រាជធានីភ្នំពេញ ៖ អ្នកនិយមទទួលទាននំបុ័ងសាច់ នៅតែតម្រង់ជួរគ្នារង់ចាំទិញនំបុ័ងដែលមានយីហោ «នំបុ័ងសាច់បីជាន់ ត្រីខកំប៉ុងសុកហុក» ស្ថិតនៅច្រកឌឿងហែមផ្លូវសុកហុក ស្ថិតក្នុងសង្កាត់អូរឫស្សីទី ៤ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ។ នំបុ័ងសាច់មួយកន្លែងនេះ បើកអាជីវកម្មជាង ៣០ ឆ្នាំមកហើយ ។ ចំណែកអតិថជនកាន់តែច្រើនឡើងៗ មានទាំងអតិថិជនចាស់តាំងដើមមក និងជាអតិថិជនថ្មីៗ ។

អ្នកចូលចិត្តទទួលទានអាហារសម្រន់មួយប្រភេទនេះ ខ្លះបានអង្គុយទទួលទាននៅកន្លែងលក់ផ្ទាល់តែម្តង ខ្លះទិញខ្ចប់យកទៅផ្ទះ ទៅហូបជាលក្ខណៈគ្រួសារ និងទិញសម្រាប់ទទួលទានការជួបជុំគ្នា ឬកម្មវិធីផ្សេងៗទៀតផង ។ លោកយាយ គង់ ផល ដែលជាអ្នកបង្កើតមុខរបរលក់នំបុ័ងនេះឡើង បានទទួលមរណភាពកាលពីប៉ុន្មានឆ្នាំមុន ។ ប៉ុន្តែរស់ជាតិ និងកេរដំណែលមុខរបរនេះបានបន្តមកដល់កូនទៀត ត្បិតអីជាមុខរបរដែលម្តាយ ជីដូនបានបង្កើតឡើងដោយញើសឈាមនេះ បានចិញ្ចឹមមនុស្សពីរជំនាន់ឱ្យរស់នៅសមរម្យ និងទទួលបានការសិក្សាខ្ពង់ខ្ពស់ទៀតផង ។

កូនស្រីម្នាក់ របស់លោកយាយ គង់ ផល គឺអ្នកស្រី ពេជ្រ ចាន់ណា បាននិយាយថា ម្តាយរបស់ខ្លួនបានចាប់យកមុខរបរនេះតាំងពីឆ្នាំ ១៩៨០ ។ មុខរបរមួយនេះហើយដែលអាចឱ្យអ្នកម្តាយចិញ្ចឹមកូនប្រុស-ស្រី ១១ នាក់ រស់ដល់សព្វថ្ងៃ ដែលមានចៅៗមួយចំនួនទៀតបានរៀនចប់បរិញ្ញាប័ត្រផងដែរ ។

អ្នកស្រី បានរំលឹកថា នៅឆ្នាំ ១៩៨០ អ្នកម្តាយរបស់ខ្លួនមិនទាន់លក់នៅមួយកន្លែងបែបនេះទេ គឺគាត់រែកលក់ចល័តនៅចំណុចកែងផ្លូវសុកហុក និងផ្លូវលេខ ១០៩ សង្កាត់លេខ ៣ ។ លក់ចល័តបានប្រហែលជាង ៥ ឆ្នាំ ទើបអ្នកម្តាយបានមកលក់នៅច្រកឌឿងហែមសុកហុក ស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ ៧ មករា រហូតដល់បច្ចុប្បន្ននេះ ។

អ្នកស្រី ពេជ្រ ចាន់ណា រៀបរាប់ទាំងទឹកមុខរីករាយថា ទោះបីទីតាំងលក់នំបុ័ងសាច់ នៅច្រកឌឿងហែមតូចក៏ពិតមែន តែជារៀងរាល់ព្រឹកអតិថិជនមកទិញជាច្រើននាក់ ។ ជារួមក្នុងមួយថ្ងៃៗ លក់អស់នំបុ័ងយ៉ាងតិចជាង ៣០០ ដើម ។ «អតិថិជនរបស់យើងមានអ្នកមាន អ្នកធម្យម និងអ្នកក្រ ពីព្រោះតម្លៃរបស់យើងសមរម្យមួយដើម ៧ ពាន់រៀលប៉ុណ្ណោះ ។ អតិថិជនមានទាំងឧកញ៉ា មន្ត្រីរាជការ ជានគរបាល យោធា សិស្ស និស្សិត ជាដើម» ។

អ្នកស្រី ពេជ្រ ចាន់ណា និយាយទាំងទឹកភ្នែករលីងរលោងឱ្យដឹងទៀតថា ម្តាយរបស់អ្នកស្រី គឺលោកយាយ គង់ ផល បានទទួលមរណភាពតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ហើយអ្នកស្រីរួមទាំងកូនប្រុស-ស្រី បានបន្តវេនចាប់យកមុខរបរលក់នំបុ័ងសាច់បីជាន់ ត្រីខកំប៉ុងដែលជាស្នាដៃរបស់អ្នកម្តាយបន្សល់ទុករហូដល់សព្វថ្ងៃ ។ អ្នកស្រីបញ្ជាក់ថា ចំណែករស់ជាតិមិនខុសពីអ្នកម្តាយធ្វើនោះទេ ។

យកដៃជូតទឹកភ្នែកនៅពេលនិយាយដល់ឈ្មោះអ្នកម្តាយ អ្នកស្រី ចាន់ណា បាននិយាយបន្តថា បានគុណពីការលក់នំបុ័ងនេះហើយអ្នកម្តាយអាចចិញ្ចឹមកូនប្រុស-ស្រី ១១ នាក់ និងឱ្យចៅៗខ្លះរៀនចប់បរិញ្ញាប័ត្រដល់សព្វថ្ងៃ និងជាមុខរបរមួយគ្រាន់បានកូនចៅជំនាន់ក្រោយរកទទួលទានចិញ្ចឹមជីវិត ៕
ចែករំលែកព័តមាននេះ