ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​មាន់​អាំង​នៅ​សៀមរាប ​សប្បាយចិត្ត​ឡើង​វិញ​ក្រោយ​​វត្តមាន​អ្នកទេសចរ

4 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ នៅ​ពេល​និយាយ​ទៅ​ដល់​មាន់​អាំង អ្នកទេសចរ​ដែល​បាន​ទៅ​កម្សាន្តខេត្តសៀមរាប មិន​រំលង​ក្នុងការទទួលទាន​មាន់​អាំង​ឡើយ នៅ​ពេល​បាន​ទៅ​ដល់​ទឹកដី​វប្បធម៌​នេះ។ មាន់​អាំង​មុខ​អង្គរ មាន់អាំង​ឃុំ​ព្រះ​ដាក់ មាន់​អាំង​តាម​ផ្លូវ​ទៅ​ប្រាសាទបាគង ប្រាសាទបន្ទាយស្រី…

ខេត្តសៀមរាប ​៖ នៅ​ពេល​និយាយ​ទៅ​ដល់​មាន់​អាំង អ្នកទេសចរ​ដែល​បាន​ទៅ​កម្សាន្តខេត្តសៀមរាប មិន​រំលង​ក្នុងការទទួលទាន​មាន់​អាំង​ឡើយ នៅ​ពេល​បាន​ទៅ​ដល់​ទឹកដី​វប្បធម៌​នេះ។ មាន់​អាំង​មុខ​អង្គរ មាន់អាំង​ឃុំ​ព្រះ​ដាក់ មាន់​អាំង​តាម​ផ្លូវ​ទៅ​ប្រាសាទបាគង ប្រាសាទបន្ទាយស្រី លើ​ខ្នងភ្នំ​គូលែន ជាដើម​សុទ្ធតែមាន​រសជាតិ​ឈ្ងុ​ញ​ឆ្ងាញ់​ ។

Picture

នៅ​លើ​ផ្លូវ​ទៅ​កាន់​ប្រាសាទបាគង នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​គ្រប់ពេល គេ​ប្រាកដជា​បាន​ស្រូប​ក្លិន​ដ៏ឈ្មុ​យឆ្ងាញ់នៃ​មាន់​អាំង ដែល​អ្នកស្រុក​កំពុង​អាំង​លក់​តាម​ដងផ្លូវ​ ។ អ្នកដែល​បាន​ដែល​បាន​ហិតក្លិន​ឆ្ងុយ​ឆ្ងាញ់ និង​បានឃើញ​រូបភាព​មាន់​អាំង​ឡើង​រលោង មាន​ពណ៌​ក្រហម​ព្រឿងៗ​ហើយ​នោះ ប្រាកដជា​មិន​អាច​ដាច់​ចិត្ត​ធ្វើ​ដំណើរ​ហួស​ឡើយ ​។ និយាយ​ជា​រួម​អ្នកទេសចរ​ឆ្លងកាត់​តែងតែ​ឈប់​ទិញ​មាន់​អាំង​នៅ​ទី​នេះ​យក​ទៅ​ទទួលទាន​ ។

Picture

កំពុង​អាំង​មាន់ ដែល​មាន​ផ្សែង​ហ៊ុយ​ទ្រលោម​ចេញពី​ចង្ក្រាន ដៃ​ម្ខាង​កាន់​ទឹកជ្រលក់​លាប​លើ​មាន់​ដើម្បី​បង្កើន​រស់ជាតិ ​។ អ្នកស្រី ចាន់​ឃី ជា​អ្នកលក់​មាន់​អាំង​នៅ​ផ្លូវ​ប្រាសាទបាគង​ បាន​រៀបរាប់​ថា ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​អាច​លក់​មាន់​អាំងពី​ ២០ ទៅ ៣០​ ក្បាល​ហើយបើជា​ថ្ងៃ​បុណ្យ​ទាន ឬ​ចុង​ស​ប្តា​ហ៍​នោះការ​លក់​អាច​កើន ពី ​៣០ ទៅ ៤០​ ក្បាល ​។

Picture

ស្ត្រី​វ័យ​ ៣២​ ឆ្នាំ​រូប​នេះ​បានឱ្យ​ដឹង​បន្ថែម​ថា សម្រាប់​តម្លៃ​មាន់​អាំង​វិញ​មាន​ចាប់ពី​មួយ​ក្បាល ​២៥០០០ រៀល ទៅ ​៣០០០០ រៀល និង​ ៣៥០០០ ​រៀល តាម​ទំហំ​របស់​វា ​។ មាន់​ទាំងអស់​សុទ្ធ​សឹង​ជា​មាន់​ស្រែ​ដែល​គេ​ចិញ្ចឹម​តាម​ភូមិ ពុំ​មែនមាន់​ចិញ្ចឹម​ឱ្យ​ចំណី​ឡើយ ​។ មាន់​ចិញ្ចឹម​បែប​ធម្មជាតិ មាន​រស់ជាតិ​​ឈ្មុ​យ​ឆ្ងាញ់​ ។ ខ្ញុំមិន​បាន​បន្ថែម​រស់ជាតិ​អ្វី​ទៅ​មាន់​នៅះ​ទេ គ្រាន់តែ​ធ្វើ​ទឹក​ច្រ​លក់​ និង​បន្លែ សម្រាប់​អ្នក​ទទួលទាន​ប៉ុណ្ណោះ​ ។ មាន់​ឆ្ងាញ់​ដោយសារ​ជា​មាន់​ធម្មជាតិ​ ។ អ្នកស្រី​ ចាន់​ឃី បញ្ជាក់ ។

Picture

ដោយឡែក​បុរស​អ្នកលក់​មាន់​អាំង​ម្នាក់​ទៀត ឈ្មោះ លី សោភា បាន​ប្រាប់​ថា ភ្ញៀវ​តែង​ចូល​មក​បរិភោគ​មាន់​អាំង​នៅ​តូប​របស់​លោក​មិន​ដាច់​ឡើយ ​។ លោក​អាច​រក​ប្រាក់​កម្រៃ​ពី​ការ​លក់​មាន់​អាំង​បាន​សមរម្យ​សម្រាប់​ដោះស្រាយ​ជីវភាព​ធូរ​មួយ​កម្រិត​ធំ​ ។ ក្នុង​មួយ​ថ្ងៃ​គាត់​អាច​លក់​បាន​ចាប់ពី​ ១៥​ ក្បាល​ដល់​ ២០ ​ក្បាល​ ។ ​សម្រាប់​ថ្ងៃ​បុណ្យ​ទាន​អាច​លក់​ចាប់ពី ​៤០ ​ដល់​ ១០០​ ក្បាល​ទៀត​ផង​ ។

Picture

បុរស​រូប​នេះ​បានឱ្យ​ដឹង​ដែរ​ថា ការ​លក់​មាន់​អាំង​ក្រៅពី​សាច់​ធម្មជាតិ​ឆ្ងាញ់​ហើយ ត្រូវ​ផ្សំ​ជាមួយ​ទឹកជ្រលក់​ឆ្ងាញ់​ដែរ ​។ សម្រាប់​ទឹកជ្រលក់​របស់​លោក​មាន​ច្រើន​មុខ​ដូច​ជា ៖ អំពិល​បុក ប្រហុក​បុក ទឹកត្រី​ក្រូចឆ្មារ ញាំ​អង្ក្រង ទឹកត្រី​កោះកុង​ជាដើម​ ។ លោក លី សោភា ​បានឱ្យ​ដឹង​ពី​ការ​លក់​មាន់​អាំង​របស់​គាត់​ គឺ​ពឹងផ្អែក​លើ​ភ្ញៀវ​ទេសចរ ហើយ​របរ​មួយ​នេះ​មិន​ត្រឹម​ជួយ​លើកកម្ពស់​ជីវភាព​ពួក​គាត់​នោះ​ទេ ​តែ​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​មាន់​ស្រែ​តាម​ភូមិ​ឃុំ​ និង​សហគមន៍​ផង​ដែរ ​។

Picture

ក្រៅពី​មាន់​អាំង នៅ​លើ​ទឹក​អង្គរ គេ​ឃើញ​តូប​លក់កង្កែបបោក​អាំង ពង​ទា​ស្ងោរ និង​ត្រី​ស្រែ​អាំង ដែល​សុទ្ធ​សឹង​ជា​អារ​ហារ​ខ្មែរ សម្រាប់​ទទួល​អ្នកទេសចរ​ផង​ដែរ​ ។ អ្នកលក់​ភាគច្រើន​សប្បាយចិត្ត​ក្រោយ​ពី​មាន​អ្នកទេសចរ​​ចូល​ទៅ​ដើរ​កម្សាន្ត​លើ​ទឹកដី​អង្គរ​វិញ ក្រោយ​ពី​រដ្ឋាភិបាល​បាន​បើក​ប្រទេស​នោះ​ ៕