ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំក្រុងពាលី ទំនប់ទឹកឈ្វាំង ដែលទើបបានកសាងរួចរាល់ជាស្ថាពរ សម្រាប់បម្រើវិស័យទេសចរណ៍ និងទទួលកម្មវិធីឆ្លងឆ្នាំសកល ឆ្នាំ២០២១ ដែលប្រព្រឹត្តឡើង នៅទំនប់ឈ្វាំង ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀ។
ក្រោយកិច្ចក្រុងពាលីរួច ឯកឧត្តមបណ្ឌិតសភាចារ្យ អមដំណើរដោយឯកឧត្តមអភិបាលខេត្ត អភិបាលខេត្តរង បានអញ្ជើញទស្សនាការប្រណាំងទូក និងបាញ់កាំជ្រួច ក្នុងពេលរាត្រី ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកម្មវិធីឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ធ្នូ នៅខេត្តកំពង់ឆ្នាំង បានចូលរួមទៅលេងកម្សាន្តនៅទំនប់ឈ្វាំងយ៉ាងច្រើនកុះករ ក្នុងពេលរសៀល និងពេលរាត្រី។ ម្នាក់ៗប្រកបដោយទឹកមុខសប្បាយរីករាយ និងមានការពិសាអាហារតាមមាត់បឹង ដែលអមដោយភ្លើងចម្រុះពណ៌ និងទស្សនាការបាញ់កាំជ្រួច ដែលមានរយៈពេលប្រមាណជា ២០នាទី។
ដោយឡែក តាមរមណីយដ្ឋាន និងសួនកំសាន្តនានា ក្នុងខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានរៀបចំឲ្យមានការប្រគំតន្ត្រី បាញ់កាំជ្រួច និងងតុបតែង កែលម្អភ្លើងពណ៌ផងដែរ។ ក្នុងនោះ មានសួនសម្ដេចវាំងគង់សំអុល សួនកុមារមុខសាលាខេត្ត សួនវិមានឯករាជ្យ និងសួនរង្វង់មូលទូក ជាដើមផងដែរ៕ ពៅ សុខហ៊ាន
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ