រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានព្រមានថា កូវីដ-១៩ ប្រភេទវីរុសបំប្លែងថ្មី «អូមីក្រុង» ត្រូវបានរកឃើញឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់ ដែលទាមទារឱ្យបុគ្គលគ្រប់រូបត្រូវតែរួមគ្នាដើម្បីប្រយុទ្ធជាមួយវា តាមរយៈការទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់ដូសជម្រុញ ទាំងដូសទី ៣ និងដូសទី ៤ ។
![Picture]()
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានសរសេរសារព្រមាននៅក្នុងបណ្តាញសង្គម «ធ្វីតទ័រ» កាលពីរាត្រីថ្ងៃទី១១ ខែមករា យ៉ាងដូច្នេះថា «ករណី អូមីក្រុង កាន់តែច្រើនឡើងត្រូវបានរកឃើញនៅក្នុងសហគមន៍ ដែលការឆ្លងរបស់វាកំពុងបន្តនៅពេលនេះ។ សូមត្រៀមខ្លួន ហើយយើងអាចធ្វើការរួមគ្នា ដើម្បីការពារការឆ្លង អូមីក្រុង ចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ ដោយធ្វើសកម្មភាពរួមគ្នាដើម្បីបញ្ឈប់ការចរាចររបស់វា។ សូមបងប្អូនអញ្ជើញទៅទទួលការ ចាក់វ៉ាក់សាំងដូសជម្រុញទាំងអស់គ្នា»។
![Picture]()
ជាមួយគ្នានោះផងដែរ លោកស្រី លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា ក៏បានផ្ញើសារដាស់តឿនផង លក្ខណៈព្រមានផងដែរថា យើងមិនអាចគេចវេសពីវីរុសបំប្លែងថ្មី «អូមីក្រុង» បានទេ ហើយ «អូមីក្រុង» នេះទៀតសោត គឺការឆ្លងលឿន និងខ្ពស់ ដែលទាមទារឱ្យបុគ្គលគ្រប់រូបត្រូវរួមគ្នាប្រយុទ្ធនឹងវា តាមរយៈការអនុវត្តនូវវិធានសុខាភិបាល និងទទួលការចាក់វ៉ាក់សាំងផងដែរ»។
![Picture]()
លោកស្រីវេជ្ជបណ្ឌិត Li Ailan បានសរសេរសារលើ (ធ្វីតទ័រ) ទៀតថា «ពួកយើងមិនអាចជៀសផុតពី អូមីក្រុង បានទេ។ វាមានការឆ្លងខ្លាំងណាស់។ បើយើងរួមគ្នា យើងអាចពន្យឺតការចម្លងតាមសហគមន៍របស់វា និងអាចរក្សាឱ្យកូវីដ-១៩ នៅកម្រិតដែលអាចគ្រប់គ្រងបានយ៉ាងពិតប្រាកដ ។ ដូច្នេះយើងអាចជៀសផុតពីការចូលទៅសម្រាកពេទ្យក្នុងចំនួនអ្នកជំងឺច្រើន ហើយយើងអាចជៀសវាងបាននូវការចាក់សោរប្រទេស» ។
![Picture]()
សូមបញ្ជាក់ថា អ្នកឆ្លង «អូមីក្រុង» នៅកម្ពុជា បានកើនឡើងដល់២២៩នាក់ ដោយក្នុងនោះអ្នកឆ្លងក្នុងសហគមន៍ មាន ១៤នាក់ គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ។ ជាមួយគ្នានោះផងដែរ រាជរដ្ឋាភិបាលកម្ពុជា នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញជាដូសទី ៤ នាថ្ងៃទី ១៤ ខែមករា នៅរាជធានីភ្នំពេញ ជូនដល់មន្ត្រីជួរមុខ ក៏ដូចជាអ្នកសារព័ត៌មាន ព្រមទាំងសិល្បករ និងសិល្បការិនី ផងដែរ ៕
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ