រាជធានីភ្នំពេញ ៖ អ្នកដែលបានទៅដល់វត្តត្រឡែងកែង ដែលជាទីប្រវត្តិសាស្ត្រ គោរពសក្ការៈ ក្នុងភូមិសាស្ត្រប្រវត្តិសាស្ត្រអតីតក្រុងលង្វែក ស្ថិតនៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនោះ ប្រាកដជាបានឃើញ អ្នកស្រី សុខា ។ អ្នកស្រី សុខា ជាស្ត្រីម៉េមាយម្នាក់ដែលបានចិញ្ចឹមជីវិតដោយការលក់ដូរចំណីអាហារបន្តិចបន្តូច ក្នុងទីអារាមនេះប្រមាណ ២០ ឆ្នាំមកហើយ ។
អ្នកស្ត្រី សុខា ដែលមានវ័យ ៤៧ ឆ្នាំ បាននិយាយថា ភ្ញៀវដែលធ្វើដំណើរមកកាន់វត្តត្រឡែងកែង ក្នុងគោលបំណងផ្សេងៗ ដូចជាកម្សាន្ត សិក្សាស្វែងយល់ប្រវត្តិសាស្ត្រ និងបន់ស្រន់នានាតាមជំនឿរបស់គេនោះ បានផ្តល់កម្រៃសម្រាប់អ្នកស្រីចិញ្ចឹមជីវិត ជាច្រើនឆ្នាំមកនេះ តាមការយៈការជួយទិញរបស់របរដែលអ្នកស្រីលក់ ។
អ្នកស្រីឲ្យដឹងថា ភ្ញៀវចេញចូលវត្តត្រឡែកកែង នេះពុំសូវដាច់នោះទេ ។ ទោះបីការលក់ដូរអ្នកស្រីមិនបានលុយកាក់ច្រើន ប៉ុន្តែសម្រាប់ការរស់នៅជនបទ ការលក់ដូរទឹកកកឈួស ភេជ្ជៈកំប៉ុង អាហារសម្រន់បន្តិចបន្តូចនេះ ក្នុងមួយថ្ងៃៗអាចរកប្រាក់ចំណូល បាន ៣ ទៅ ៤ ម៉ឺនរៀល គ្រាន់ទិញម្ហូបប្រចាំថ្ងៃ ។ អ្នកស្រី សុខា បានបញ្ជាក់បន្ថែមទៀតថា មុខរបរមួយនេះហើយដែលអាចឲ្យអ្នកស្រីចិញ្ចឹមកូនៗ បានធំធាត់ និងបានសិក្សារហូតពួកគេមានគ្រួសារ និងបានកំពុងសិក្សាថ្នាក់មហាវិទ្យាល័យនៅភ្នំពេញទៀតផង ។
អ្នកស្រី សុខា បញ្ជាក់ថា ជីវិតគាត់បើគ្មានអារាមនេះចិញ្ចឹមជីវិតមិនដឹងជាយ៉ាងណានោះទេ ។ ស្ថិតនៅក្នុងស័យកាន់តែចាស់គាត់នឹងបោះបង់មុខរបរនៅជិតផ្ទះនេះឡើយ ។ ពិសេសអ្នកស្រី បានថ្លែងអំណរព្រះគុណយ៉ាងខ្លាំងចំពោះព្រះគ្រូចៅអធិការវត្តត្រឡែកកែង ដែលផ្ដល់ទីកន្លែងឲ្យអ្នកស្រីបានប្រកបរបរចិញ្ចឹមជីវិតរហូតមក ៕
ចែករំលែកព័តមាននេះ