ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្នក​ឆ្លង ៥​នាក់ នៅ​ខេត្តកំពត ជា​អ្នក​ប៉ះពាល់​នឹង​បុរស​ទី​១ ដែល​ឆ្លង​អូ​មី​ក្រុង នៅក្នុង​សហគមន៍​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ យ៉ាងហោចណាស់ មាន​មនុស្ស ៥​នាក់ នៅ​ខេត្តកំពត បាន​ឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង ពី​បុរស​ទី​១ ដែល​ឆ្លង​អូ​មី​ក្រុង នៅក្នុង​សហគមន៍​។…

​ភ្នំពេញ​៖ យ៉ាងហោចណាស់ មាន​មនុស្ស ៥​នាក់ នៅ​ខេត្តកំពត បាន​ឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង ពី​បុរស​ទី​១ ដែល​ឆ្លង​អូ​មី​ក្រុង នៅក្នុង​សហគមន៍​។ នេះ​បើតាម​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ថ្លែង​ទៅកាន់ក្រុមអ្នកកាសែត ក្នុងពេលលោកស្រី ពិនិត្យ​ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងខេត្តបាត់ដំប​ង នាថ្ងៃទី១១ ខែមករានេះ​​។

​សូម​រម្លឹកថា បុរស​អាយុ ២៣​ឆ្នាំ ដែល​ឆ្លង​អូ​មី​ក្រុង ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាស​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២២​។ បុរស​នោះ មាន​ស្រុកកំណើត​នៅ​តានី​ទូក​មាស ខេត្តកំពត​។​

​បុរស​ជនជាតិខ្មែរ អាយុ ២៣​ឆ្នាំ ដែល​ឆ្លង​អូ​មី​ក្រុង​ក្នុង​សហគមន៍​ដំបូង​នេះ ស្នាក់នៅ​ទួល​សង្កែ ខណ្ឌ​ឫស្សី​កេវ រាជធានី​ភ្នំពេញ​។ បុរស​រូបនេះ បាន​ទៅ​កំដរ​អ្នកជំងឺ ដែលជា​បងប្អូនជីដូន​មួយ នៅ​មន្ទីរពេទ្យ​មួយ ក្នុង​រាជធានី​ភ្នំពេញ ដែល​មន្ទីរពេទ្យ​នោះ បាន​យក​វត្ថុ​សំណាក​របស់គាត់ ទៅពិនិត្យ នៅ​មន្ទីរពិសោធន៍ ឃើញ​វិជ្ជមាន​អូ​មី​ក្រុង​។ បុរស​រូបនោះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​ព្យាបាល​អូឡាំពិក រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល ប្រកាសថា តាំងពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២២ បុរស​រូបនេះ បានធ្វើ​ដំណើរ​ទៅជា​ច្រើន​កន្លែង ដូចជា នៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និង​ទៅលេង​ទីតាំង​មួយចំនួន នៅ​តានី​ទូក​មាស ខេត្តកំពត ដោយបាន​ធ្វើដំណើរ​ជាមួយ​បងប្អូន​ជីដូនមួយ មកពី​ប្រទេស​អូស្ត្រាលី មកដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ហើយ​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២២ គាត់​បាន​ទៅ​កំដរ​អ្នកជំងឺ ដែលជា​បងប្អូនជីដូន​មួយ នៅ​មន្ទីរពេទ្យ​មួយ ដែល​ក្រោយមក ក៏បាន​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩ អូ​មី​ក្រុង​។​

​ជាមួយគ្នា​នោះ លោកស្រី ឱ វណ្ណឌី​ន លើកឡើងថា អ្នកជំងឺ​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​ស្តា​ត​អូឡាំពិក នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត និង​នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​។​

​លោកស្រី ឱ វណ្ណឌី​ន បញ្ជាក់ថា រោគសញ្ញា​អ្នក​ឆ្លង​អូ​មី​ក្រុង​ទាំងនោះ ភាគតិច បានចេញ​រោគសញ្ញា ហើយក៏​រោគសញ្ញា​នោះ មិន​ធ្ងន់ធ្ងរ​ទេ​។ អ្នក​ឆ្លង​អូ​មី​ក្រុង មាន​តិច​ណាស់ ដែលមាន​បញ្ហា តែ​បញ្ហា​នោះ បង្កដោយ​ផ្លូវ​អារម្មណ៍​ប៉ុណ្ណោះ​។​

​លោកស្រី ឱ វណ្ណឌី​ន បាន​បន្ថែមថា អ្នក​ឆ្លង​អូ​មី​ក្រុង ដែល​យើង​រកឃើញ​ទាំងនោះ ខ្លះ​ចាក់​វ៉ាក់សាំង ដូ​ស​ទី​១ ខ្លះ​ចាក់​ដូ​ស​ទី​២ និង​មួយចំនួនទៀត ចាក់​ដូ​ស​ទី​៣​។ តែ​អ្នក​ចាក់​ដូ​ស​ទី​៣ មាន​តិច​ណាស់​។ អ្នក​ឆ្លង​អូ​មី​ក្រុង ភាគច្រើន​ជា​អ្នកដំណើរ ចូលមក​កម្ពុជា​។​

​មកដល់ពេលនេះ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បន្ថែមថា អ្នក​ឆ្លង​អូ​មី​ក្រុង​មួយចំនួន បានជា​សះស្បើយ​។ ក្នុងនោះ វ៉ាក់សាំង នៅតែ​ជា​ឧបករណ៍​ចាំបាច់​ណាស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​កូ​វីដ​១៩​។​

​លោកស្រី ឱ វណ្ណឌី​ន ក៏បាន​ប្រកាស​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ដោយ​ហ្មត់ចត់ ជាពិសេស​វិធានការ “៣​ការពារ និង​៣​កុំ​” និង​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នៅពេល​ដល់​វេន​លោកអ្នក ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ នៅតាម​សហគមន៍​របស់​យើង​។​

​សូម​រម្លឹកថា សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល បង្ហាញថា ចាប់ពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ នៅ​កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង សរុប​ចំនួន ២២៩​នាក់​។ ក្នុងនោះ មាន ២១៥​នាក់ ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស និង​ឆ្លង​ក្នុង​សហគមន៍ ចំនួន ១៤​នាក់ (​គិត​ចាប់ពី​ថ្ងៃទី​៨​មករា ដល់​ថ្ងៃទី​១០​មករា​)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ