រាជធានីភ្នំពេញ ៖ ការទូទាត់តាមអេឡិចត្រូនិកបានកើនឡើងខ្លាំងក្នុងពេលការរាតត្បាតជំងឺកូវីដ ១៩ ។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជា ឲ្យដឹងថា ស្របតាមដំណើរការសេដ្ឋកិច្ច និងការរស់នៅតាមគន្លងថ្មី ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍនិងអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិកត្រូនិក ដែលបានសម្រួលដល់ការទូទាត់និងការផ្ទេរប្រាក់ ក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទាំងក្នុង និងក្រៅប្រទេស ។
លោក អ៊ុក សារ៉ាត ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់និយាយថា ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងកំពុងវិវត្តទៅរកការទូទាត់ឌីជីថលដែលមានហេដ្ឋារចនាសម្ព័ន្ធ សេវា និងឧបករណ៍ទូទាត់ថ្មីៗ ។ លោកបានបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ ការទូទាត់អេឡិចត្រូនិកបានកើនឡើងធៀបនឹងឆ្នាំ ២០២០ ដោយប្រតិបត្តិការទូទាត់អេឡិចត្រូនិកមានចំនួន ៦៩៨,៨ លានប្រតិបត្តិការ (គិតជាទឹកប្រាក់ ១៩៩,៧៦ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៧៨៧% នៃផលិតផលសរុប) ។
មន្ត្រីបញ្ជាក់ថា ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនបានដាក់ឱ្យប្រើប្រាស់សេវាផ្ទេរប្រាក់ និងទូទាត់ឆ្លងដែនតាមរយៈមធ្យោបាយឌីជីថល បន្ថែមពីលើការផ្តល់សេវាតាមភ្នាក់ងារ និងបញ្ជរ ។
រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច (EFT) កាលពីខែមីនា ឆ្នាំ ២០១៨ មុនផ្ទុះជំងឺកូវីដ ១៩ ។ មន្ត្រីធានាគារជាតិកម្ពុជាអះអាងថា សេវាទូទាត់អេឡិចត្រូនិកបានដើរតួនាទីសំខាន់នៅពេលកូវីដ ១៩ នេះ ។
ប្រព័ន្ធប្រតិបត្តិការ ទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក «បាគង» បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការកាលពីចុងខែតុលា ឆ្នាំ ២០២០ នេះ ។
«បាគង» បានកំពុងក្លាយជាសេវាទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនជាមួយបណ្តាប្រទេសក្នុងតំបន់ ធ្វើឲ្យងាយស្រួលដល់ពលរដ្ឋនៅក្រៅប្រទេស អាចផ្ញើរប្រាក់មកកាន់ក្រុមគ្រួសារ តាមប្រព័ន្ធបាគង មានកម្រៃទាប ងាយស្រួល និងសុវត្ថិភាព ។
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ទន្ទឹមនឹងនេះការអភិវឌ្ឍប្រព័ន្ធបាគង ជាការរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឆ្ពោះទៅរកសេដ្ឋកិច្ចផ្នែកឌីជីថល នៃបដិវត្តឧស្សាហកម្មទី ៤ ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថល ក្នុងតំបន់អាស៊ាន ៕
ចែករំលែកព័តមាននេះ