ភ្នំពេញ៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវបានតែងតាំង ធ្វើជាតំណាងកម្ពុជា ប្រចាំ អាយឆា «គណៈកម្មការ អន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស» សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៤។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។
ក្នុងលិខិតដដែល ក៏បានលើកឡើងថា រាជរដ្ឋាភិបាល យល់ព្រមលើគោលការណ៍ ដោយប្រគល់តួនាទីឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទួលបន្ទុកលើកិច្ចការអាយឆា ដែលជាយន្តការសិទ្ធិមនុស្សថ្នាក់តំបន់អាស៊ាន ដើម្បីគ្រប់គ្រងឲ្យមានសង្គតភាពនៃដំណើរការការងារសិទ្ធិមនុស្សទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងក្របខណ្ឌអង្គការសហប្រជាជាតិ។ នៅឆ្នាំ២០២២ កម្ពុជានឹងធ្វើជាប្រធានអាយឆា ដែលអាចមានបញ្ហារសើបខាងនយោបាយជាច្រើន នឹងត្រូវលើកឡើងយកមកជជែកពិភាក្សានៅក្នុងកិច្ចប្រជុំ។
រាជរដ្ឋាភិបាល ក៏បានយល់ព្រម អនុញ្ញាតឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំគម្រោងស្នើសុំថវិកាប៉ាន់ស្មាន សម្រាប់ចាត់ចែង និងដឹកនាំកិច្ចប្រជុំ ចំនួន ៦ នៅពេលអាយឆាកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅឆ្នាំ២០២២ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយល់ព្រមរួចហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កន្លងមក។
កើតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៦៣ លោក កែវ រ៉េមី ជាអ្នកនយោបាយ ដោយចាប់ផ្តើមចូលប្រឡូកក្នុងនយោបាយដំបូង ជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិច។ លោក កែវ រ៉េមី ត្រូវបានគេដឹងថា ជាកូនប្រសាររបស់លោក ឈឹម សៀកឡេង ដែលជាមន្ត្រីជាន់ខ្ពស់មានភក្តីភាពនឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។
នៅឆ្នាំ១៩៩៥ នៅពេលដែលលោក សម រង្ស៊ី បានចាកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច ទៅបង្កើតគណបក្សជាតិខ្មែរ គឺលោក កែវ រ៉េមី ក៏បានចាកចេញពីហ្វ៊ុនស៊ិនប៉ិច ជាមួយលោក សម រង្ស៊ី។ បន្ទាប់មក គណបក្សជាតិខ្មែរ ក៏បានប្តូរឈ្មោះជា គណបក្ស សម រង្ស៊ី ហើយលោក កែវ រ៉េមី ក៏បានជាប់ឆ្នោត នៅឆ្នាំ១៩៩៨ ជាតំណាងរាស្ត្ររបស់គណបក្ស សម រង្ស៊ី និងបន្តជាប់ឆ្នោតជាថ្មី ក្នុងនាមជាតំណាងរាស្ត្រគណបក្ស សម រង្ស៊ី នៅឆ្នាំ២០០៣។
នៅឆ្នាំ២០០៧ នៅពេលលោក កឹម សុខា ចាកចេញពីប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ទៅបង្កើតគណបក្សសិទ្ធិមនុស្ស គឺលោក កែវ រ៉េមី ក៏បានចេញពីគណបក្ស សម រង្ស៊ី ទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា។ តែនៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០០៨ លោក កែវ រ៉េមី មិនបានជាប់ឆ្នោតជាតំណាងរាស្ត្រឡើយ។ ក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០០៨ ភ្លាមៗ លោក កែវ រ៉េមី ក៏បានសម្រេចចាកចេញពីលោក កឹម សុខា និងប្រកាសចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយលោក ក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
នៅពេលកាន់តំណែងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ក៏មានតួនាទីជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីឆ្លងឆ្លើយនឹងគណបក្សប្រឆាំង ព្រមទាំងសង្គមស៊ីវិលជាដើម។
រហូតដល់ឆ្នាំ២០១០ លោក កែវ រ៉េមី ក៏ត្រូវបានតែងតាំង ជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បន្ថែមលើមុខងារជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ នៅខែឧសភា ឆ្នាំ២០១៥ លោក កែវ រ៉េមី ក៏ត្រូវបានតែងតាំងបន្ថែមតួនាទី ជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោក កែវ រ៉េមី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។
នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៦ តាមរយៈការបោះឆ្នោត ឆ្នាំ២០១៨ លោក កែវ រ៉េមី ក៏ត្រូវបានតែងតាំងបន្ថែមមុខងារ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ រហូតដល់បច្ចុប្បន្ន លោក កែវ រ៉េមី ដែលមានខ្សែក្រវ៉ាត់ខ្មៅ តេក្វាន់ដូ ក៏ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា ITF ផងដែរ៕
![Picture]()
ចែករំលែកព័តមាននេះ