រាធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បម្លែងថ្មីអូមីក្រុងចំនួន២៩នាក់ ខណៈគ្មានអ្នកស្លា.ប់ដោយសារជំងឺកូវីដ និងព្យាបាលជាសះស្បើយ១៦នាក់ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២យ៉ាងដូច្នេះថា ៖« រកឃើញអ្នកឆ្លងថ្មី២៩នាក់ទៀត (អូមីក្រុងទាំងអស់) ព្យាបាលជាសះស្បើយ១៦នាក់ និងស្លា.ប់ «គ្មាន» ។
ក្រសួងក៏បានលើកឡើងថា ក្នុងចំណោមអ្នកឆ្លងថ្មីនេះមានករណីឆ្លងសហគមន៍១១នាក់ (អូមីក្រុង) និងអ្នកដំណើរពីបរទេស១៨នាក់ (អូមីក្រុង) ។ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដសរុប១២០.៨២៥ នាក់ អ្នកព្យាបាលជាសះស្បើយ១១៧.១១៨ នាក់ និងអ្នកស្លា.ប់ដោយសារជំងឺកូវីដនេះ៣.០១៥ នាក់ ។
ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានលើកឡើងថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ចាក់លើប្រជាជនអាយុពី១៨ឆ្នាំឡើងមាន១០១,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ ។ លើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន៩៩,២៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ ។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៦០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ ។ លើកុមារអាយុ ០៥ឆ្នាំ មាន ១០៣,៣៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។ ក្រសួងក៏បានឲ្យដឹងថាជាលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៤៣% ៕
ចែករំលែកព័តមាននេះ