ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព ថៅកែ​រោងចក្រ ចង់បាន​ GSP​ ពី​អា​មេ​រិ​ក ខណៈ​ផលិតផល​កាត់ដេរ​នាំទៅ​ទីផ្សារ​មហាអំណាច​នេះ​កើនឡើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ស្រប​ពេល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក​មាន​ជាង​ ៧០០៧​ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង ​៤០%​ ក្នុង​រយៈពេល ​១១ ​ខែ​ឆ្នាំ​…

រាជធានី​ភ្នំពេញ ​៖​ ស្រប​ពេល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក​មាន​ជាង​ ៧០០៧​ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង ​៤០%​ ក្នុង​រយៈពេល ​១១ ​ខែ​ឆ្នាំ​ ២០២១ គេសង្កេត​ឃើញ​ថា​ ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​ទៅ​ទីផ្សារ​ប្រទេស​សេរី​មួយ​នេះ កំពុង​មាន​កំណើន​ល្អ ពិសេស​ផលិតផល​ធ្វើ​ដំណើរ (Travel goods) ខណៈ​បណ្តា​ប្រទេស​ផលិត ជា​ច្រើន​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​គ្មាន​ឱកាស​ក្នុង​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក ដូច​កម្ពុជា​នោះ ​។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC)​ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក របស់​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​លេខ ​១ ទាំង​មុខទំនិញ​សម្លៀក​បំពាក់ ស្បែកជើង ​និង​ផលិត​ធ្វើ​ដំណើរ ​(Travel goods )​ ។ នៅ​ក្នុង​នោះ​ផលិតផល​ដែល​មាន​កំណើន​ល្អ​ជាងគេ​គឺ Travel goods​ ។

អគ្គលេខាធិការ​រង GMAC បញ្ជាក់​ថា ផលិតផល​ធ្វើ​ដំណើរ ជា​គោលការណ៍​គឺ​ស្ថិត​នៅ​ក្នុង​បញ្ជី​ផលិតផល​ដែល​ទទួល​បានការ​អនុ គ្រោះ​ពន្ធ​ក្រោម​ប្រព័ន្ធ​ GSP គ្រាន់តែ​ថា ​កម្មវិធី ​GSP​ មិន​ទាន់​ត្រូវ​បាន​អនុម័ត​ឡើង​វិញ ​។ «យើង​សង្ឃឹមថា​ សហរដ្ឋអាមេរិក​ នឹង​អនុម័ត​ GSP ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ ​២០២២ ​នេះ ​។​ យើង​អាច​មាន​សុទិដ្ឋិនិយម​នៅ​ឆ្នាំ ២០២២ ដែល​ការ​នាំ​ចេញ​របស់​យើង​នឹង​បន្ត​កើនឡើង ប្រហែលជា​កំណើន​មធ្យម​សម្រាប់​សម្លៀក​បំពាក់ និង​កំណើន​ដ៏​ល្អ​សម្រាប់​ទំនិញ​ធ្វើ​ដំណើរ​» ​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​សង្កេត​ឃើញ​ថា​ ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ការ​នាំ​ចេញ​ផលិតផល​ធ្វើ​ដំណើរ​ទៅ​អា​មេ​រិ​ក​កើនឡើង​ដោយសារ​សហរដ្ឋអាមេរិក បាន​ដាក់​បញ្ចូល​ផលិតផល​ធ្វើ​ដំណើរ​នេះ ទៅ​ក្នុង​ប្រព័ន្ធ អនុគ្រោះ​ពន្ធ GSP ​ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ចូល​ទៅ​ទីផ្សារ​ដោយ​រួច​ពន្ធ​ ។

លោក​បាន​បញ្ជាក់​ថា «​សមាគម​និយោជក ​ឬ​និយោជក​នា​ពេល​សព្វ​ថ្ងៃនេះ​គាត់​សង្ឃឹម​ ៩៥% ​ថា ​អា​មេ​រិ​ក​នឹង​ផ្តល់​ប្រព័ន្ធ​អនុ គ្រោះ​ពន្ធ​ GSP ​នេះ​ឲ្យ​កម្ពុជា​វិញ​ ។​ ការ​ទទួល​បាន ​GSP ​វិញ នឹង​ផ្តល់​មក​វិញ​នូវ​ទឹកប្រាក់​ដែល​ពួក​គេ​បាន​បង់ពន្ធ​រួច​ក្នុង​រយៈពេល​ ១ ​ឆ្នាំ ​នោះ​មក​វិញ ។ ​អ៊ីចឹង​គេ​សង្ឃឹមថា នឹង​បាន​ប្រាក់​ចំណូល​មក​វិញ ដោយសារ​តែ​ប្រព័ន្ធ​ GSP ដែល​អា​មេ​រិ​ក បាន​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទៅ​ដល់​ប្រទេស​ជាង​ ១០០​ លើ​ពិភពលោក​»​ ។ ប៉ុន្តែ​កម្ពុជា​សម្រាប់​កម្ពុជា​លោក អាត់ ធន់ នៅ​មិន​ទាន់​ប្រាកដ​ថា​សហរដ្ឋអាមេរិក​នឹង​ផ្តល់ GSP​ វិញ​ ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​នៅ​ពេល​ចុង​ក្រោយ​នេះ​ស្ថានភាព​ទំនាក់ទំនង​ការទូត​កម្ពុជា​អា​មេ​រិ​ក​មាន​បញ្ហា ​។

យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា​ គិត​ត្រឹម​រយៈពេល ​១១ ​ខែ​ឆ្នាំ​ ២០២១​ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក​មាន​ទឹកប្រាក់​ជាង ​៧០០៧​ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង ​៤០% ​បើ​ធៀប​និង​ឆ្នាំ​ ២០២០ ហើយ​នៅ​ក្នុង​ការ​នាំ​ចេញ​កើនឡើង​ជាង ​៤០,៥១%​ និង​នាំ​ចូល​កើនឡើង ៤៧,៧៥%​ បើ​ធៀប​ និង​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ