មានការលើកឡើងជាសំណួរថា តើលក្ខណៈរបស់លោភៈក្តី, លក្ខណៈរបស់ទោសៈក្តី, លក្ខណៈរបស់មោហៈក្តី, លក្ខណៈរបស់កុសលក្តី ពេលកើតឡើងម្តងៗមានលក្ខណៈដូចម្តេចខ្លះ ?

នៅពេលដែលលោភៈកើតឡើងម្តងៗបងប្អូន គឺវារមែងស្រអាប់ព្រោះតែការស្រលាញ់, ព្រោះតែការជាប់ស្អិតនៅក្នុងអារម្មណ៍, ព្រោះតែការចង់បាន អញ្ចឹងហើយទើបវាពោរពេញទៅដោយអាការៈអន្ទះអន្ទែងយ៉ាងក្រៃលែង ។
នៅពេលដែលទោសៈ កើតឡើងម្តងៗគឺវាមានលក្ខណៈសៅហ្មង, មានលក្ខណៈក្តៅក្រហាយ, មានលក្ខណៈទើសមុខទើសក្រោយ, មានលក្ខណៈមិនសប្បាយចិត្តឡើយ ។
នៅពេលដែលមោហៈ កើតឡើងម្តងៗគឺវាមានលក្ខណៈវង្វេងវង្វាន់, មានលក្ខណៈមិនដឹងខុសដឹងត្រូវអ្វីឡើយ, មានលក្ខណៈគ្រោតគ្រាតមិនមានលក្ខណៈផូរផង់ឡើយ ។

នៅពេលដែលកុសលកើតឡើងម្តងៗគឺវារមែងផូរផង់ក្រៃលែង, មានលក្ខណៈឱ្យផលជាសុខ, មានលក្ខណៈធ្វើទុកក្នុងចិត្ត ដោយឧបាយដ៏ត្រឹមត្រូវ, ឬដោយឧបាយប្រាជ្ញា ព្រោះតែប្រាសចាកនូវទុក្ខ, ប្រាសចាកនូវអកុសល ប្រាសចាកអំពីលោភៈ, ប្រាសចាកអំពីទោសចិត្តដែលជាការសៅហ្មងគ្រប់យ៉ាង ៕ សាន សារិន
ចែករំលែកព័តមាននេះ