រាជធានីភ្នំពេញ៖ ពាណិជ្ជករបានមើលឃើញថា វិស័យកសិកម្មកម្ពុជា កំពុងចាប់ផ្តើមទទួលបានការវិនិយោគបរទេសទាំងពីភាគីមកពីរជប៉ុន កូរ៉េ សហរដ្ឋអាមេរិក ពិសេសមកពីខាងវិនិយោគិនជនជាតិចិន ដែលនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីផងនោះ នឹងកាន់តែអាចជួយទាក់ទាញការវិនិយោគបាន បន្ថែមទៀត មកពីបណ្តាប្រទេសផ្សេងៗ មកបណ្តាក់ទុនវិនិយោគក្នុងវិស័យកសិកម្មនេះ ។
តែមានការមើលឃើញថា អ្នកវិនិយោគទុនក្នុងស្រុក បែជាមិនសូវចាប់អារម្មណ៍ចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មទៅវិញ ។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថាវិស័យកសិកម្មកម្ពុជា នៅខ្វះខាតអ្នកចូលរួមវិនិយោគ នៅខាងក្នុងប្រទេស ពិសេសពីបណ្តាអ្នកមានលទ្ធភាព ឬមានដើមទុនធំៗ នៅមិនបានបោះទុនវិនិយោគឱ្យបានខ្លាំងក្លានៅឡើយទេ ។
តាមពាណិជ្ជករខាងលើថា វិស័យកសិកម្មនៅជួបបញ្ហាប្រឈមសំខាន់ៗ ដូចជា ដីកសិកម្ម និងប្រព័ន្ធធារាសាស្ត្រ នៅមិនទាន់ប្រទាក់ក្រឡាគ្នា វិស័យដឹកជញ្ជូន ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ នៅមានបញ្ហា អគ្គិសនីថ្លៃ ការអនុវត្តច្បាប់ស្តីពីការធ្វើកិច្ចសន្យាកសិកម្មជាមួយប្រជាពលរដ្ឋ នៅមានតិចនិងទំនិញឬវត្ថុធាតុដើមខុសច្បាប់នៅមាន ។ លោកឧកញ៉ា លឹម ហេង បញ្ជាក់ថា «បើសិនកម្ពុជាអាចដោះស្រាយបញ្ហាប្រឈមខាងលើនេះបាន មានន័យថាវិស័យកសិកម្មដោះស្រាយបញ្ហាបានមួយភាគធំ» ។
រដ្ឋន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបង្ហាញថា តម្លៃនៃការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់គោលដៅទីផ្សារក្រៅប្រទេស ក្នុងរយៈពេល ១២ ខែ ឆ្នាំ២០២១ មានចំនួន ៤.៩៦៧ដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញអង្ករមានតម្លៃជាង ៥២៧ លានដុល្លារអាមេរិក, ការនាំចេញស្រូវមានជាង ៦៣១ លានដុល្លារអាមេរិក ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានជាង ៣.១៦៤ លានដុល្លារអាមេរិក, ការនាំចេញកៅស៊ូធម្មជាតិមានជាង ៦០៣ លានដុល្លារអាមេរិក,ការនាំចេញឈើកៅស៊ូមានជាង ១,៥លានដុល្លារអាមេរិក ការនាំចេញឈើអារនិងសត្វស្វារមានជាង ៣៥ លានដុល្លារអាមេរិកនិងការនាំចេញត្រីគ្រប់ប្រភេទមានជាង ៤ លានដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ