ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​វិស័យ​វាយ​ន​ភណ្ឌ​បាន​ជិត ​១០ ​ពាន់លាន​ដុល្លារ​ ឆ្នាំ​ ២០២១ ​សញ្ញា​ល្អ​សម្រាប់​ជីវភាព​កម្មករ​ និង​សេដ្ឋកិច្ច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ការ​នាំ​ចេញ​ផលិតផល​នៅ​ក្នុង​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ នៅ​ឆ្នាំ​២០២១ ​មាន​ទឹកប្រាក់​សរុប​ជិត ​១០​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ​៖ ការ​នាំ​ចេញ​ផលិតផល​នៅ​ក្នុង​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ នៅ​ឆ្នាំ​២០២១ ​មាន​ទឹកប្រាក់​សរុប​ជិត ​១០​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។​ លោក អ៊ិ​ត សំ​ហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និបាត​លើក​ទី​ ១៥ របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា ​GMAC កាលពី​ថ្ងៃ​ទី​ ១៥ ​មក​រា​ ឆ្នាំ​ ២០២២ ​ថា វិស័យ​វាយ​ន​ភណ្ឌ​បាន​ទ្រទ្រង់​សេដ្ឋកិច្ច​ដ៏​សំខាន់ និង​នៅ​តែ​ជា​វិស័យ​នាំ​ចេញ​សំខាន់​ជាងគេ​របស់​កម្ពុជា ដោយ​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​អត្រា​ប្រហែល​ ១០% ​។

«​ទោះបី​ធ្លាក់​ចុះ​បន្តិចបន្តួច​នៅ​ក្នុង​ឆ្នាំ ​២០២០ បាន​ងើបឡើង​វិញ​បាន​យ៉ាង​ល្អ​ក្នុង​ឆ្នាំ​ ២០២១ ដោយ​ការ​នាំ​ចេញ​ក្នុង​រយៈពេល​ ១០​ខែ​ដំបូង​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​មាន​ទឹកប្រាក់ ៦.៥៣៨ ​លាន​ដុល្លារ កើនឡើង​ ៦% ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ការ​នាំ​ចេញ​ផលិត​ស្បែកជើង​មាន​ទឹកប្រាក់ ១.១១៣ ​លាន​ដុល្លារ កើនឡើង​ ២០% ការ​នាំ​ចេញ​ផលិតផល​ធ្វើ​ដំណើរ​មាន​ទឹកប្រាក់ ១.១៧៩​ លាន​ដុល្លារ កើនឡើង​ ៤៩%»​ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ ។

គិត​ត្រឹម​ចុងឆ្នាំ ​២០២១ នេះ​រោងចក្រ សហគ្រាស​ដែល​បាន​ចុះបញ្ជី​ផ្លូវការ​ក្នុង​វិស័យ​នេះ​បាន​កើន​ដល់​ប្រមាណ​ជាង ១.២០០ រោងចក្រ ដែល​ផ្តល់​ការងារ​ក្នុង​ប្រព័ន្ធ ដល់​កម្មករនិយោជិត​ប្រមាណ​ជិត ​១​ លាន​នាក់ ​។ ជាក់ស្តែង​នៅ​ក្នុង​ឆ្នាំ ២០២១ ទឹកប្រាក់​នាំ​ចេញ​សរុប​នៃ​វិស័យ​នេះ​មាន​ប្រមាណ​ជិត ១០ ពាន់​លាន​ដុល្លារ​អាម៉េរិក ឬ​ប្រមាណ ៦៣ ភាគរយ នៃ​ទឹកប្រាក់​នាំ​ចេញ​សរុប​របស់​កម្ពុជា​ ។

លោក​ អ៊ិ​ត សំ​ហេង បញ្ជាក់​ថា​ ជីវភាព​កម្មករនិយោជិត ក៏​បាន​ប្រសើរ​ឡើងជា​លំដាប់​ដោយ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ជា​បន្តបន្ទាប់ ​។ បើ​គិត​ចាប់ពី​ឆ្នាំ​ ១៩៩៧ ដល់​ឆ្នាំ ​២០២១ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករនិយោជិត​បាន​ចំនួន ១៨ ​លើក ដោយ​កើន​ពី ៤០ ​ដុល្លារ​អាម៉េរិក​សម្រាប់​ឆ្នាំ ​១៩៩៧ ដល់ ១៩៤ ​ដុល្លារ​អាម៉េរិក​សម្រាប់​ឆ្នាំ ​២០២២ ​។ សម្រាប់​ឆ្នាំ ​២០២២​ នេះ ដោយ​បូក​រួម​ទាំង​ប្រាក់​រង្វាន់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ កម្មករនិយោជិត​ម្នាក់​ៗ អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ចាប់ពី ២១១ ​ដុល្លារ​អាម៉េរិក ទៅ ២២២​ ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ​ ។ ក្រៅពី​កម្មករនិយោជិត​ប្រមាណ​ជិត ១ ​លាន​នាក់​ដែល​ទទួលផល​ផ្ទាល់ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២​ លាន​នាក់​ដែល​ទទួលផល​ដោយ​ប្រយោល​ពី​វិស័យ​នេះ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ