កូវីដប្រភេទអូមីក្រុង បានកែប្រែស្ថានភាពនៃមេរោគរាតត្បាត។ ព្រឹត្តិការណ៍មួយចំនួន ត្រូវបានលុបចោល។ ករណីឆ្លងកំពុងកើនឡើង។ នេះគឺមិនទាន់បានមួយខែនៃឆ្នាំថ្មីស្រួលបួលផង។ អ្នកស្រាវជ្រាវបាននឹងកំពុងឆ្ងល់ថា តើកូវីដប្រភេទថ្មីនេះមានប្រភពមកពីណា។ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រនៅប្រទេសចិនបានចេញផ្សាយការសិក្សាមួយដែលបង្ហាញថា កូវីដអូមីក្រុង អាចមកពីសត្វកណ្តុរ។

ការសិក្សា ដែលបានបោះពុម្ពផ្សាយនៅក្នុង Journal of Genetics and Genomic បានពិនិត្យមើលមូលហេតុដែលបំរែបំរួលរបស់អូមីក្រុង ដែលមានភាពខុសគ្នាខ្លាំងបើប្រៀបធៀបទៅនឹងប្រភេទផ្សេងទៀតនៃកូវីដ១៩។ ក្រុមអ្នកវិទ្យាសាស្ត្រមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិននៅទីក្រុងប៉េកាំងបានរកឃើញថា កូវីដអូមីក្រុង ស្រដៀងទៅនឹងការផ្លាស់ប្តូរដែលទាក់ទងនឹងការវិវត្តនៃមេរោគនៅក្នុងកោសិកាកណ្តុរ។ លើសពីនេះពួកគេនិយាយថា ការផ្លាស់ប្តូរបង្ហាញថាវីរុសបានសម្របខ្លួនទៅនឹងការឆ្លងកោសិកាកណ្តុរ។
គេបានសម្រាយបញ្ជាក់ថា កូវីដដែលមុនពេលបម្លែងទៅជាអូមីក្រុងនោះ ប្រហែលជាបានឆ្លងពីមនុស្សទៅសត្វកណ្តុរ ហើយធ្វើការបម្លែងខ្លួននៅក្នុងកោសិការបស់សត្វកណ្តុរ មុនពេលឆ្លងមកមនុស្សវិញ។
ដោយឡែក តាមសារព័ត៌មាន BBC អ្នកវិទ្យាសាស្ត្រមួយចំនួននៅអាហ្រ្វិកខាងត្បូងមាន “សម្មតិកម្មដែលអាចជឿជាក់បានខ្ពស់” ថា កូវីដអូមីក្រុង បានមកពីអ្នកជំងឺដែលមានភាពស៊ាំខ្សោយនឹងមេរោគ ដែលបានឆ្លងមេរោគកូវីដ១៩។
អ្វីដែលកាន់តែព្រួយបារម្ភនោះគឺថា កូវីដអូមីក្រុងបានឈានដល់ការឆ្លងក្នុងសហគមន៍ក្នុងក្រុងភ្នំពេញយើងហើយ។ ដូចនេះ សូមរក្សាការប្រុងប្រយ័ត្នទាំងអស់គ្នា!
ចែករំលែកព័តមាននេះ