រាជធានីភ្នំពេញ ៖ ក្នុងពេលវិបត្តិកូវីដ ១៩ នេះ សេវាធានារ៉ាប់រងលើសុខភាពមានការកើនឡើង ។ ចំណែកការធានារ៉ាប់រងទៅលើផ្នែកផ្សេងទៀត ដូចជាសំណង់ ការធានាទៅលើការធ្វើដំណើរតាមយន្តហោះជាដើមបានធ្លាក់ចុះ ។ លោក យក់ ចំរើនឬទ្ធិ នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានលើកឡើងក្នុងសន្និសីទមួយនាព្រឹកថ្ងៃទី ៣ មករា ២០២២ នេះថា ក្នុង បរិបទកូវីដ ១៩នេះ ក្រុមហ៊ុនធានារ៉ាប់រង បានបង្កើតនូវកញ្ចប់សេវាកម្មថ្មីៗជាច្រើន ដើម្បីផ្ដល់ជូនអតិថិជន ជាពិសេសកញ្ចប់សេវាកម្មធានារ៉ាប់រងកូវីដ ១៩ សម្រាប់អ្នកដំណើរពីបរទេសចូលមកកម្ពុជា ។
«ក្រុមហ៊ុនយើងជាអ្នកបង្កើតនូវកញ្ចប់សេវាធានារ៉ាប់រងកូវីដ ១៩ លើអ្នកដំណើរបរទេសចូលមកកម្ពុជា ហើយមានក្រុមហ៊ុនជាច្រើនទៀត ហើយមកដល់ពេលនេះ មានក្រុមហ៊ុនធានារ៉ាប់រងនានាបន្តលក់កញ្ចប់នេះដល់អ្នកដំណើរពីបរទេសចូលមកកម្ពុជាដដែរ» នេះជាការបញ្ជាក់របស់លោក យក់ ចំរើនឬទ្ធិ ។
លោកបានវាយតម្លៃថា វិស័យធានារ៉ាប់រងកម្ពុជាក្នុងឆ្នាំ ២០២១ កន្លងទៅនេះទទួលបានកំណើនល្អប្រសើរ ដោយតាមការប៉ាន់ស្មានឆ្នាំ ២០២១ កន្លងទៅនេះ មានកំណើនប្រមាណ ១៥% ខណៈប្រទេសជាច្រើនក្នុងតំបន់អាស៊ានបានធ្លាក់ចុះ ។
លោក ជៀប សុភ័ក្ត្រ នាយកផ្នែកចែកចាយនៃក្រុមហ៊ុន ហ្វតតេឡាយហ្វ៍ បានឱ្យដឹងថា ក្នុងបរិបទនេះកូវីដ ១៩ នេះ ការលក់កញ្ចប់ធានារ៉ាប់រងបានប៉ះពាល់ដោយផ្នែក និងមានផ្នែកខ្លះនៅតែបន្តកើនឡើង ។ លោកថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនបានយល់ដឹងពីហិរញ្ញវត្ថុគ្រួសារ និងបានរៀបចំផែនការទុកសម្រាប់គ្រួសារ ដែលជាហេតុធ្វើឱ្យទីផ្សារធានារ៉ាប់រងមានកំណើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក និយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា ទោះជាមានការរីកចម្រើនយ៉ាងនេះក្តី ប្រសិនពិនិត្យមើលអត្រាភាគទានធានារ៉ាប់រង ក្នុងសេដ្ឋកិច្ចកម្ពុជាមានប្រមាណតែ ១,០៤ ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងមានប្រមាណតែ ១៧,២៦ ដុល្លារក្នុងម្នាក់ប៉ុណ្ណោះក្នុងឆ្នាំ ២០២០ គឺមានកម្រិតទាបនៅឡើយបើធៀបនឹងតំបន់ ។
បច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៩ ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ ក្រុមហ៊ុនជើងសារធានាររ៉ាប់រងចំនួន ១៦ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ២៦ ដែលក្នុងនោះមានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២១ ជាភ្នាក់ងារធានារ៉ាប់រង ហៅថាប៊េងកាសួរេន (bancassurance) និងបុគ្គលភា្នក់ងារធានារ៉ាប់រងចំនួនជាង ៥,០០០ នាក់ ៕
ចែករំលែកព័តមាននេះ