ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​មក​រក​ការងារ​នៅ​ភ្នំពេញ អ្នកស្រី យិ​ន ផ​ល្លី​តាំងចិត្ត​ថា ការងារអ្វី​ក៍​ធ្វើ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយសារ​នៅ​ស្រុក​កំណើត​គ្មាន​ដីស្រែ​ចម្ការ​ធ្វើ​នឹង​គេ ជីវភាព​របស់​គាត់​មានការ​លំបាក​ខ្លាំង ទើប​នៅ​ឆ្នាំ​ ២០២១ អ្នកស្រី យិ​ន ផ​ល្លី ដែល​មាន​ស្វាមី…

រាជធានីភ្នំពេញ ៖ ដោយសារ​នៅ​ស្រុក​កំណើត​គ្មាន​ដីស្រែ​ចម្ការ​ធ្វើ​នឹង​គេ ជីវភាព​របស់​គាត់​មានការ​លំបាក​ខ្លាំង ទើប​នៅ​ឆ្នាំ​ ២០២១ អ្នកស្រី យិ​ន ផ​ល្លី ដែល​មាន​ស្វាមី ​និង​កូន​ទៅ​ហើយ​នោះ បាន​សុំ​ប្តីដើម្បី​មក​រក​ការងារ​ធ្វើ​នឹង​គេ​នៅ​ភ្នំពេញ ​។ ការ​ចាក​ចេញពីផ្ទះ​មក​ភ្នំពេញ អ្នកស្រី​បាន​តាំងចិត្ត​ថា ធ្វើ​អ្វី​ក៍​ធ្វើ​ឲ្យ​តែ​បាន​ប្រាក់​ផ្ញើរ​ទៅ​កូន ​និង​ស្វាមី លើកលែងតែ​ម្យ៉ាង​ គឺ​របរ​លក់ខ្លួន​មិន​ធ្វើ​ឡើយ​ ។

មាន​អាយុ​ជាង​ ៤០ ​ឆ្នាំ បច្ចុប្បន្ន​អ្នកស្រី យិ​ន ផ​ល្លី ជា​អ្នកលក់​នំ​បញ្ចុក​តាម​ចិ​ញ្ជើ​ម​ផ្លូវ​ម្នាក់ នៅ​ម្តុំ​សង្កាត់​ផ្សារ​ថ្មី​ ១ ដែល​ទទួល​បាន​អតិ​ថ​ជន​យ៉ាងច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ​ ។ ឆ្លៀតពេល​ទំនេរ​ពី​ការ​លក់ដូរ អ្នកស្រី​ឲ្យ​ដឹង​ថា ​ទំ​រាំ​បាន​អង្គុយ​លក់​នំ​បញ្ចុក​នៅ​មួយ​កន្លែង​ដូច្នេះ អ្នកស្រី​បាន​ឆ្លងកាត់​ការងារ​ជា​ច្រើន នៅ​ពេល​ធ្វើ​ចំណាកស្រុក​ចូល​ទីក្រុង​ពី​ឆ្នាំ ​២០១២ ​មក​នោះ​ ។ អ្នកស្រី​បាន​ដំណាល​ឲ្យ​ដឹង​ថា ពី​ឆ្នាំ ​២០១២ ​មក គាត់​ធ្លាប់​ធ្វើ​ការងារ​ជា​អ្នក​លាងចាន​នៅ​ហាង​គុយទាវ បន្ទាប់​មក​រែក​នំ​បញ្ចុក​លក់​តាម​ផ្លូវ​គ្រប់​ច្រកល្ហក​កណ្តាល​ក្រុងភ្នំពេញ ​។

អ្នកស្រីមានស្រុក​កំណើត នៅ​ស្រុក​ឈូក ខេត្តកំពត អ្នកស្រី​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ទៅ​ដល់​ក្រុងភ្នំពេញ​ដំបូង​ៗ ខ្ញុំ ​និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត បាន​នាំ​គ្នា​ដើរ​ស្វែងរក​ការងារ​ធ្វើ​ដោយ​មិន​ប្រកាន់​ការងារ​អ្វី​ឡើយ​ឲ្យ​តែ​បាន​លុយ​ចិញ្ចឹម​ប្តី​ និង​កូន​នៅ​ឯ​ស្រុក លើកលែងតែ​ការងារ​លក់ខ្លួន​គាត់​មិន​ប្រព្រឹត្តិ​នោះ​ទេ ។ ថ្ងៃមួយ​ខ្ញុំ​បាន​ដើរមក​ម្តុំ​ផ្សារ​អូរ​ឫស្សី​ឃើញ​ហាង​គុយទាវ​មួយ​កន្លែង ក៍​ចូល​សូម​ថៅកែ​ធ្វើការ​ ។ ជា​ចៃដន្យ​ហាង​នោះ​កំពុង​ត្រូវការ​អ្នក​លាងចាន ជា​ឱកាស​ដែល​ខ្ញុំ​បានការ​ងារ​ធ្វើ​ចាប់ពី​ពេល​នោះ​មក​ ។

អ្នកស្រី ផ​ល្លី ថា​គាត់​បាន​ធ្វើ​ជា​អ្នក​លាងចាន​បាន​ជាង ​៣ ​ឆ្នាំ ​។ ការងារ​លាងចាន​គុយទាវ គឺ​មិន​បាន​សល់​លុយកាក់​ធំដុំ​ដើម្បី​ផ្ញើ​ឲ្យ​ប្តី​ និង​កូន​នោះ​ទេ ។ មាន​ខែ​ខ្លះ​អ្នកស្រី​មិនហ៊ាន​ទុក​លុយ​ចាយ​ខ្លួនឯង​ឡើយ ដើម្បី​បាន​ប្រាក់​ផ្ញើ​ទៅ​ប្តី​ និ​ងកូន​ ។ អ្នកស្រី​បាន​រំលឹក​ថា មាន​ថ្ងៃមួយ​ក្រោយ​ពី​ទំនេរ​ការងារ​លាងចាន ស្រាប់​ប្រទះ​ឃើញ ស្រី្ត​ម្នាក់​ដែល​នៅ​ស្រុក​ក្បែរ​គ្នា​កំពុង​រែក​នំ​បញ្ចុក​លក់ ឃើញ​ដូច្នេះ​អ្នកស្រី បាន​រត់​កាត់​ថ្នល់​ដើម្បី​ជួប​អ៊ំ​ស្រី​អ្នក​ជិតខាង​នោះ សួរសុខទុក្ខ​គ្នា​ហើយក៍​ជា​ឱកាស​ដែល​គាត់​បាន​ផ្តើម​មុខរបរ​ថ្មី​គឺ​រ៉ែ​ក​នំ​បញ្ចុក​លក់ តាម​ការ​ណែនាំ​ពី អ្នក​ភូមិ​រូប​នោះ​ ។

អ្នកស្រី​បាន​ផ្តើម​របរ​លក់​នំ​បញ្ចុក​ជាមួយ​លុយ ​១០ ​ម៉ឺន​រៀល​ដែល​ថៅកែ​ហាង​គុយទាវ​ផ្តល់​ឲ្យ​អ្នកស្រី​ពេល​ឈប់​ពី​ការងារ​ចុង​ក្រោយ ​។ បើសិនជា​មិន​បាន​ជួប​អ៊ំ​ស្រី​ខាងលើ​នោះ​ទេ ខ្ញុំ​ប្រាកដជា​នៅ​តែ​លាងចាន​មក​ដល់​នេះ​ទៅ​ហើយ ​។ ក្រោយ​ពី​ដើរ​រែក​លក់​ចល័ត​ទៀត​បាន​ច្រើន​ឆ្នាំ​មក ខ្ញុំ​បាន​មក​សុំ​ចិញ្ចើមថ្នល់​ផ្លូវ​លេខ ​១៣៦ ​កែង​ផ្លូវ​ ៦៣ ខាងត្បូង​ផ្សារ​ធំ​ថ្មី​នេះ ដើម្បី​លក់​ជា​ប្រចាំ​នៅ​ពេល​ព្រឹក​នៅ​រយៈពេល​ចុង​ក្រោយ​នេះ ​។ ការ​លក់​នៅ​មួយ​កន្លែង​នេះ វា​ធូរ​កម្លាំង​ជាង​រ៉ែ​ក​ដើរ​លក់​ ។ អ្នកស្រី ផ​ល្លី រៀបរាប់ ។

ចាប់​ម៉ោង ​៦ ​ព្រឹក​ភ្ញៀវ​និយម​ទទួលទាន​នំ​បញ្ចុក អ្នកស្រី​តែងតែ​មក​អង្គុយ​ហូប​នំ​បញ្ចុក​របស់​គាត់​ជា​ហូរ​ហែ មាន​អ្នកខ្លះ​ទៀត​ទិញ​ខ្ចប់​យក​ទៅ​ផ្ទះ​ទៀត​ផង​ ។​ នំ​បញ្ចុក​របស់​គាត់​លក់​មិន​កំណាច់​បន្លែ​នោះ​ទេ ។ បន្លែ​មាន​គ្រប់មុខ​មិន​ខ្វះ​ឡើយ ភ្ញៀវ​ចង់ដាក់ ចង់​ថែមបន្លែ​បែប​ណា​ដាក់​តាម​ចិត្ត​ចង់ ​។ ប្រការ​នេះ​ជា​ការ​ទាក់ទាញ​អ្នក​ទទួលទាន​ផង​ដែរ ពីព្រោះ​សម័យនេះ គេ​និយម​ទទួលទាន​បន្លែ​ ។ រីឯ​គ្រឿងផ្សំ​សម្លរ​វិញ ត្រូវ​បាន​អ្នក​ទទួលទាន​សរសើរ​ថា ​មិន​ចាញ់​នំ​បញ្ចុក​ដែល​គេ​លក់​ក្នុង​ហាង​នោះ​ឡើយ​ ។

អ្នកស្រី យិ​ន ផ​ល្លី បាន​ឲ្យ​ដឹង​បន្ត​ថា កាលពី​សម័យ​កូ​វី​ដ ​១៩ ​ឆ្លង​ខ្លាំង គាត់​លក់​រក​ថ្លៃដើម​មិនឃើញ​នោះ​ទេ មាន​ន័យ​ថា ​ខាត​ស្ទើរ​រាល់ថ្ងៃ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គាត់​លក់​មួយ​ព្រឹក​អស់​នំ​បញ្ចុក​ជិត ​២០ ​គីឡូក្រាម​ដែរ កាត់កង​ថ្លៃ​នំ ថ្លៃ​បន្លែ​អាច​រក​ចំណេញ​បាន​ពី ​៥​ ម៉ឺន​ទៅ​ ៧ ​ម៉ឺន​រៀល​ដែរ ។

អ្នក​ខេត្តកំពត​រូប​នេះ និយាយ​ថា រាល់​ខែ​គាត់​កំពុង​សន្សំ​សំចៃ​លុយកាក់ ក្រៅពី​ការ​ចំណាយ​ផ្គត់ផ្គង់​ប្តី​ និង​កូន​ហើយ ទុក​សម្រាប់​សង់ផ្ទះ​ជា​ជម្រក​ឲ្យ​បាន​សមរម្យ​ ។ កំពុង​សន្សំ​លុយ​នេះ អ្នកស្រី​អះអាង​ថា​ នឹង​ខិតខំ​ធ្វើ​ឲ្យ​នំ​បញ្ចុក​របស់​គាត់​កាន់តែ​ឆ្ងាញ់ ទទួល​បានការ​គាំទ្រ​ច្រើន ទើប​ឆាប់​សម្រេច​បាន​គោលបំណង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ