វេទិកាទេសចរណ៍អាស៊ាន ជាឱកាសកម្ពុជា និងអាស៊ាន បង្ហាញគោលដៅទេសចរណ៍សុវត្ថិភាព
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ វេទិកាទេសចរណ៍អាស៊ាន (ATF 2022)លើកទី ៤០ ដែលនឹងរៀបចំធ្វើនៅខេត្តព្រះសីហនុ នឹងបើកជាផ្លូវការនៅថ្ងៃទី ១៨ មករា…
រាជធានីភ្នំពេញ ៖ វេទិកាទេសចរណ៍អាស៊ាន (ATF 2022)លើកទី ៤០ ដែលនឹងរៀបចំធ្វើនៅខេត្តព្រះសីហនុ នឹងបើកជាផ្លូវការនៅថ្ងៃទី ១៨ មករា…
រាជធានីភ្នំពេញ ៖ វេទិកាទេសចរណ៍អាស៊ាន (ATF 2022)លើកទី ៤០ ដែលនឹងរៀបចំធ្វើនៅខេត្តព្រះសីហនុ នឹងបើកជាផ្លូវការនៅថ្ងៃទី ១៨ មករា ខាងមុខនេះ ។ ក្រសួងទេសចរណ៍ និងអាជ្ញាធរដែលពាក់ព័ន្ធអះអាងថា ការត្រៀមការរៀបចំព្រឹត្តិការណ៍នេះស្ទើរតែរួចរាល់ ១០០% ហើយ ទោះបីមានការរំខានពីបញ្ហាកូវីដបំប្លែងថ្មី «អូមីក្រុង» យ៉ាងណាក៏ដោយ ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលចុះពិនិត្យទីតាំងរៀបចំកម្មវិធីកាលពីថ្ងៃទី ១២ មករា បាននិយាយថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ ២០២២ នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ» ។ លោកបានបង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពី «ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន» ។
ប្រភពពីក្រសួងទេសចរណ៍ថា ការងាររៀបំព្រឹតិ្តការណ៍ទាំងមូលសម្រេចបានប្រមាណ ៩៥% ហើយ ដោយការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ (ស្តង់) កម្មវិធីបើក កម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានរៀបចំរួចរាល់ស្របតាមវិធានសុវត្ថិភាព ។ លើសពីនេះទៀត រហូតមកដល់ពេលនេះមានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងមន្ត្រីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង ១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរ ជាតិចូលរួមកិច្ចប្រជុំមានចំនួន ១២៣ រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ មានអ្នកលក់ សរុបចំនួន ១៨៧ ស្តង់ អ្នកទិញចំនួន ៤០ ក្រុមហ៊ុន សារព័ត៌មានសរុបចំនួន ២០ ស្ថាប័ន សរុបភ្ញៀវចូលរួមមានចំនួន ៣២២ នាក់ មកពីប្រទេសចំនួន២៧ ។
ប្រតិភូចូលរួមនឹងការធ្វើតេស្តរកមេរោគកូវីដ ១៩ យ៉ាងហ្មត់ចត់ និងច្រើនដងផងដែរចាប់ពីពួកគេចាកចេញពីប្រទេសរបស់ខ្លួនមក ។ សម្តេចនាយករដ្ឋមន្ត្រីនឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកម្មវិធីនោះ ។ វេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជា មួយផ្នែកឯកជន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិក៏នឹងមានកម្មវិធីដាំដើមឈើ កម្មវិធីវាយកូនគោលរដ្ឋមន្ត្រីទេស ចរណ៍អាស៊ាន និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ ដែលជាការបោះជំហានដ៏ធំបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ ៕
ចែករំលែកព័តមាននេះ