ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុន​វិនិយោគ​លើវិស័យ​សំណង់​ក្នុងឆ្នាំនេះ​មាន​ជាង ​៥ ​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ​ជាង​ ៣១%​ ពី​ឆ្នាំ​ ២០២០

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​ នៅ​ថ្ងៃ​ទី​ ៣០ ​ធ្នូ​ ឆ្នាំ ២០២១…

រាជធានី​ភ្នំពេញ ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​ នៅ​ថ្ងៃ​ទី​ ៣០ ​ធ្នូ​ ឆ្នាំ ២០២១ នេះ បាន​បង្ហាញ​ពី​ទិន្នន័យ​សំណង់​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៤ ៣០៣​ គម្រោង​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ជាង​ ១២ ​លាន​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន ជាង ​៥.៣៣៣ ​លាន​ដុល្លារ​អា​មេ​រិ​ក ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ​២០២០ ​ថយ​ចុះ​ជាង​ ៣១% ។

របាយការណ៍​បាន​បញ្ជាក់​ថា ​នៅ​ក្នុង​គម្រោង​វិនិយោគ​សរុប​ខាងលើ មាន​ចំនួន ​៣៨៨ ​គម្រោង​ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន​ជាង​១០​ លាន​ម៉ែត្រការ៉េ ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​ក្រសួង​រៀបចំ​ដែនដី ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ប្រមាណ ​៤.២១៨ ​លាន​ដុល្លារ​អា​មេ​រិ​ក​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២០​ ថយ​ចុះ​ជាង​ ៣៦% ​។ ចំណែក​សមត្ថកិច្ច​រដ្ឋបាល​រា​ធានី ខេត្ត មាន​ចំនួន ​៣.៩១៥​ គម្រោង​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ជាង ​២,៥ ​លាន​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ជាង ​១.១១៤ ​លាន​ដុល្លារ​អា​មេ​រិ​ក​ បើ​ប្រៀ​បៀ​ប​និង​ឆ្នាំ ​២០២០ ​កើនឡើង​ជាង​ ១%​ ។

អ្នក​អភិវឌ្ឍន៍​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​ក្នុងស្រុក ថា ​ការ​ធ្លាក់​ចុះ​នៅ​គម្រោង​សាងសង់​ និង​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ជាង ​៣១% ​នៅ​ឆ្នាំ​ ២០២១​ នេះ​មិន​បា​នប៉ះពាល់​ទៅ​ដល់​ការ​សម្រេចចិត្ត​របស់​អ្នក​វិនិយោគ​ក្នុង​បោះ​ទុន​បន្ត​ទៀត​នៅ​ក្នុង​វិស័យ​នេះ​ឡើយ ​។ ឆ្នាំ ​២០២២ ​ខាង​មុខ​អ្នក​ពាក់ព័ន្ធ​បាន​សង្ឃឹមថា ​វិស័យ​អចលនទ្រព្យ​នឹង​ងើបឡើង​វិញ​បើ​ប្រៀបធៀប​និង​ឆ្នាំ​ ២០២១ ​នោះ​ ។

​លោក វ៉ា វី​រៈ​ នាយក​ក្រុមហ៊ុន Century 21 Fortuna Investment មាន​ប្រសាសន៍​ថា ទោះបី​គម្រោង​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​ធ្លាក់​ចុះ​ជាង ​៣១% ​ក៍ដោយ វា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ការ​សម្រេចចិត្ត​របស់​អ្នក​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ឆ្នាំ ​២០២២​នោះ​ទេ ។ ​លោក​ថា​ សំខាន់​ឱ្យ​តែ​សេដ្ឋកិច្ច​បើក​ឡើង​វិញ​ការ​វិនិយោគ​នៅ​លើ​វិស័យ​សំណង់ ​និង​អចលនទ្រព្យ​នឹង​មានការ​កើនឡើង​វិញ ​។

លោក ​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​និយាយ​ថា ​ចំនួន​ការ​ចុះបញ្ជី​គម្រោង​ថ្មី​នឹង​មានការ​កើនឡើង​នៅ​ឆ្នាំ​ ២០២២​ នៅ​ពេល​ដែល​ស្ថាន​ភាពល្អ អ៊ីចឹង​ការ​សុំ​ច្បាប់​ចុះ​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នឹង​មានការ​កើនឡើង​នា​ពេល​ខាង​មុខ ​។ លោក​ថា នៅ​ពេល​ណា​ដែល​ស្ថានភាព​កូ​វី​ដ​ ១៩ ​ស្ងប់​នោះ វិស័យ​សំណង់​ និង​អចលនទ្រព្យ​នឹង​ងើបឡើង​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ