ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​មែកឈើ​គគីរ បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រង​របួស

8 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បុរស​ពីរ​នាក់​ជា​យោធា និង​មេព្រៃ​នៅ​ស្រុក​ឆ្លុ​ង បាន​រង​របួស​ធ្ងន់ធ្ងរ​ក្នុង ហេតុការណ៍​បាក់មែក​គគីរ​សង្កត់ពីលើ​រោង​យាម កាលពី​ពាក់កណ្តាល​យប់​ថ្ងៃ​ទី​១៤

ខេត្តក្រចេះ ៖ បុរស​ពីរ​នាក់​ជា​យោធា និង​មេព្រៃ​នៅ​ស្រុក​ឆ្លុ​ង បាន​រង​របួស​ធ្ងន់ធ្ងរ​ក្នុង ហេតុការណ៍​បាក់មែក​គគីរ​សង្កត់ពីលើ​រោង​យាម កាលពី​ពាក់កណ្តាល​យប់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​បាក់មែក​គគីរ​ចំ​ពីលើ​រោង​យាម​របស់​មេព្រៃ​សង្កាត់​ឆ្លូង បាន​បង្ក​ឲ្យ​មនុស្ស​ពីរ​នាក់​រង​របួស​នេះ មិនមែន​ជា​ករណី​ខ្យល់​កន្ត្រាក់​នោះ​ទេ​។ គឺ​ដោយសារ​តែ​ដើម​គគីរ​ធំ​មួយ​ដើម​នោះ​ចាស់ ទើប​បណ្តាល​ឲ្យ​មែក​ធំ​ៗ​មាន​សភាព​ពុក​ផុយ​។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​កាលពី​យប់​ថ្ងៃ​កើតហេតុ ក្នុង​រោង​យាម​របស់​មេព្រៃ សង្កាត់​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង ដែល​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី មាន​មនុស្ស​ពីរ​នាក់​បាន​ចង​អង្រឹង​ដេក​ក្នុង​នោះ​។

ហើយ​ក៏​ត្រូវ​មែក​គគីរ​ធំ​មួយ​បាន​បាក់​ធ្លាក់​មក​សង្កត់ពីលើ​បណ្តាល​ឲ្យ បាក់​រោង​យាម និង​បង្ក​ឲ្យ​មនុស្ស​ពីរ​នាក់​ដែល​ដេក​ក្នុង​នោះ​បាន​រង​របួសធ្ងន់​។ បុរស​ពីរ​នាក់​ដែល​ជួប​ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ច័ន្ទ មូ​យូ​ជិះ ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ឆ្លូង និង​ម្នាក់​ទៀត​ឈ្មោះ លី ម៉េ​ង ជា​មន្ត្រី​យោធា​ស្រុក​ឆ្លូង​។
យ៉ាងណា​ក៏​ដោយ​ជាមួយនឹង​ហេតុការណ៍​នេះ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មិន​បាន​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ដោយ​ជន​រង​គ្រោះ​ទាំង​ពីរ​ត្រូវ​សមត្ថកិច្ច បាន​គាស់​ចេញពី​ក្នុង​រោង​ស័ង្កសី​ដែល​ត្រូវ​បាក់ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឆ្លូង​ភ្លាម​ៗ​។

ជាមួយនឹង​ហេតុការណ៍​បាក់​មែកឈើ​ចំ​ពីលើ​រោង​សង្កត់​មនុស្ស​បណ្តាល​ឲ្យ​រង​របួស​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​សភាព​ភ័យ​តក់ស្លុត តែបើ​ចំពោះ​អ្នក​រកស៊ី​ដឹកឈើ​វិញ បាន​សម្តែង​ការ​សប្បាយចិត្ត​ទៅ​វិញ ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា រោង​ឈើ​ដែល​រង​ការ​ធ្លាក់​មែកឈើ​បាក់​សង្កត់​មនុស្ស​នេះ​ជា​រោង​កុងត្រូលជជុះ ហើយ​ការ​បាក់​សង្កត់ ក៏​ដោយសារ​តែ​រង​ការ​ជេ​បណ្តាសា​ពី​អ្នកស្រុក និង​អ្នក​រកស៊ី​ដឹកឈើ​ដែរ​៕