ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ជាង ១៥ ម៉ឺន​នាក់​បាន​កំពុង​ដាំ​បន្លែ ផ្លែ​ឈើ និង​ចិញ្ចឹមសត្វ​សុវត្ថិភាព ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បច្ចុប្បន្ន​កម្ពុជា​មាន​សហគមន៍​កសិកម្ម​ប្រមាណ​ជាង ​១២០០ ​បាន​កំពុង​ដើរតួ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព រួមទាំង​ដំណាំ​ហូប​ផ្លែ​និង​ចិញ្ចឹមសត្វ​ផងដែរ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក កាត់​បន្ថយ​ការ​នាំ​ចូល​កសិផល​ពី​ខាងក្រៅ​ប្រទេស​ ។ លោក វេ​ង…

រាជធានី​ភ្នំពេញ​៖ បច្ចុប្បន្ន​កម្ពុជា​មាន​សហគមន៍​កសិកម្ម​ប្រមាណ​ជាង ​១២០០ ​បាន​កំពុង​ដើរតួ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព រួមទាំង​ដំណាំ​ហូប​ផ្លែ​និង​ចិញ្ចឹមសត្វ​ផងដែរ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក កាត់​បន្ថយ​ការ​នាំ​ចូល​កសិផល​ពី​ខាងក្រៅ​ប្រទេស​ ។ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ២០២១ សហគមន៍​កសិកម្ម​ចំនួន ១.២១៧ ដែល​មាន​សមាជិក​សរុប​ជាង ​១៥ ​ម៉ឺន​នាក់​នោះ មាន​ដើមទុន​សរុប​ជាង ១០២ ​ពាន់​លាន​រៀល បាន​កំពុង​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ដាំ​ដុះ​បន្លែ ចិញ្ចឹមសត្វ សរីរាង្គ​ផ្គត់ផ្គង់ ទីផ្សារ​ក្នុងស្រុក តាម​រយ​:​ការ​អនុវត្ត​តាម​បច្ចេកទេស​កសិកម្ម​ទំនើប ដោយ​ប្រើប្រាស់​ផ្ទះ​សំណាញ់ និង​ Hydroponic ។

Picture

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ចុះ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​រវាង​កសិករ សហគមន៍​កសិកម្ម និង​វិស័យ​ឯកជន​មាន​ចំនួន​កើនឡើង​ផង​ដែរ ដោយ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២១ កសិករ​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ការ​អនុវត្ត​កសិកម្ម​ល្អ CamGAP មាន​ចំនួន ៣០៩ ​ចម្ការ ឬ​កសិដ្ឋាន ដែល​បាន​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស ​ទទួល​បាន​ទិន្នផល​ខ្ពស់​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព ​។

លោក​ឧកញ៉ា ហ៊ុន ឡាក់ អ្នក​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ម្នាក់ ថា​ការ​ផលិត​បន្លែ​សុវត្ថិភាព​ជា​ផ្នែក​សំខាន់​ក្នុង​ការ​លើកកម្ពស់​ជីវភាព​កសិករ​និង​វិស័យ​កសិកម្ម ​។ លោក​បាន​វិនិយោគ​បង្កើត​មជ្ឈមណ្ឌល​បន្លែ​សុវត្ថិភាព​មួយ​ ។ មជ្ឈមណ្ឌល​នេះ​ជា​ផ្នែក​មួយ​ចូលរួម​ជំរុញ​ការ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ក្នុងផ្ទះ​សំណាញ់ និង​ចាប់​ដៃគូ​ជាមួយ​កសិករ សហគមន៍​កសិកម្ម និង​បណ្ដុំ​ក្រុម​ផលិត តាម​រយៈ​កិច្ចសន្យា​កសិកម្ម ដោយ​ក្រុមហ៊ុន​ផ្តល់​ធាតុ​ចូល​កសិកម្ម និង​បច្ចេកទេស ព្រមទាំង​ប្រមូល​ទិញ​បន្លែ​ទាំងអស់​ត្រឡប់​មក​វិញ ធ្វើការ​លាង​សម្អាត វេច​ខ្ចប់ រក្សា​ទុក​បន្លែ​ដែល​ប្រមូល​បាន​ទាំង​នៅ​ក្នុង​មជ្ឈមណ្ឌល និង​តាម​កិច្ចសន្យា​កសិកម្ម​ជាមួយ​កសិករ​គោលដៅ​តាម​ខេត្ត និង ធ្វើការ​ចែកចាយ​ដល់ទី​ផ្សារ ​ប្រកបដោយ​សុវត្ថិភាព​ធានា​គុណភាព ​។

Picture

អគ្គនាយកដ្ឋាន​កសិកម្ម​បាន​បង្ហាញ​ថា ផ្ទៃដី​ផលិតកម្ម​ដំណាំ​បន្លែ​បាន​កើនឡើង​ប្រមាណ​ពី ៥១. ៣៣៨ ​ហិ​កតា នៅ​ឆ្នាំ​២០១៤ ដល់ ៦៩. ៨៥០ ​ហិ​កតា​នៅ​ឆ្នាំ​២០២១​ ។ ចំណែក​បរិមាណ​បន្លែ​ផលិត​បាន បាន​កើនឡើង​ជិត​ពីរ​ដង​ពី ៤១៥. ២៣៩ ​តោន នៅ​ឆ្នាំ​២០១៤ ដល់ ៨១០.០៦៤ តោន នៅ​ឆ្នាំ​២០២១ ៕