ខេត្តកំពង់ធំ ៖ អ្នកស្រី ផឹម ផល រស់តាមដងទន្លេសែន ក្នុងខេត្តកំពង់ធំ បានកំពុងមមាញឹកនៅក្នុងការធ្វើផ្អក ប្រហុក និងត្រីឆ្អើរទុកសម្រាប់លក់ក្នុងការផ្គត់ផ្គង់ជីវភាព ។ ការកែច្នៃត្រីបានធ្វើឡើងរៀងរាល់ឆ្នាំឲ្យតែដល់រដូវត្រីត្រូវ ។ ស្ត្រីដែលប្រកបរបរធ្វើត្រីឆ្អើរលក់មិនតិចជាង ២០ ឆ្នាំ មកហើយ រូបនេះបានដឹងថា នៅក្នុងរដូវត្រីត្រូវនេះ អ្នកស្រីធ្វើត្រីឆ្អើរបានក្នុង ១ ថ្ងៃៗ ចាប់ពី ២០ គីឡូក្រាម ទៅជាង ១០០ គីឡូក្រាម ទៅតាមថ្ងៃណាដែលមានត្រីតិច ឬ ច្រើន ។ ក្រៅពីធ្វើត្រីឆ្អើរ អ្នកស្រីធ្វើប្រហុក ផ្អក និង ត្រីងៀត សម្រាប់ទុកលក់ផងដែរ ។

សម្រាប់ត្រីឆ្អើរ ជាត្រីចង្វារមូល អាចលក់បានមួយចង្កាក់ ១៥០០ រៀល និងបើត្រីធំៗ ជាងនេះលក់មួយចង្កាក់ ចាប់ពី ២០០០ ទៅ ៥០០០ រៀល ។ អ្នកស្រី ផឹម ផល បានបញ្ជាក់បន្ថែមថា អ្នកស្រីមានកូន ៦ នាក់ សុទ្ធតែប្រកបរបរនេសាទ ។ មុខរបរធ្វើត្រីឆ្អើរ លក់ អាចជួយទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរ និងបានបញ្ជូនកូនគាត់ទៅរៀនបានខ្ពស់ និងចែកផ្ទះសម្បែងជូនកូនៗ ថែមទៀត ។

នៅរដូវធ្លាក់ខ្យល់ ទឹកស្រកត្រីចាប់ផ្តើមសម្បូរ ប្រជាពលរដ្ឋនៅសហគមន៍នានាតែងតែចុះកែច្នៃត្រីតាមទម្លាប់នេះស្ទើគ្រប់កន្លែង នៅក្នុងនោះមានសហគមន៍ទួលនាងសាវផ្លូវលួង ស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លើដងស្ទឹងសែននេះមួយដែរ ។ ប្រជាពលរដ្ឋនៅក្នុង ឃុំផាត់សណ្តាយ នេះប្រកបការងារចំបង គឺកសិកម្ម និងការនេសាទ យកត្រីមកធ្វើផ្អក ប្រហុក ត្រីឆ្អើរ សម្រាប់លក់ និងហូបនេះជាសំខាន់ ។

អនុប្រធានសហគមន៍ ទួលនាងសាវផ្លូវលួង លោក ម៉ុក ឃឿនបានឱ្យដឹងថា សហគមន៍មានពលរដ្ឋចំនួន ២៧៧ គ្រួសារ ក្នុងនោះ៨០ ភាគរយជាអ្នកនេសាទ ។ ប្រជាពលរដ្ឋដែលអាស្រ័យផល ទៅលើការនេសាទនេះ ភាគច្រើនប្រកបរបរធ្វើត្រីឆ្អើរ ផ្អក ប្រហុក លក់ សម្រាប់ចិញ្ចឹមជីវិត ។ លោកបានឱ្យដឹងបន្ថែមថា ដើម្បីអភិរក្សត្រី ឱ្យគង់វង្សនោះសហគមន៍បានធ្វើការបែងចែកតំបន់ឱ្យ ពលរដ្ឋរកត្រី ដែលតំបន់ខ្លះសហគមន៍កំណត់មិនឱ្យរកតែម្តង ដើម្បីរក្សាពូជត្រី តំបន់ខ្លះអាចរកបានតាមរដូវ និងតំបន់ខ្លះទៀតពលរដ្ឋអាចរកបា ប្រចាំថ្ងៃសម្រាប់ចិញ្ចឹមជីវិត ។ ការបែងចែកនេះសំដៅធ្វើយ៉ាងណាឱ្យរក្សាពូជត្រីឱ្យបានគង់វង្ស ។ ក្រៅពីនេះ ចំពោះការនេសាទខុសច្បាប់ក៏ត្រូវបានលប់បំបាត់ដែរ ។

លោក ហេង មនោ មេឃុំផាត់សណ្តាយមានប្រសាសន៍ថា ការធ្វើ ត្រីឆ្អើរ របស់ប្រជាពលរដ្ឋធ្វើឡើងតាមរដូវកាល ហើយសម្បូរតែខែ ១១ ដល់ ខែ ២ ប៉ុណ្ណោះ ។ ដល់រដូវប្រាំងពុំអាចរកត្រីបានទៀតទេ ។ លោកបានលើកឡើងថា បច្ចុប្បន្នពលរដ្ឋបានយល់ដឹងច្រើន ក្នុងការចូលរួមថែរក្សាធនធានធម្មជាតិ ដូចជាពួកគាត់ បានចូលរួមអភិរក្សត្រី ចេះស្រឡាញ់បរិស្ថាន និងសម្អាតអនាម័យតាម ដងស្ទឹង ធ្វើឱ្យអាចទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តតំបន់នេះបន្តបន្ទាប់ ។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ៦ មករា បានជូនដំណឹងពីត្រីត្រូវម្តងទៀតចាប់ថ្ងៃទី ៩ ដល់ ១៤ ខែមករា ។ អាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវឲ្យពលរដ្ឋចុះធ្វើផ្អក ប្រហុក តាមតម្រូវការ ។ នៅឆ្នាំនេះ មានការសង្កេតឃើញថា បរិមាណត្រី «ត្រូវ» ប្រហែលនឹងឆ្នាំមុនក៏ដោយ ប៉ុន្តែតម្លៃបានធ្លាក់ចុះ ។ ឆ្នាំនេះត្រីប្រហុក មានតម្លៃចន្លោះពី ២ ២០០ ទៅ ២៥០០រៀល រីឯឆ្នាំមុន មានតម្លៃចន្លោះពី ៤ ពាន់ ទៅ ៥ ពាន់រៀល ៕



ចែករំលែកព័តមាននេះ