បុរសស្ត្រីដែលគ្រាន់តែស្រលាញ់គ្នាដើម្បីបង្កើតគ្រួសារ មានកូន រកទ្រព្យចិញ្ចឹមកូន រួចស្លា.ប់ទៅវិញ ជាស្នេហាដែលគ្មានតម្លៃទេ ស្នេហាបែបនេះគេហៅថា ចំណង ឬដៃគូរួមមេត្រី ។

សាងស្នេហាជាចំណង គឺជាស្នេហាយកគ្នាដើម្បីតែល្បែងភេទ បន្សល់តែការទទួលខុសត្រូវពេញមួយជីវិត រែកពន់ ដោះស្រាយតែនឹងរឿងបញ្ហាដែលខ្លួនបង្កើតឡើង ទុក្ខមិនស្វាង សុខតិចណាស់ លើវិថីជីវិតធ្វើដំណើរទៅរកការស្លា.ប់ ហើយមិនស្គាល់ថាអ្វីទៅជាភាពផ្អែមល្ហែម កក់ក្តៅពិតប្រាកដនៃសេចក្តីស្រលាញ់ឡើយ ។ ស្នេហារបៀបនេះមានច្រើនណាស់ ពោរពាស ពេញផែនដី និងគ្មានតម្លៃអ្វីប៉ុន្មានទេ ។

តែបើការស្រលាញ់គ្នា ដើម្បីជួយគ្នាធ្វើការងារមានតម្លៃជាបុព្វហេតុរួម ដែលបុព្វហេតុនោះជាការងារប្រាសចាកប្រយោជន៍ផ្ទាល់ខ្លួន ជាវិញ្ញាណ១ ក្នុងរាងកាយ២ ស្នេហារបៀបនេះគេហៅ ដៃគូជីវិត ។

ស្នេហារបៀបហ្នឹង កម្រនឹងមានណាស់ដូចយ៉ាង ព្រះនាងពុម្ពា គ្រប់ៗជាតិជាគូនឹងព្រះពោធិសត្វ ជួយបំពេញការងារប្តី ដោយការងារនោះជាការងារមានតម្លៃ ជួយសង្គ្រោះអ្នកដទៃ រហូតជាតិចុងក្រោយ ដឹងថាប្តីធ្វើការងារនេះដើម្បីគេ មានចិត្តចង់ជួយសត្វ ព្រះនាងជួយប្តីគ្រប់មធ្យោបាយ គ្រប់វិធីក្នុងការបំពេញបំណងប្តី ។

នៅថ្ងៃព្រះសិទ្ធត្ថចេញសាងផ្នូស ព្រះនាងបានរៀបចំសម្ភារៈរួចរាល់ដាក់នៅលើកៅអី រួចព្រះនាងធ្វើជាផ្ទុំលក់ ជាសញ្ញាឱ្យព្រះស្វាមីចាកចេញដោយស្ងប់ស្ងាត់ ត្បិតព្រះនាងមិននិយាយពាក្យអ្វី ផ្តាំផ្ញើទៅព្រះអង្គសូម្បីមួយម៉ាត់ តែបេះដូងព្រះអង្គកក់ក្តៅ គោរពទឹកចិត្តព្រះនាងណាស់ នេះហើយជាដៃគូជីវិតដ៏មហាប្រសើរ ៕ សាន សារិន
ចែករំលែកព័តមាននេះ