រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហាយឡែកឌ័រ ពណ៌ស១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AE-3379 ត្រូវបានជនសង្ស័យលួចយកទៅបាត់កាលពីវេលាម៉ោង៤និង៣៧នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ដែលរហូតមកដល់ពេលនេះ គឺមានរយៈពេលជាង២ឆ្នាំមកហើយ នៅតែរកមិនទាន់ឃើញនៅឡើយទេ ដែលករណីនេះគឺបានកើតឡើងនៅមុខផ្ទះលេខ៤E0 ផ្លូវបេតុង ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ដោយឡែកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ នៅតែដង្ហើយសុំជំនួយពីសមត្ថកិច្ច ដើម្បីស្វែងរករថយន្តឲ្យពួកគាត់ផង ។

បើតាមជនរងគ្រោះជាប្តីឈ្មោះ ម៉ៅ សំណាង អាយុ៤២ឆ្នាំ មុខរបរអាជីវករលក់ដូរ និងប្រពន្ធឈ្មោះ ឃ្លាំង ស៊ីថន អាយុ៤៤ឆ្នាំ និងមានកូន២នាក់នៅក្នុងបន្ទុក បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបាត់រថយន្ត គឺនៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ គាត់បានត្រឡប់មកពីលក់ដូរវិញនៅម្តុំផ្សារចាស់ ស្ថិតក្នុងខណ្ឌដូនពេញ ដោយបានជិះរថយន្តហាយឡែនឌ័រ ពណ៌ស ១គ្រឿង ធ្វើដំណើរមកផ្ទះដែលស្ថិតនៅផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះបន្តថា ខណៈពេលមកដល់ ផ្ទះម៉ោង៣ទៀបភ្លឺ បន្ទាប់មកពីលក់ដូររួច គាត់ក៏បានចតរថយន្តនៅខាងមុខផ្ទះដូចសព្វដង ។ លុះព្រឹកឡើងពេលភ្ញាក់ពីដំណេក ក្រោកដើរចេញមកមើល ស្រាប់តែបាត់រថយន្តសូន្យឈឹងពីមុខផ្ទះតែម្តង ។ ក្រោយពីដឹងថា រថយន្តត្រូវបានជនសង្ស័យលួចយកទៅបាត់ហើយ ជនរងគ្រោះក៏បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ក៏បានឃើញក្រុមជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ១គ្រឿង ធ្វើសកម្មភាពលួចរថយន្តរបស់គាត់កាលពីវេលាម៉ោង៤និង៣៧នាទីទៀបភ្លឺទៅបាត់ដោយសុវត្ថិភាព ។

ក្រោយមកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែទី១ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរក ប៉ុន្តែរហូតមកដល់ពេលនេះ គឺមានរយៈពេលជាង២ឆ្នាំមកហើយ នៅតែរកមិនឃើញសោះ ។
ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានដង្ហើយសុំសមត្ថកិច្ច ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ប្រសិនបើបានឃើញរថយន្តដូចភិនភាគដូចខាងលើ មេត្តាជួយផ្តល់ដំណឹងឲ្យគាត់ផង ព្រោះរថយន្តរបស់គាត់ដែលបាត់នេះ គឺគាត់បានខ្ចីលុយគេយកមកទិញ សងមិនទាន់រួចនោះទេ ៕


ចែករំលែកព័តមាននេះ