នរណាក៏ដឹងដែរថា ការទទួលទានការ៉ុតគឺធ្វើឱ្យភ្នែកមើលច្បាស់។ នេះក៏ព្រោះតែវាមានផ្ទុកនូវសារធាតុវីតាមីន A ដែលជួយដល់គំហើញរបស់ភ្នែក។ តើមានអ្វីខ្លះទៀតក្រៅពីការ៉ុត ដែលជួយដល់សុខភាពភ្នែក? ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអាហារ៣យ៉ាង ដែលធ្វើឱ្យភ្នែកអ្នកភ្លឺច្បាស់ជាងមុន។

១. ស៊ុតលឿង
ផ្នែកពណ៌លឿងនៃស៊ុតមានផ្ទុកសារធាតុម្យ៉ាងហៅថា ស៊ីសង់ទីន (zeaxanthin) និង លុយទីន (lutein) ដែលចាំបាច់សម្រាប់រក្សាសុខភាពភ្នែកល្អប្រសើរ និង មើលឃើញបានច្បាស់ ដោយការពារការចុះខ្សោយនៃសសៃបាតភ្នែក។ ប៉ុន្តែត្រូវប្រាកដថា អ្នកជ្រើសរើសទទួលទានស៊ុតធម្មជាតិ ដែលមានគុណភាពខ្ពស់ទើបទទួលបានអត្ថប្រយោជន៍ពេញលេញមិនប៉ះពាល់សុខភាព។
២. ត្រី
ដើម្បីការពារប្រឆាំងនឹងជំងឺភ្នែកឡើងបាយ ជំងឺខ្សោយភ្នែក ក៏ដូចជាជំងឺភ្នែកស្ងួត ចូរទទួលទានត្រីសម្បូរខ្លាញ់ ដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ រួមមានត្រីសាឌីន ត្រីធូណា និង ត្រីសាលម៉ុន ឱ្យបានច្រើន។ ប្រសិនបើអ្នកមិនចូលចិត្តទទួលទានត្រីសមុទ្រទាំងនេះ ចូរទទួលទានគ្រាប់ធញ្ញជាតិ និងបន្លែផ្សេងៗដែលជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣។
៣. បន្លែបៃតង
បន្លែបៃតង គឺជាប្រភពដ៏ប្រសើរនៃសារធាតុស៊ីសង់ទីន (zeaxanthin) និង លុយទីន (lutein) ដែលមានប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឹភ្នែកឡើងបាយ និងជំងឺខ្សោយភ្នែកគួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពភ្នែកល្អប្រសើរ ចូរព្យាយាមទទួលទានបន្លែបៃតងឱ្យបានច្រើន៕
ចែករំលែកព័តមាននេះ