ មុន

អ្នក​តាមដាន​កិច្ចការ​ព្រះពុទ្ធ​សាសនា​បាន​ស្រាវជ្រាវ​រាវរក​ឃើញ​ថា វត្ត​ស្វាយ​ជ្រំ​គឺជា​វត្ត​មួយ​មាន​វ័យ​ចំណាស់ ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ និង​មាន​មហាជន​ក៏​ដូច​មន្ត្រីរាជការ​តូច​ធំ​ទាំងឡាយ​ដែល​មាន​ដើម​កំណើត​នៅ​ក្នុង​ខេត្តស្វាយរៀង​ច្រើន​កុះករ​តែងតែ​មក​បន់ស្រន់​សុំ​សេចក្តីសុខ សេចក្តីចម្រើន រក​ទទួលទាន​មានបាន និង​បន់ស្រន់​សុំ​ឡើង​ឋានៈ បុណ្យស័ក្តិ តួនាទី ។…

អ្នក​តាមដាន​កិច្ចការ​ព្រះពុទ្ធ​សាសនា​បាន​ស្រាវជ្រាវ​រាវរក​ឃើញ​ថា វត្ត​ស្វាយ​ជ្រំ​គឺជា​វត្ត​មួយ​មាន​វ័យ​ចំណាស់ ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ និង​មាន​មហាជន​ក៏​ដូច​មន្ត្រីរាជការ​តូច​ធំ​ទាំងឡាយ​ដែល​មាន​ដើម​កំណើត​នៅ​ក្នុង​ខេត្តស្វាយរៀង​ច្រើន​កុះករ​តែងតែ​មក​បន់ស្រន់​សុំ​សេចក្តីសុខ សេចក្តីចម្រើន រក​ទទួលទាន​មានបាន និង​បន់ស្រន់​សុំ​ឡើង​ឋានៈ បុណ្យស័ក្តិ តួនាទី ។ រីឯ​សិស្សានុសិស្ស​ក៏​មក​បន់​សុំ​ឲ្យ​ប្រឡង​ជាប់ ឯ​អ្នកខ្លះ​ទៀត​ពេល​ប្តឹងប្តល់​គ្នា​ក៏​មក​ស្បថ​នៅ​វត្ត​ស្វាយ​ជ្រំ​នេះ​ដែរ​ឱ្យ​មាន​ជ័យជម្នះ​លើ​គូបដិបក្ខ ។

ព្រះសង្ឃ​គ្រូសូត្រស្តាំ​បាន​មាន​ថេរ​ដីកា​ថា បើ​តាម​ចាស់ទុំ​បាន​និយាយ​ប្រាប់ត​ៗ​គ្នា វត្ត​ស្វាយ​ជ្រំ​កសាង​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៨៦៧ ស្ថិត​នៅ​ភូមិ​បឹង​វែង ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង មាន​អាយុ​១៥២​ឆ្នាំ​មក​ហើយ និង​មាន​ព្រះ​គ្រូ​ចៅអធិការ​ជា​ច្រើន​អង្គ​មក​ហើយ​ដែរ​ដែល​បាន​មក​គង់នៅ​ក្នុង​វត្ត​នេះ ។ ចំពោះ​ជំនឿ​របស់​មហាជន​ក៏​ដូច​ប្រជា​ពុទ្ធបរិស័ទ ព្រះ​អង្គ​និទាន​ថា ដោយ​មានរឿង​ដំណាល​ត​ៗ​គ្នា​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩០៨ ក្នុង​ខែភទ្របទ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ពេល​នោះ​ជា​ឆ្នាំ​ទឹកធំ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពុទ្ធបរិស័ទ និង​អ្នកស្រុក​ដោយ​បាន​ប្រទះ​ឃើញ​រូប​ព្រះ​បដិមា​មួយ​ព្រះ​អង្គ រចនា​ឡើងជា​ខ្លឹមឈើ​តា​ត្រាវ ទ្រង់​បិណ្ឌបាត​មាន​កម្ពស់​១,៦៥​ម៉ែត្រ ទម្រង់​ប៉ុន​មនុស្ស អណ្តែត​បញ្ច្រាស​ទឹក​មក​ទើរ​នៅ​មាត់បឹង​វែង ជិត​វត្ត​ស្វាយ​ជ្រំ​នេះ ។

ព្រះ​បដិមា​ទ្រង់​បិណ្ឌបាត​ដូច​ព្រះសង្ឃ​ទ្រង់​បិណ្ឌបាត​លើគោក​អ៊ីចឹង ខណៈនោះ​អ្នកស្រុក​និង​គណៈកម្មការ​វត្ត​ស្វាយ​ជ្រំ ក៏​បាន​យក​ខ្សែពួរ​ធំ​មក​ចង​សែង​លើក​ឡើងគោក​ក៏​ប៉ុន្តែ​ដោយ​ឫទ្ធិ​បារមី​ព្រះ​អង្គ​បដិមា​អង្គ​នេះ​ពូកែ​ស័ក្តិសិទ្ធិ មហាជន​មាន​គ្នា​រាប់​សិប​នាក់​ក៏​លើក​មិន​រួច​អស់​មួយ​ថ្ងៃ លើក​មិន​រួច​ក៏​ចង​ព្រះ​បដិមា​ទុក​រួច​នាំ​គ្នា​ដេក​យាម ។ លុះ​ពេលដេក​លក់​ក៏​សុបិន​ឃើញ​លោកតា​ចាស់​ម្នាក់​មក​ប្រាប់​ថា បើ​ចង់​លើក​ព្រះ​អង្គ​ឡើង​យក​ទៅ​តម្កល់​នៅ​ក្នុង​វត្ត​បាន​ត្រូវ​ស្រាយចំណង​ពួរ​នេះ​ចេញ ហើយ​យក​អំបោះ​៧​សរសៃ​មក​ចង​ត្រង់​ចង្កេះ រួច​ដាក់​ស្នែង​សែង​ទៅ​លើក​រួច​ហើយ ។ មុន​នឹង​សែង​លើក​ឡើង​ត្រូវ​លេងភ្លេង​ពិណពាទ្យ​៧​ចប់​សុំ​ខមាទោស ហើយ​សែង​លើក​ឡើង​ទៅ​រួច​ហើយ ។

កាល​ណោះ​ក្រោយ​ពេល​យល់​សបិ្ត​ឃើញ​បែប​នេះ​ក៏​នាំ​គ្នា​ស្រាយចំណង​ខ្សែពួរ​ចេញ​ទាំង​យប់ ដោយ​យក​ខ្សែ​អំបោះ​៧​សរសៃ​ទៅ​ចង​ត្រង់​ចង្កេះ​ព្រះ​បដិមា​ទាំង​យប់ លុះ​ព្រឹក​ឡើង​ក៏​និមន្ត​ព្រះសង្ឃ​មក​សូត្រ​ជយ​ន្តោ​រួច​លេងភ្លេង​ពិណពាទ្យ​៧​ចប់​សុំ​ខមាទោស​សុំ​និមន្ត​ព្រះ​អង្គ ទៅ​គង់នៅ​ក្នុង​ព្រះ​វិហារ​វត្ត​ស្វាយ​ជ្រំ ។ គ្រាន់តែ​បែរបន់​សុំ​រួច​ក៏​ដាក់​ស្នែង​សែង​ដោយ​ចង​អំបោះ​៧​សរសៃ គឺ​សែង​រួច​ចេញពី​មាត់ទឹក​យ៉ាង​ស្រួល ។ កាល​ណោះ​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​មានចិត្ត​ត្រេកអរ​ជា​ខ្លាំង ហើយ​នាំ​គ្នា​ដង្ហែ​រូប​បដិមា​អង្គ​នោះ យក​ទៅ​ដាក់​ក្នុង​ព្រះ​វិហារ​គោរព​បូជា​រហូត​រៀង​មក ។

ព្រះ​គ្រូ​មាន​ថេរ​ដីកា​ទៀត​ថា ដោយ​មានការ​យល់​សុបិន​ឃើញ​លោកតា​ចាស់​ម្នាក់​មក​ប្រាប់​នោះ​ប្រាប់​ថា គាត់​ឈ្មោះ​តា​មោ​គ ក៏​បាន​នាំ​គ្នា​កសាង​តូប​ដាក់​រូបសំណាក​លោកតា​មោ​គ ដើម្បី​គោរព​បូជា​គ្រឿង​សក្ការៈ​នៅ​ក្នុង​ទី​អារាម​ជាមួយ​គ្នា​នោះ​ដែរ ។ បន្ទាប់​មក​ក៏​យល់សប្តិ​ឃើញ​លោកយាយ​ម្នាក់​ទៀត មក​នៅ​ធ្វើ​ធម៌​តាំងសីល​សមាធិ​នៅ​ក្បែរ​នោះ​ទៀត គណៈកម្មការ​អាចារ្យវត្ត​ក៏​បាន​កសាង​អាស្រម​មួយ​ខ្នង​ទៀត ព្រមទាំង​ដាក់​រូបសំណាក​ឈ្មោះ​លោកយាយ​ទេព​ក្បែរ​អាស្រម​លោកតា​មោ​គ ហើយ​បាន​ធ្វើបុណ្យ​ធំ​មួយ​អភិសេកព្រះ​បដិមា​និង​ធ្វើ​ពិធី​ឡើងអ្នកតា​មោ​គ លោកយាយ​ទេព​យ៉ាង​អធិកអធម​ទៀត​ផង ។

តំណ​តម​ក​វត្ត​ស្វាយ​ជ្រំ មាន​ឫទ្ធិ​បារមី​ខ្លាំងពូកែ​ល្បី​ខ្ចាយ​ទូ​ទាំង​ខេត្ត​ជិត​ឆ្ងាយ មហាជន​មាន​ជំនឿ​ជឿជាក់​ថា​ពិតជា​ស័ក្តិសិទ្ធិ​ក៏​នាំ​គ្នា​មក​បន់ស្រន់​សុំ​សេចក្តីសុខ សេចក្តីចម្រើន និង​ប៉ង​អ្វី​បាន​សម​តាម​បំណងប្រាថ្នា​របស់​ពួក​គេ ជំនឿ​នេះ​ក៏​កាន់តែ​សាយភាយ​ជា​រៀង​រហូត​មក ។

ព្រះ​អង្គ​បាន​បន្ត​ថា លុះដល់​ឆ្នាំ​១៩៧៦ ពួក​ខ្មែរក្រហម​បាន​យក​ទីតាំង​វត្ត​ស្វាយ​ជ្រំ​នេះ​ធ្វើ​ជា​ជង្រុក​ស្រូវ បាន​រុះរើ​កុដិ សាលាឆាន់​យក​ទៅ​ធ្វើ​រោង​បាយ​រួម ឯ​ព្រះ​វិហារ​ក៏​ត្រូវ​បាន​យក​ធ្វើ​ជា​ជង្រុក​ស្រូវ​ដែរ ។ ពួក​ខ្មែរក្រហម​បាន​យក​រូប​ព្រះ​បដិមា​ចេញ និង​វាយបំបាក់​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹកស្រះ​អស់​គ្នា​សល់ ។ ចំណែក​រូប​ព្រះ​បដិមា ដែល​អណ្តែត​ទឹក​ទ្រង់​បិណ្ឌបាត​សាង​អំពី​ឈើខ្លឹម​តា​ត្រាវ​នោះ​ត្រូវ​ពួក​ខ្មែរក្រហម​ពុះ​បំបែក​ជា​បំណែក​ៗ​រួច​ដុត​បំផ្លាញ​ចោល​អស់​ទៅ ។

លុះដល់​ឆ្នាំ​១៩៧៩ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ពុទ្ធបរិស័ទ​បាន​កសាង​វត្ត​ស្វាយ​ជ្រំ​ឡើង​វិញ ហើយ​បាន​កសាង​អាស្រម​លោកតា​មោ​គ និង​អាស្រម​លោកយាយ​ទេព​ឡើង​វិញ ហើយ​គោរព​បូជា​ក៏​មាន​បារមី​កាន់​ពូកែ​ស័ក្តិសិទ្ធិ​ឡើង​វិញ​ដែរ ។ រហូត​ដល់​ឆ្នាំ​១៩៨៧ ព្រះ​គ្រូ សូ ឆែម អតីត​ជា​ព្រះសង្ឃ​គង់នៅ​វត្ត​ស្វាយ​ជ្រំ​ក្នុង​ទស​វត្ស​៦០​និង​ទស​វត្ស​៧០​បាន​ទៅ​បួស​ជា​ព្រះសង្ឃ​នៅ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ​ឆ្នាំ​១៩៨០ ហើយ​នៅ​ឆ្នាំ​១៩៨៧​ក៏​បាន​ធ្វើបុណ្យ​កឋិនទាន​ដង្ហែ​មក​វត្ត​ស្វាយ​ជ្រំ​នេះ និង​បាន​ឲ្យ​វិចិត្រករ​ឆ្លាក់​រូប​ព្រះ​បដិមា​មួយ​អង្គ​អំពី​ឈើខ្លឹម​ធ្នង់ ទ្រង់​បិណ្ឌ​បាត្រ​កម្ពស់​១​ម៉ែត្រ​៦៥​ដដែល​ក៏​ប៉ុន្តែ​ទម្រង់​តូច​ជាង​មុន​បន្តិច​លាប​ពណ៌​ទឹកមាស​ដង្ហែ​ពី​រាជធានី​ភ្នំពេញ​មក​តម្កល់​ក្នុង​ព្រះ​វិហា​រហើយ​ធ្វើបុណ្យ​អភិសេក​រួម​នៅ​ក្នុង​ថ្ងៃ​បុណ្យកឋិន​នោះ​ដែរ ។

ចាប់តាំងពី​តម្កល​ក់​រូប​បដិមា​ស្នង​នោះ​មក គឺ​វត្ត​ស្វាយ​ជ្រំ​ចាប់ផ្តើម​មាន​ឫទ្ធិ​បារមី​កាន់តែ​ខ្លាំងពូកែ​ជាង​មុន​ធ្វើ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ មន្ត្រីរាជការ​តូច​ធំ និង​សិស្សានុសិស្ស ព្រមទាំង​មហាជន​ជិត​ឆ្ងាយ​មាន​ជំនឿ​នាំ​គ្នា​មក​បន់ស្រន់​រំដោះទុក្ខ ភ័យ និង​សុំ​ឱ្យ​កាក់កប​ក្នុង​កិច្ចការ​ផ្សេង​ៗ​ក៏​បាន​សម្រេច​តាម​បំណងប្រាថ្នា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ