រាជធានីភ្នំពេញ ៖ ជាមោទនភាពដែលជាតម្លៃធំធេងមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា និង ប្រជាពលរដ្ឋកម្ពុជាទាំងមូល បន្ទាប់ពីយើងបានទទួលជ័យលាភីពានរង្វាន់ថ្មីៗពីទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ ទេសចរណ៍ (TripAdvisor) ដែលទីក្រុងសៀមរាបបានឈ្នះជា «គោលដៅទេសចរណ៍ល្អបំផុតក្នុងអាស៊ីសម្រាប់ឆ្នាំ២០១៦ Siem Reap as the Best Destination in Asia 2016» និងប្រាសាទអង្គរវត្ត បានឈ្នះជា «ប្រាសាទល្អបំផុតក្នុងអាស៊ីសម្រាប់ឆ្នាំ២០១៦ Angkor Wat as the Best Landmarks in Asia 2016» ។
ផ្តើមពីនោះ ហើយកាន់តែមោទនភាពថែមទៀតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងត្រូវទទួលនូវជ័យលាភីពានរង្វាន់ «កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៦ Cambodia – the World Best Tourist Destination for 2016» ដែលនឹងត្រូវប្រគល់ដោយ ក្រុមប្រឹក្សាភិបាលទេសចរណ៍ និង ពាណិជ្ជកម្មអឺរ៉ុប ហើយពិធីប្រគល់នេះនឹងរៀបចំជាផ្លូវការនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នេះ ។
សូមជម្រាបថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ បានអញ្ជើញគណៈប្រតិភូក្រុមប្រឹក្សាភិបាលទេសចរណ៍ និង ពាណិជ្ជកម្មអឺរ៉ុប ចំនួន៥រូប ដែលដឹកនាំដោយលោកបណ្ឌិតសាស្ត្រាចារ្យ Mr. Anton Caragea ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ និង ពាណិជ្ជកម្ម នៃសហភាពអឺរ៉ុប មកធ្វើទស្សនៈកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីផ្តល់ជ័យលាភីពានរង្វាន់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា «កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ២០១៦ Cambodia – the World Best Tourist Destination for 2016» ព្រមទាំងប្រកាស «កម្ពុជា ជាគោលដៅវប្បធម៌ពេញនិយមសម្រាប់ឆ្នាំ២០១៦ The Favorite Cultural Destination for 2016» ថែមទៀត ។
ចែករំលែកព័តមាននេះ