រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ ២០២១ ទឹកប្រាក់នាំចេញនាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុមានចំនួនជាង ២,២៣ ពាន់លានដុល្លារអាមេរិក កើនប្រមាណ ៤២,៧៥ ភាគរយធៀបនឹងឆ្នាំ ២០២០ កន្លងទៅ ។ ការនាំចេញនាំចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែសកម្មភាព បង្ហាញពីការធ្វើអាជីវកម្មនិងការវិនិយោគនៃតំបន់នេះកាន់តែរឹងមាំ និងអាចឈរ ជើងបានយូរអង្វែងជាមួយនឹងកំណើនក្រុមហ៊ុនវិនិយោគថ្មីៗចូលមកជាបន្តបន្ទាប់ ។
ក្នុងរបាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាលពីពេលថ្មីនេះបញ្ជាក់ថា បានតំបន់សេដ្ឋកិច្ចពិសេសនេះបានទាក់ទាញសហគ្រាស និងស្ថាប័នឯកជនចំនួន ១៧០ មកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ាន និងតំបន់ផ្សេងទៀតបង្កើតការងារជិត៣ម៉ឹននាក់ ។
ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស ១១ បានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ។ លោក ជា វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជា បានទាក់ទាញដល់ការវិនិយោគឧស្សាហ កម្មធំៗនិងអាចឱ្យកម្ពុជាផលិតបានទំនិញសម្រាប់នាំចេញ និងនាំមកវិញនូវផលចំណេញជាច្រើនមានទាំងថវិកា ការងារសម្រាប់ពលរដ្ឋផងដែរ។
លោកបន្តថា ចាប់តាំងពីរាជរដ្ឋាភិបាលបានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសមក ឃើញថា សកម្មភាពវិនិយោគរបស់វិនិយោគទៅកាន់តំបន់សេដ្ឋកិច្ចពិសេសនានាកាន់តែផុសផុល តែយ៉ាងណាក៏មានតំបន់សេដ្ឋកិច្ចមួយចំនួនតូច មិនសូវជាមានសកម្មភាពខ្លាំងនោះដែរ ៕
ចែករំលែកព័តមាននេះ