រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA និងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចសន្ទនាគោលនយោបាយស្តីអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២២ និង ២០២៣ កាលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ នេះ ។
![Picture]()
កិច្ចសន្ទនានេះបានផ្តោតលើគោលនយោបាយអំពីដំណើរការសម្រាប់ការរៀបចំសកម្មភាពរបស់ KOICA នៅកម្ពុជា ដូចជាសមិទ្ធិផលមួយចំនួនដែលបានធ្វើក្នុងឆ្នាំ ២០២១ និងផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២២ គម្រោងបន្តរបស់ KOICA គម្រោងថ្មីសម្រាប់ឆ្នាំ ២០២២ និង ២០២៣ កម្មវិធីបណ្តុះបណ្តាលប្រចាំប្រទេសសម្រាប់កម្ពុជានៅឆ្នាំ ២០២២ និងរហូតដល់ឆ្នាំ ២០២៥ ការស្នើសុំសំណើរគម្រោងថ្មីសម្រាប់ឆ្នាំ ២០២៤ និងដើម្បីពិភាក្សាអំពីការរៀបចំពិធីសម្ពោធមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក ក្នុងមន្ទីរពេទ្យព្រះអង្គឌួង ។
![Picture]()
ចាប់តាំងពីឆ្នាំ ១៩៩១-២០២១ KOICA បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣១៦ លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្តោតលើវិស័យអាទិភាពចំនួន ៤ រួមមាន ១)- វិស័យគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ២)- វិស័យអប់រំ ៣)- វិស័យកសិកម្ម និងអភិវឌ្ឍជនបទ និង ៤)- វិស័យដឹកជញ្ជូន ។ ដោយឡែកសម្រាប់ឆ្នាំ២០២២ នេះ ជំនួយឥតសំណងរបស់ KOICA ដល់កម្ពុជាមានចំនួនសរុប ២០,៧ លានដុល្លារអាមេរិក ។
នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ KOICA បាននិងកំពុងគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការដោះស្រាយផលប៉ះពាល់នៃជំងឺជំងឺ-១៩ ចាប់តាំងពីឆ្នាំ ២០២០ មក ។ ដោយឡែកសម្រាប់ឆ្នាំ ២០២២ នេះ KOICA នឹងផ្តល់រថយន្តសង្គ្រោះបន្ថែមចំនួន ១០ គ្រឿង និងឧបករណ៍ធ្វើតេស្តរហ័សចំនួន ៨៣,៣២៥ តេស្តដល់ក្រសួងសុខាភិបាលកម្ពុជា ។ បន្ថែមពីលើនេះ KOICA កំពុងពិចារណាផ្តល់រថយន្តសង្គ្រោះបន្ថែមទៀតដល់កម្ពុជានៅឆ្នាំ២០២២ ។
![Picture]()
លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងក្នុងកិច្ចពិភាក្សាតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនោះថា សមិទ្ធិផលជាច្រើនដែល KOICA សម្រេចបាន និងបានថ្លែងអំណរគុណចំពោះប្រជាជន ព្រមទាំងរដ្ឋាភិបាលកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា ដែលគាំទ្រយ៉ាងសកម្មដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងសម្របសម្រួលការស្តារសេដ្ឋកិច្ចឡើងវិញ ៕
ចែករំលែកព័តមាននេះ