រាជធានីភ្នំពេញ ៖ ការបើកប្រទេសឡើងវិញបានធ្វើឲ្យពលរដ្ឋសប្បាយចិត្តពីព្រោះមានឱកាសរៀបចំពិធីការ និងបុណ្យទាននានាបានឡើងវិញ ។ ប៉ុន្តែមានការសង្កេតឃើញថា ពិធីមង្គលការរបស់ពលរដ្ឋនាពេលបច្ចុប្បន្នមិនទានហ៊ានរៀបចំធំដំមានមនុស្សចូលរួមច្រើន ដូចមុនពេលមិនទាន់ផ្ទុះកូវីដ ១៩ នោះនៅឡើយទេ ។ ម្ចាស់ដើមការយល់ថា ពលរដ្ឋនៅតែបារម្ភពីជំងឺកូវីដ ១៩ ពិសេសវត្តមានមេរោគបំប្លែងថ្មី ដែលបានបង្ករការភ័យក្លាចដល់ពលរដ្ឋជាប្រចាំដូច្នេះបើអញ្ជើញភ្ញៀវចូលរួមច្រើន ក្លាចពលរដ្ឋមិនមកនាំឲ្យខាតបង់ថវិកា ។
លោក គឹម ឈុន ដែលជាមេចុងភៅធ្វើម្ហូបការម្នាក់បានសង្កេតឃើញថា ពលរដ្ឋមានក្តីរីករាយនៅពេលអាជ្ញាធរអនុញ្ញាតឲ្យរៀបចំពិធីមង្គលការឡើងវិញ ។ ប៉ុន្តែលោកបានមើលឃើញថា ពលរដ្ឋមិនទាន់ហ៊ានរៀបចំពិធីធំៗ ត្រូវជួលចុងភៅធ្វើម្ហូបច្រើនតុនោះនៅឡើយទេ ដោយសារពលរដ្ឋខ្លាចភ្ញៀវមិនទៅចូលរួមត្បិតអីជំងឺកូវីដ ១៩ នៅតែជាក្តីបារម្ភ ។ ក្នុងពិធីមង្គលការ ១ រោង ម្ចាស់ដើមការត្រូវការម្ហូបក្នុងកម្រិតតិចតួចនៅឡើយពី ៣០ ទៅ ៤០ តុប៉ុណ្ណោះ មិនដូចកាលពីកាលពីពេលមុនៗមិនទាន់កើតជំងឺកូវីដ ១៩ ទេ ។
កាលមិនទាន់ផ្ទុះកូវីដ ១៩ ពិធីមង្គលការមួយត្រូវការម្ហូបពីចាប់ពី ៨០ តុទៅដល់ ១០០ តុឡើងទៅ ។ ទោះយ៉ាងណាការអាជ្ញាធរបានអនុញ្ញាតឲ្យពលរដ្ឋជួបជុំគ្នារៀបចំពិធីនានាបាន បានផ្តល់ឱកាសល្អដល់ការរកទទូលទានលើមុខរបរជាច្រើនរបស់ពលរដ្ឋ ។ ដូចនៅក្នុងពិធីមង្គលការមួយ បានផ្តល់ចំណូលដល់មនុស្សជាច្រើន តាមរយៈមុខរបរដូចជាចុងភៅ អ្នករត់តុ អ្នកធ្វើរោង អ្នក អនាម័យ អ្នកភ្លើងអ្នកពន្លឺ តន្ត្រីករសម័យបុរាណ ជាដើម ។
លោក យ៉ម តារា ក្រុមភ្លេងបុរាណ សម្រាប់ពិធីមង្គការ នៅក្នុងខេត្តកំពង់ចាម បាននិយាយទាំងក្តីរីករាយថា ចាប់ពីចុងខែធ្នូឆ្នាំ២០២១ កន្លង លោកបានទទួលលេងភ្លេងការបាន ១០ រោងហើយ និងចូលមកដល់ខែមករា ឆ្នាំ ២០២២ នេះក្រុមតន្ត្រីបុរាណរបស់លោកទទួលការកក់ ១៤ រោងទៀត ។
ក្នុងមួយរោងបានប្រាក់កម្រៃពី ៦៥ ទៅ ៧០ ម៉ឺនរៀលទៅតាមជិត ឬឆ្ងាយហើយប្រាក់កម្រៃដែលទទួលបាននេះជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារបានមួយចំណែក ។ នៅពេលបើកប្រទេសឡើងវិញពលរដ្ឋអាចរៀបចំពិធីការឡើងវិញ ខ្ញុំសង្កេតឃើញថាមុខ របរជាច្រើនបានរស់ឡើងវិញដែរ ។ ពិធីការមួយៗ ផ្តល់ការងារឲ្យពលរដ្ឋធ្វើច្រើនណាស់ បើគ្មានមង្គលការទេគឺពួកយើងគ្មានចំណូលឡើយ ។ លោក តារា និយាយជាមួយស្នាមញញឹម ។
លោក ស្រឿន គៀន ដែលជាអាចារ្យរៀបចំពិធីមង្គការម្នាក់ និយាយថា ចូលដល់មករាមកលោកមានភាពរវល់ក្នុងការធ្វើជាអាចារ្យការនេះ ខុសពីកាលឆ្នាំ ២០២១ ។ លោកតាអាចារ្យដែលរស់នៅតាមដងទន្លេបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅតាមដងទន្លេភាគច្រើនជាអ្នកនេសាទ អ៉ីចឹងទៅពួកគាតភាគច្រើនជ្រើសរើសរៀបចំពិធីមង្គលការនៅក្នុងខែរនោជ ឬខែភ្លឺ ។ ឥឡូវខ្ញុំរវល់រៀបចំពិធីមង្គការ ចូលមកដល់ខែមករា កុម្ភៈ រហូតដល់មីនា ពលរដ្ឋបានមកពឹងពាក់ឲ្យជួយរៀបចំពិធីឲ្យពួកគាត់ជាហូរហែ ។ ខ្ញុំសង្កេតឃើញថា ពលរដ្ឋមានក្តីរីករាយនៅពេលបានរៀបចំការទុកដាក់កូនចៅរបស់ពួកគេ ទោះបីពិធីតូចក្តី ធំក្តីពីព្រោះនេះជាទំនៀមទម្លាប់ខ្មែរ ៕
ចែករំលែកព័តមាននេះ